កូនស្រី​ពូ​ទីន​បង្ហាញមុខ​លើ​កញ្ចក់​ទូរទស្សន៍​រដ្ឋ​ជា​លើកដំបូង ទោះបី​រុស្ស៊ី​ហាមឃាត់​ការផ្សាយ​អំពី​ជីវិត​ឯកជន​របស់​ប្រធានាធិបតី​

1428
ចែករម្លែក
  • 83
    Shares

​ការហាម​និយាយ​ប៉ះពាល់​ជិត ២០ ឆ្នាំ​នៅក្នុង​ប្រព័ន្ធ​ព័ត៌មាន​រុស្ស៊ី​អំពី​ជីវិត​ផ្ទាល់ខ្លួន​របស់​ប្រធានាធិបតី​លោក​វ្ល៉ា​ឌី​មៀរ ពូ​ទីន ហាក់​មានការ​បន្ធូរបន្ថយ​បន្តិច ជាមួយ​បទសម្ភាសន៍​មួយ​ផ្សាយ​តាម​ទូរទស្សន៍​រដ្ឋ​ជាមួយ​ស្ត្រី​ម្នាក់​ដែល​គេ​ពណ៌នា​ថា​ជា​កូនស្រី​របស់គាត់​។​

​បទសម្ភាសន៍​នេះ​បានលើកឡើង​ពី​ភាពទន់ភ្លន់​មួយចំនួន​នៃ​រូបភាព​មាំ​ដូច​ដែកថែប​របស់​លោកពូ​ទីន និង​ការរំពឹងទុក​ថា កូនស្រី​ពេញវ័យ​២​នាក់​របស់គាត់​ប្រហែលជា​ធូរស្រាល​ក្នុង​ជីវិត​សាធារណៈ​។​

​ប្រទេស​រុស្ស៊ី​មិនមាន​ប្រពៃណី​បង្ហាញ​ក្រុមគ្រួសារ​ថ្នាក់ដឹកនាំ​កំពូល​ជា​សាធារណៈ​ឡើយ ហើយ​មេដឹកនាំ​សូ​វៀត​និង​ក្រោយ​សម័យ​សូ​វៀតបាន​ប្រើ​វិធីសាស្ត្រ​ជាច្រើន​ដើម្បី​ការពារ​ភាព​ឯកជន​។ លោកពូ​ទីន​ដែលជា​អតីត​ចារកម្ម ភាគច្រើន​គឺ​ទុក​កូនស្រី​របស់គាត់​មិន​ឱ្យគេ​ឃើញ​ទេ​។​

​គាត់​បាន​និយាយ​ម្តងម្កាល​អំពី​ក្តី​ស្រឡាញ់​របស់គាត់​ចំពោះ​កូនស្រី ហើយ​កាលពី​ឆ្នាំមុន​គាត់​បានប្រកាសថា​គាត់​ក្លាយជា​ជីតា​គេ​។​

​ទោះយ៉ាងណា ក្នុង​រយៈពេល​កាន់អំណាច​របស់ខ្លួន លោកពូ​ទីន​បាន​ទទូចថា​ជីវិត​គ្រួសារ​របស់គាត់​នៅតែ​រក្សា​ភាព​ឯកជន​។ សូម្បីតែ​ទូរទស្សន៍​រដ្ឋ​ក៏​ផ្សាយ​អំពី​ការចំណាយ​ទំនេរ​របស់គាត់​នៅតែ​ម្នាក់ឯង​នៅ​ខាងក្រៅ​ក្នុង​តំបន់​ស៊ី​បេ​រី ដោយ​ឡើង​ភ្នំ​ឬ​ជិះសេះ ដែល​ជួនកាល​ដោះអាវ​ទៀតផង​។​

​កាសែត​រុស្ស៊ី Vedomosti បាន​រាយការណ៍​ថា បទសម្ភាសន៍​ដែល​បាន​ចាក់ផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ (​ទី​៦​ធ្នូ​) និង​ត្រូវបាន​ចាក់ផ្សាយ​ឡើងវិញ​កាលពី​ថ្ងៃ​សុក្រ គឺជា​បទសម្ភាសន៍​លើកទីមួយ​ជាមួយ​នារី​ម្នាក់​ឈ្មោះ កា​ធឺ​រី​ណា ធី​ខូ​ណូ​វ៉ា (Katerina Tikhonova)​។​

