កូនស្រីរបស់ប្រ៊ូសលីប្តឹងក្រុមហ៊ុនបណ្តាញអាហារចិនពីបទប្រើរូបភាពឪពុកខ្លួនដោយគ្មានការអនុញ្ញាត

227
ចែករម្លែក

ក្រុមហ៊ុនមួយដែលគ្រប់គ្រងដោយកូនស្រីរបស់ប្រ៊ូស លីបានប្តឹងក្រុមហ៊ុនអាហាររហ័សមួយរបស់ចិនពីបទប្រើរូបភាពរបស់តារាក្បាច់គុនកុងហ្វូរូបនេះដោយគ្មានការអនុញ្ញាត។

ក្រុមហ៊ុន Bruce Lee Enterprises របស់លោកស្រីសានណុន លីបានចោទប្រកាន់ក្រុមហ៊ុនបណ្តាញភោជនីយដ្ឋាន Kungfu Catering Management ពីបទប្រើប្រាស់រូបភាពឪពុករបស់ខ្លួននៅក្នុងឡូហ្គោរបស់ភោជនីយដ្ឋានអស់រយៈពេល ១៥ ឆ្នាំដោយមិនបានបង់ថ្លៃកម្មសិទ្ធិបញ្ញា។

បណ្តាញលក់ម្ហូបអាហាររហ័សនេះបានឆ្លើយតបកាលពីថ្ងៃព្រហស្បតិ៍ទី២៦ធ្នូដោយនិយាយថាឡូហ្គោរបស់ខ្លួនទទួលបានការអនុញ្ញាតជាយូរមកហើយពីអាជ្ញាធរចិន។

ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយបង្ហោះនៅលើបណ្តាញសង្គម Weibo ថា “យើងមានការភ័ន្តភាំងដែលយើងត្រូវបានប្តឹងនៅច្រើនឆ្នាំក្រោយមក។ យើងកំពុងសិក្សាករណីនេះយ៉ាងសកម្មនិងត្រៀមឆ្លើយតប”។

យោងតាមវេបសាយ sina.com របស់ចិនបានឱ្យដឹងថា លោកស្រីសានណុន លីបានស្នើសុំឱ្យក្រុមហ៊ុនបណ្តាញអាហារនេះបញ្ឈប់ការប្រើប្រាស់រូបភាពឪពុករបស់ខ្លួនជាបន្ទាន់ បញ្ជាក់ ៩០ ថ្ងៃជាប់គ្នាថាក្រុមហ៊ុននេះមិនមានសិទ្ធិអ្វីប្រើរូបប្រ៊ូសលីឡើយ និង ត្រូវបង់ប្រាក់សំណងចំនួន ២១០ លានយ័ន (ជាង៣០លានដុល្លារ)។

ក្រុមហ៊ុនភោជនីយដ្ឋាននៅក្វាងចូវ ដែលគេស្គាល់ថា Real Kung Fu នេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩០។ ចាប់តាំងពីឆ្នាំ ២០០៤ ឡូហ្គោរបស់ខ្លួនបានបង្ហាញរូបភាពបុរសសក់ខ្មៅមួយរូបបញ្ចេញក្បាច់កុងហ្វូ ដែលមើលទៅដូច ប្រ៊ូស លី។

យោងតាមប្រព័ន្ធផ្សព្វផ្សាយចិនបានឱ្យដឹងថា ស្ថាបនិកក្រុមហ៊ុននេះនិយាយថា ខ្លួនមានហាងជាង ៦០០ នៅទូទាំងប្រទេសចិន ដែលមានតម្លៃសរុបជាង ៥ ពាន់លានយ័ន។

ក្រុមហ៊ុនបានជាប់ចំណាត់ថ្នាក់មួយក្នុងចំណោមក្រុមហ៊ុនអាហាររហ័សលំដាប់កំពូលទាំង ១០ នៅក្នុងប្រទេសចិនកាលពីឆ្នាំមុននៅក្នុងបញ្ជីដែលចេញដោយសមាគមអាហារចិន៕ ដោយ៖ កញ្ញាដាលីស

ក្រុមហ៊ុនបណ្តាញភោជនីយដ្ឋាន Kungfu Catering Management ឬ Real Kung Fu ត្រូវបានកូនស្រីប្រ៊ូសលីប្តឹងទារជាង៣០លានដុល្លារពីប្រើប្រើរូបឪពុកខ្លួនដោយគ្មានការអនុញ្ញាត