កូនប្រុស​នាយករដ្ឋមន្ត្រី​បដិសេធ​រឿង​ចោទថា មាន​លុយ​១០០​លាន​ដុល្លារ​ក្នុង​ធនាគារ​មួយ​របស់​អាម៉េរិក​

826
ចែករម្លែក

ដោយៈមុនីរ័ត្ន/ភ្នំពេញៈ លោក​ហ៊ុន ម៉ានិត កូនប្រុស​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បដិសេធ​ចំពោះ​ព័​ត៍​មាន​ដែល​បាន​ផ្សព្វផ្សាយ​នៅតាម​បណ្តាញ​សង្គម​ថា លោក​នឹង​ប្អូនស្រី មាន​លុយ​១០០​លាន​ដុល្លារ​ក្នុង​ម្នាក់ នៅក្នុង​ធនាគារ​មួយ​របស់​អាម៉េរិក គឺជា​ព័​ត៌មាន​មិន​ពិត និង​បង្កើតឡើង​ដោយ​ក្រុមប្រឆាំង​ក្នុង​គោលបំណង​បង្ខូចឈ្មោះ លាប​ពណ៌ បង្កើតជា​ការសង្ស័យ​ពីសារ​ធា​រណ​ជន​។


​លោក​ហ៊ុន ម៉ានិត បាន​សរសេរ​នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​កនៅ​រសៀល​ថ្ងៃទី​២០ ខែមិថុនា នេះ​ថា “​ថ្មីៗ​នេះ ខ្ញុំ​បានឃើញ​ព័ត៌មាន​ក្លែងក្លាយ​ពាក់ព័ន្ធ​នឹង​គណនី​ធនាគារ​មួយ របស់​អាមេរិក​ដែល​ប្រើ​ទាំង​ឈ្មោះ​ខ្ញុំ ទាំង​ឈ្មោះ​ប្អូនស្រី​ខ្ញុំ ថា​មាន​ទឹកប្រាក់​នៅក្នុង​នោះ​ទៅដល់ ១០០ លាន​ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង​ម្នាក់ៗ​។ ព័ត៌មាន​មិន​ពិត​នេះ​គឺ​បាន​បង្កើតឡើង​ដោយ​ក្រុមប្រឆាំង​ក្នុង​គោលបំណង​បង្ខូចឈ្មោះ លាប​ពណ៌ បង្កើតជា​ការសង្ស័យ ពីសារ​ធា​រណ​ជន​។ អ្នក​ដែល​ចេញ​ព័ត៌មាន​មិន​ពិត​នេះ​មុនគេ គឺ​មកពី​អតីត​គណបក្ស​ព្រះអាទិត្យ​លិច​និង​តំណាង «​ខ្ញុំ​ខ្មែរ​» ឈ្មោះ Tor Nimol”​។


​លោក​ហ៊ុន ម៉ានិត បាន​បញ្ជាក់ថា លោក​កំពុងតែ​ពិចារណា​ថា តើ​គួរប្រើ​នីតិវិធី​ច្បាប់​ជាមួយ​អង្គការ ខ្ញុំ​ខ្មែរ នេះ ឬក៏​ទុកចោល​? ដោយសារ​ករណីបែបនេះ​មិនមែនជា​លើក​ទី​១​ទេ ដែល​កន្លងមក​ក្រុមប្រឆាំង​ប្រើ ព័ត៌មាន​ក្លែងក្លាយ​មកលើ​ក្រុមគ្រួសារ​ខ្ញុំ​ជា​បន្តបន្ទាប់ អស់ពី​រឿង​មួយ​ទៅ​រឿង​មួយទៀត ដែល​ខ្ញុំ​ក៏មាន​ការកោតសរសើរ​ចំពោះ​ក្រុម​នេះ​ថា​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ប្រហែលជា​គិតថា​ចំណុច​អ្វីខ្លះ គួរតែ​ចាក់រុក​៕​

ទាក់ទង​ករណីនេះ លោក​ជា និច្ច ប្រធាន​អង្គការ​ខ្ញុំ​ខ្មែរ បាន​បដិសេធថា ឈ្មោះ Tor Nimol មិនមែនជា​សមាជិករ​បស់​អង្គការ ខ្ញុំ​ខ្មែរ នោះទេ ហើយ​អត់​មាន​ពាក់ព័ន្ធ​ជាមួយ​អង្គការ​របស់លោក​ទេ។ វា​ជា​រឿង​បុគ្គល​។​
ប្រធាន​អង្គការ​ខ្ញុំ​ខ្មែរ បាន​​បញ្ជាក់ប្រាប់​រស្មី​កម្ពុជា នៅ​រសៀល​ថ្ងៃទី​២០ ខែមិថុនា នេះ​ថា “​ឈ្មោះ តោ និមល (Tor Nimol) នេះ មិនមែនជា​សមាជិក ខ្ញុំ​ខ្មែរ ទេ ហើយ​អ្នកណា​ពាក់អាវ ខ្ញុំ​ខ្មែរ ទៅធ្វើ​ចឹ​ង ខ្ញុំ​អត់​មាន​ការធានា​ខុសត្រូវ​ទេ ពីព្រោះ​មិនមែន​ខ្ញុំ​ជា​អ្នកធ្វើ​ឯណា ជា​រឿង​បុគ្គល ហើយ​ខ្ញុំ​មិនដែល​បង្ហាត់​អ្នកណា​ឲ្យ​មក​ជេរ​ប្រទេសជាតិ​ទេ​ ហើយ​មនុស្ស​នឹង​អត់​មាន​ពាក់ព័ន្ធ​ជាមួយ​អង្គការ ខ្ញុំ​ខ្មែរ ទេ​។​”​៕សរន

#