កូនភ្លោះ​ជាប់​គ្នា​ស្លាប់​ហើយ​នៅ​ទីក្រុង​សា​អា​ណា​ដែល​ត្រូវ​រាំងខ្ទប់​

355
ចែករម្លែក

​កូនភ្លោះ​ជាប់​គ្នា​ដែល​ស្ថានភាព​របស់​ពួក​វា​នាំអោយ​មាន​ការអំពាវនាវ​នាំយក​ទៅ​ព្យាបាល​នៅ​បរទេស​ជាបន្ទាន់ បាន​ស្លាប់​កាលពី​ថ្ងៃ​សៅរ៍​ទី​៩​កុម្ភៈ នេះ​បើ​តាម​ក្រុម​ឧទ្ទាម​​នៅក្នុង​ទីក្រុង​សា​អាណា ប្រទេស​យេ​ម៉ែន ដែល​កំពុង​ស្ថិត​ក្រោម​កា​រ​ឡោមព័ទ្ធ​។​

Abdelkhaleq និង​Abdelrahim បានកើត​កាលពី​២​សប្តាហ៍​មុន និង​មាន​ក្រលៀន​និង​ជើង​ជាប់​គ្នា តែ​មាន​បេះដូង​និង​សួត​ផ្សេងគ្នា​។​

​គ្រូពេទ្យ​នៅ​ក្រុង​សា​អាណា បាន​និយាយថា មន្ទីរពេទ្យ​ខ្វះ​កន្លែង​ព្យាបាល ឬ​វះ​បំបែក​ពួកវា ហើយ​កាលពី​ថ្ងៃ​ពុធ​បាន​អំពាវនាវ​អោយ​មាន​ជំនួយ​ពី​បរទេស​។​

​ពួក​ឧទ្ទាម​Houthi ដែល​កំពុង​វាយ​ប្រយុទ្ធ​ជាមួយ​កងកម្លាំង​រដ្ឋាភិបាល​គាំទ្រ​ដោយ​អា​រ៉ាប៊ី សា​អូឌីត បន្ទោស​ក្រុមចំរុះ​យោធា​ចំពោះ​ការស្លាប់​របស់​កូនភ្លោះ​នេះ ដោយសារតែ​មិន​​ព្រម​បើក​អាកាសយានដ្ឋាន​ក្រុង​សា​អាណា​ដើម្បី​នាំ​ពួក​វា​ទៅ​ព្យាបាល​នៅ​បរទេស​។​

​សូមបញ្ជាក់​ថា បណ្តា​តំបន់​គ្រប់គ្រង​ដោយ​ពួក​ឧទ្ទាម​យេ​ម៉ែន បាន​ស្ថិតក្រោម​ការ​រាំងខ្ទប់​ពី​កងកម្លាំង​ចំរុះ​ដឹកនាំ​ដោយ​អា​រ៉ាប៊ីសាអូឌីត ចាប់តាំងពី​ខ្លួន​បាន​ចូល​អន្តរាគមន៍​​ដើម្បី​គាំទ្រ​រដ្ឋាភិបាល​កាលពី​ខែ​មីនា ឆ្នាំ​២០១៥​។​សេវា​សុខភាព​បាន​ដួលរលំ នៅពេល​ជម្លោះ​អូសបន្លាយ​និង​បណ្តា​មន្ទីរពេទ្យ​មិន​មាន​គ្រឿង​បរិក្ខា​ឬ​ឱសថ​គ្រប់គ្រាន់​និង​មិន​មាន​​អ្នក​ឯក​ទេ​សំរាប់​ព្យាបាល​ទេ​។​

​ចាប់តាំងពី​ឆ្នាំ​២០១៥ មនុស្ស​ប្រមាណ​១០.០០០​នាក់​ត្រូវបាន​សម្លាប់ និង​ជាង​៦០.០០០​នាក់​រងរបួស​នៅក្នុង​ជម្លោះ ភាគច្រើន​ជា​ជន​ស៊ីវិល​៕​ដោយ​៖​វាសនា​