កូនស្រី​របស់​បេ​យ៉ុ​ន​សេ ប្រែ​ក្រឡា​ជា​ប្រធានាធិបតី​អាមេរិក​ឆ្នាំ ២០៥០ ក្នុង​វីដេអូ​ទើប​ចេញ​កាលពី​ថ្ងៃ​សុក្រ​

284

​គូ​ស្វាមីភរិយា​ដ៏​មានអំណាច​ក្នុង​វិស័យ​តន្ត្រី លោក ជេ​ហ្ស៊ី (Jay-Z) និង នាង​បេ​យ៉ុ​ន​សេ បាន​ស្រមៃ​ថា​កូនស្រី​របស់​ពួកគេ​ប្រែ​ក្រឡា​ជា​មេដឹកនាំ​អាមេរិក​ក្នុង​វីដេអូ​ថ្មី​មួយ​។​

​ប្លូ អ៊ី​វី (Blue Ivy) ដែលមាន​អាយុ ៦ ឆ្នាំ​នៅ​ថ្ងៃទី ៧ មករា ត្រូវបាន​ដំណាល​ក្នុង​វីដេអូ​នោះ​ថា​កំពុង​ដឹកនាំ​មហាសន្និបាត​រដ្ឋធម្មនុញ្ញ​ដែល​មានតែ​មនុស្ស​ស្រី​សុទ្ធ​ក្នុង​ឆ្នាំ ២០៥០ នៅក្នុង​វីដេអូ ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​សុក្រ​ទី​២៩​ធ្នូ សម្រាប់​បទ​ចម្រៀង​រប​ស់​ឪពុក​នាង គឺ​បទ “Family Feud” ។​

​វីដេអូ ដែល​ថត​ដោយ​អ្នកដឹកនាំ​រឿង “Selma” លោកស្រី អាវ៉ា ឌូ​វើ​ណាយ (Ava DuVernay) ជា​ស្ត្រី​ជនជាតិ​អាមេរិក​ដើមកំណើត​អាហ្វ្រិក​ដ៏​លេចធ្លោ​បំផុត​មួយរូប​ក្នុង​ហូលីវូត​ដែរនោះ បាន​ដំណាល​អំពី​សាច់រឿង​មួយ​យក​លំនាំ​តាម​រឿង “Game of Thrones” និង​សោកនាដកម្ម​ក្នុង​រឿង​របស់​អ្នកនិពន្ធ​វិល​លៀម សេក​ស្ពៀ ខណៈដែល​វីដេអូ​នេះ​បង្ហាញ​ពី​ជម្លោះ​នាពេល​អនាគត​។​

​ឈុត​ឆាក​ក្នុង​វីដេអូ​នេះ​ត្រូវបាន​កាត់​ចូលទៅ​ឆ្នាំ ២០៥០ ខណៈដែល “​ក្រុម​មាតា​ស្ថាបនិក​អាមេរិក​” ដែល​ផ្ទុយ​ពី​ពាក្យ​ប្រើ​ទូទៅ “​បិតា​ស្ថាបនិក​” ដែល​បង្កើត​ប្រព័ន្ធ​នយោបាយ​របស់​អាមេរិក​នោះ កំពុង​តស៊ូ​មតិ​គ្នា​ថា​តើ​ត្រូវ​រក្សាទុក​វិសោធនកម្ម​លើក​ទី​ពីរ​របស់​រដ្ឋធម្មនុញ្ញ​ដែល​ការពារ​សិទ្ធិ​កាន់​អាវុធ​ដែរ​ឬ​អត់​។​

​ស្ត្រី​ទាំងនោះ​ចាំបាច់​ត្រូវធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នៅ​ឆ្នាំ​២០៥០​នោះ “​នៅពេល​អ្នកខ្លះ​គិតថា​ការធ្វើឱ្យ​អាមេរិក​អស្ចារ្យ មានន័យថា​ធ្វើឱ្យ​យើង​ភ័យខ្លាច​គ្នា​ទៅវិញទៅមក​”​។ នេះ​ជាការ​រិះគន់​យ៉ាងច្បាស់​ក្រឡែត​ចំពោះ​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ និង​ពាក្យស្លោក​យុទ្ធនាការ​របស់គាត់ ដែលថា “​ធ្វើឱ្យ​អាមេរិក​អស្ចារ្យ​ម្តងទៀត​” នោះ​។​

​មហាសន្និបាត​នោះបាន​បញ្ចប់​ទៅដោយ​ការអំពាវនាវ​ខ្លាំងៗ​ពី​មេដឹកនាំ​ស្រីៗ​របស់​កិច្ចប្រជុំ​នោះ​ថា “​អាមេរិក​គឺជា​គ្រួសារ ហើយ​គ្រួសារ​ទាំងមូល​គួរតែមាន​សេរីភាព​”៕ ដោយ៖ កញ្ញាដាលីស

លោក ជេ​ហ្ស៊ី (Jay-Z) និង នាង​បេ​យ៉ុ​ន​សេ ព្រមទាំង​កូនស្រី​ឈ្មោះ ប្លូ អ៊ី​វី អំឡុងពេល​ទស្សនាការ​ប្រកួត NBA កាលពី​ខែកុម្ភៈ