​នាង​ត្រូវបាន​រាយការណ៍​យ៉ាង​ទូលំទូលាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​រុស្ស៊ី​និង​លោកខាងលិច​ថា​ជា​កូនស្រី​ពៅ​របស់​ប្រធានាធិបតី បើទោះបីជា​លោកពូ​ទីន​មិនដែល​ទទួលស្គាល់​ជា​សាធារណៈ​ចំពោះ​រឿងនេះ​ក៏ដោយ​។​

​នៅក្នុង​កម្មវិធី​ផ្សាយ​នោះ នាង​ធី​ខូ​ណូ​វ៉ា​ត្រូវបាន​សួរ​អំពី​ការងារ​របស់​នាង​ជា​នាយក​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​។ កម្មវិធី​នេះ​បាន​រៀបរាប់​ពី​ក្រុម​អ្នកវិទ្យាសាស្ត្រ​ដែល​កំពុង​អភិវឌ្ឍ​ឧបករណ៍​ដែល​មើល​ដឹង​ពី​រលក​ខួរក្បាល​។​

​កម្មវិធី​ផ្សាយ​នោះបាន​ចាត់ទុក​ការស្រាវជ្រាវ​នេះ​ជា​របកគំហើញ​ថ្មី​និង​សំខាន់​សម្រាប់​បច្ចេកវិជ្ជា​រុស្ស៊ី ដោយ​លើកឡើង​ពី​តួនាទី​ថ្មី​របស់​នាង​ធី​ខូ​ណូ​វ៉ា​ក្នុងនាម​ជា​អ្នកគាំទ្រ​មុតមាំ​លើ​ផ្នែក​វិទ្យាសាស្ត្រ​រុស្ស៊ី​។​

​លោកស្រី នី​ណា គ្រូ​ស​ឆេ​វ៉ា (Nina Khrushcheva) សាស្ត្រាចារ្យ​កិច្ចការ​អន្តរជាតិ​នៅ​សាលា​ថ្មី​នៅ​ញូវយ៉ក​និង​ជា​ចៅស្រី​របស់​អតីត​មេដឹកនាំ​សូ​វៀត លោក​នី​គី​តា គ្រូ​ស​ឆេវ បាន​និយាយ​ក្នុង​កិច្ចសម្ភាសន៍​តាម​ទូរស័ព្ទ​ថា ការបង្ហាញ​ខ្លួន​នាង​នៅលើ​កញ្ចក់​ទូរទស្សន៍​រដ្ឋ​បានបង្ហាញ​ពី​តួនាទី​សាធារណៈ​ដ៏​មាន​សក្តានុពល​សម្រាប់​គ្រួសារ​ប្រធានាធិបតី ដែលជា​ប្រធានបទ​រសើប​ក្នុង​វប្បធម៌​នយោបាយ​រុស្ស៊ី​ចាប់តាំងពី​សម័យ​សូ​វៀត​។

​វិមាន​ក្រឹម​ឡាំង​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​អត្តសញ្ញាណ​របស់​នាង​ធី​ខូ​ណូ​វ៉ា​ទេ​។ ក្នុងអំឡុង​កម្មវិធី​ទូរទស្សន៍ នាង​ត្រូវបាន​គេ​ស្គាល់​ថា​ជា “​នាយក​នៃ​អង្គការ Innopraktika និង​ជា​អនុប្រធាន​នៃ​វិទ្យាស្ថាន​សិក្សា​គណិតសាស្ត្រ​នៃ​ប្រព័ន្ធ Complex នៅ​សកល​វិទ្យាល័យ​មូ​ស្គូ​”៕ ដោយ៖ កញ្ញាដាលីស

នាង កា​ធឺ​រី​ណា ធី​ខូ​ណូ​វ៉ា ដែល​គេ​ជឿថា​ជា​កូនស្រី​ពូ​ទីន បានបង្ហាញ​មុខ​លើ​កញ្ចក់​ទូរទស្សន៍​រដ្ឋ​កាលពី​ថ្ងៃ​ព្រហស្បតិ៍