កូនស្រី​របស់​ស្តេច​កាស៊ីណូ​ម៉ា​កាវ ធ្វើ​ពិធី​ភ្ជាប់ពាក្យ​និង​ទទួលបាន​កាដូ​ផ្ទះមួយ​ខ្នង​តម្លៃ ៨៧ លាន​ដុល្លារ​

634
ចែករម្លែក

នាង​សា​ព្រី​ណា ហូ (Sabrina Ho) មិនចាំបាច់​ដើរ​ស្វែងរក​ផ្ទះ​មុន​អាពាហ៍ពិពាហ៍​របស់​នាង​នៅ​ឆ្នាំក្រោយ​នោះទេ​។​

​កូនស្រី​របស់​មហាសេដ្ឋី​កាស៊ីណូ​ម៉ា​កាវ លោក​ស្តេ​ន​លី ហូ (Stanley Ho) តាម​ដឹងបាន​ផ្តល់​កាដូ​ផ្ទះមួយ​ខ្នង​តម្លៃ ៥០០ លាន​ដុល្លារ​ហុងកុង (៨៧ លាន​ដុល្លារ​អាម៉េរិក​) នៅពេល​នាង​បានរៀបចំ​ពិធី​ភ្ជាប់ពាក្យ​កាលពី​ចុង​សប្តាហ៍​កន្លងទៅនេះ​។​

​គូ​ដណ្តឹង​របស់​នាង​គឺ​លោក​ថូ​ម៉ាស ស៊ីន (Thomas Xin) ។​

​នាង​ហូ​អាយុ ២៨ ឆ្នាំ ដែល​បើក​ក្រុមហ៊ុន​មួយ​ផ្សព្វផ្សាយ​ផ្នែក​សិល្បៈ​និង​វប្បធម៌​នៅ​ទីក្រុង​ម៉ា​កាវ និង​លោក​ស៊ីន​អាយុ ២១ ឆ្នាំ ជា​និស្សិត​នៃ​សាកលវិទ្យាល័យ​ហា​វើដ ក៏​ត្រូវគេ​និយាយ​ផងដែរ​ថា​បានទទួល​មាស​និង​ពេជ្រ​តម្លៃ ១០០ លាន​ដុល្លារ​ហុងកុង​ពី​ភ្ញៀវ​អ្នកមានៗ​ផងដែរ​។​

​យោងតាម​វេ​ប​សាយ ETtoday បានឱ្យដឹងថា ពួកគេ​នឹង​រស់នៅ​សហរដ្ឋ​អាម៉េរិក ដោយសារតែ​លោក​ស៊ីន ដែល​ឪពុកម្តាយ​ចិនដីគោក​របស់គាត់​ជា​អ្នកជំនួញ មិនទាន់​រៀន​ចប់​នៅឡើយ​។​

​នាង​ហូ​សព្វថ្ងៃ​កំពុងមាន​ផ្ទៃពោះ​។ ការភ្ជាប់​ពាក្យ​នេះ​បានកើត​ឡើង បន្ទាប់ពី​ប្អូនប្រុស​របស់​នាង​ឈ្មោះ ម៉ា​រី​អូ អាយុ ២៤ ឆ្នាំ និង នាង​មីង ស៊ី អាយុ ៣០ ឆ្នាំ​បាន​ភ្ជាប់ពាក្យ​កាលពី​ខែឧសភា​។​

​លោក​ម៉ា​រី​អូ​បាន​សុំ​រៀបការ​ជាមួយ​កំពូល​តារា​បង្ហាញ​ម៉ូត​ចិន​រូបនោះ​ជាមួយ​ផ្កា​កុលាប ៩៩.៩៩៩ ទង​នៅ​ផ្សារ​ទំនើប​សៀង​ហៃ​។​

​ក្នុង​សារ​អបអរ​ទៅ​នាង​សា​ព្រី​ណា ហូ លោក​ម៉ា​រី​អូ​បាន​និយាយថា “​ខ្ញុំ​នឹង​នឹក​បងស្រី ប៉ុន្តែ​ខ្ញុំ​ពិតជា​សប្បាយចិត្ត​ណាស់​សម្រាប់​បងស្រី​។ ចាប់ពីពេលនេះ​ទៅ​សូម​ចងចាំ​ថា​ត្រូវគោរព​និង​ធ្វើជា​កូនស្រី​របស់​ឪពុកម្ដាយ​ក្មេករ​បស់បង​។ សូម​មាន​សុខ​ភាពល្អ​និង​មានកូន​ច្រើន​។ សូមឱ្យ​បងស្រី​និង​បងថ្លៃ​រស់នៅ​ដល់​ចាស់​ជាមួយគ្នា​និង​មាន​អាពាហ៍ពិពាហ៍​ដ៏​រីករាយ​”៕ ដោយ៖ កញ្ញាដាលីស

នាង​សា​ព្រី​ណា ហូ និង លោក​ថូ​ម៉ាស ស៊ីន ភ្ជាប់ពាក្យ​ជាមួយគ្នា​កាលពី​ចុង​សប្តាហ៍