កូនស្រី​របស់​ជែក​គី ចាន ប្រកាស​រៀបការ​ជាមួយ​មិត្តស្រី

1344
ចែករម្លែក

កូនស្រីរបស់កំពូលតារាភាពយន្តហុងកុងលោក ជែកគី ចាន នាងអេតតា ង៉ ដែលមិនត្រូវជាមួយឪពុក បាន​រៀបការហើយ នេះបើតាមសារប្រកាសក្នុងបណ្តាញសង្គមកាលពីថ្ងៃចន្ទទី២៦វិច្ឆិកា។

អេតតា ជាកូនរបស់តារាក្បាច់គុណហុងកុងអាយុ៦៤ឆ្នាំរូបនេះជាមួយអតីតស្រីកំណាន់របស់លោក គឺអធិរាជនីសម្រស់ អេលីន ង៉ ។

រូបបង្ហោះក្នុងបណ្តាញសង្គមបង្ហាញគូស្នេហ៍ភេទដូចគ្នាថើបគ្នាខណៈកំពុងកាន់បណ្ណដែលទំនងជាសំបុត្រអា​ពាហ៍ពិពាហ៍។របាយការណ៍សារព័ត៌មានបានននិយាយថាអ្នកទាំង២បានចុះឈ្មោះរៀបការនៅកាណាដា។

អត្ថបទភ្ជាប់ពីក្រោមរូបបានបន្ថែមថា អ្នកទាំងពីរត្រូវបានរំលោភកាលពីក្មេងដែលមិនដែលស្គាល់ភាពស្រឡាញ់ ដូចជាឃ្លាថា«ពួកយើងបានជម្នះការភ័យខ្លាច ទទួលយកកំហុសរបស់យើង និងឥឡូវយើងយល់ថាមនុស្សដែលបានធ្វើអោយយើងឈឺចាប់នៅតែធ្វើអោយយើងឈឺចាប់ដដែល។ពួកយើងបានរងការឈឺចាប់គ្រប់បែបយ៉ាងតែបើអ្នកអាចសុបិនអំពីសេចក្តីស្រឡាញ់ អ្នកអាចរកឃើញវា»។

នាងអេតតាក៏បានបង្ហោះសារក្នុងគណនីផ្ទាល់របស់ខ្លួនដោយសរសេរថា« ផ្ទះមួយជាគ្រួសារដែលអ្នកអាចជ្រើស​រើស និងជាមួយនឹងគ្រួសារដែលអ្នកជ្រើសរើសអ្នកនឹងមិនឯកោឡើយ។សេចក្តីស្រឡាញ់ខ្លាំងជាងឈាម។គ្មានអ្វីខ្លាំងជាស្នេហាពិតដែលពួកយើងបានរកឃើញទេ។ផ្ទះរបស់ខ្ញុំគឺហុងកុង ទីក្រុងដ៏ស្រស់ស្អាតដែលពោរពេញដោយជីវិតនិងសេចក្តីក្លៀវក្លា។ផ្ទះជាកន្លែងដែលមានស្នេហា…»។

កាលពីខែតុលាឆ្នាំមុន នាងអេតតាបានបង្ហាញអត្តសញ្ញាណខ្លួនជាមនុស្សស្រឡាញ់ភេទដូចគ្នា ដោយបានបញ្ចេញរូបថតខ្លួននាងជាមួយមិត្តស្រី អានឌី អូទូម ដែលបងនាង១២ឆ្នាំ។អ្នកទាំង២ដែលរស់នៅកាណាដា បង្កើតក្រុមហ៊ុនមួយ៕ដោយ៖វាសនា