កូនៗ​៦​នាក់​ប្តឹង​សុំឱ្យ​តុលាការ​បែងចែក​ដី​និង​ទ្រព្យសម្បត្តិ​ក្រោយពេល​ឪពុក​ស្លាប់​

863
ចែករម្លែក
  • 248
    Shares

​ដោយៈ​អង្គរតូច​/​សៀមរាប​៖​កូនដើម​ចំនួន​៦​នាក់​បានដាក់​ពាក្យ​ប្តឹង​សុំឱ្យ​ស្ថាប័ន​តុលា​ការជួយ​បែងចែក​ទ្រព្យសម្បត្តិ​និង​ដី​កេរ​បី​កន្លែង​ដល់​ពួកគាត់​ក្រោយពេល​ឪពុក​ស្លាប់​ម្តាយចុង​ប្រមូលយក​និង​ប្រកាស​លក់​ដី​ទាំងនោះ​។

កូនដើម​ដែល​បាន​ផ្តិតមេដៃ​ប្តឹង​ទី​១​ឈ្មោះ​ប៉ិក​ហាយ​ភេទ​ស្រី​ទី​២​ឈ្មោះ​ណេង​សុខន​ភេទ​ស្រី​ទី​៣​ឈ្មោះ​ណេង សុខា​ភេទ​ស្រី ទី​៤​ឈ្មោះ​ប៉ិក ឃឿន​ភេទ​ស្រី​ទី​៥​ឈ្មោះ​ណេង​សុ​ខេន​ភេទ​ស្រី​និង​ទី​៦​ឈ្មោះ​ណេង ណា​រី​ភេទ​ស្រី​។​ពួកគាត់​រស់នៅ​ក្នុ​ភូមិ​ស្វាយព្រៃ​សង្កាត់​ស្វាយដង្គុំ​ក្រុង​សៀមរាប​។​ចំណែក​ម្តាយចុង​ក្នុង​រឿងក្តី​ឈ្មោះ​ម៉ាន់ រ៉េ​ន អាយុ​៦០​ឆ្នាំ​។​

​បណ្តឹង​ចុះ​ថ្ងៃទី​៣​ខែធ្នូ​ឆ្នាំ​២០១៨​ដែល​បាន​ចុះ​លេខ​ចូល​ដោយ​ស្ថាប័ន​តុលាការ​បញ្ជាក់ថា​សុំឱ្យ​បែងចែក​តាម​កំណត់​ច្បាប់ ដែល​បន្សល់ទុក​ពី​ឈ្មោះ​ប៉ិក ណេង ភេទ​ប្រុស ដែលជា​ឪពុក​បង្កើត​របស់​ពួកគាត់​។ ក្នុងនោះ​មាន​ដីស្រែ​ភូមិ​ពីរ​កន្លែង​ទី​១​ទំ​ហ៊ំ​២៦​គុណ​១០០​ម៉ែត្រ​ទី​២​ទំ​ហ៊ំ​១៥​គុណ​១៥​ម៉ែត្រ​និង​ដី​ផ្ទះមួយ​កន្លែង​ទំ​ហ៊ំ​៣២​គុណ​៣២​ម៉ែត្រ រួមជាមួយ​ប្រាក់​បាន​ពី​លក់​ដី​៥​ម៉ឺន​ដុល្លារ​និង​ទ្រព្យសម្បត្តិ​មួយចំនួនទៀត​។​

​ក្នុង​បណ្តឹង​បញ្ជាក់ថា មូលហេតុ​ដែល​ប្តឹង​សុំ​ទាមទារ​បែងចែក​ព្រោះ ដី​កេរ​នេះ​ជា​ដី​របស់​ឈ្មោះ​ប៉ិក ណេង​និង​ប្រពន្ធដើម​ឈ្មោះ​សៅ​សន​ដែលជា​ម្តាយ​ឪពុក​ដើម​របស់​ពួកគាត់​។​ក្រោយ​ម្តាយបង្កើត​ស្លាប់​មុន​ឆ្នាំ​២០០៦​ឪពុក​ពុំទាន់​បាន​បែងចែក​កេរ​ទាំងនោះ​ដល់​កូនៗ​ឡើយ​។​លុះ​នៅ​ឆ្នាំ​២០០៦​ឪពុក​បាន​យកប្រពន្ធ​ថ្មី​ឈ្មោះ​ម៉ាន់ រ៉េ​ន​។ នៅ​ថ្ងៃទី​៣០​ខែមករា​ឆ្នាំ​២០១៨​ឪពុក​ឈ្មោះ​ប៉ិក ណេង បាន​ស្លាប់​ទៀត ភ្លាមនោះ​ម្តាយចុង​ឈ្មោះ​ម៉ាន់ រ៉េ​ន បាន​លក់​ដី​កេរ​មួយកន្លែង​តម្លៃ​៥​ម៉ឺន​ដុល្លារ​យក​រក្សាទុក​ម្នាក់ឯ​ង​។

ក្នុង​បណ្តឹង​បន្ថែមថា​ពួកគាត់​កូនៗ​ទាំង​៦​នាក់​ដែលជា​សន្តិ​ជន​ត្រូវ​ទទួលបាន​សិទ្ធិ​ដែលជា​ទ្រព្យ​មរតក​ជន ពី​ឪពុកម្តាយ​តាម​មាត្រា​១១៤៧,១១៤៨​នៃ​ក្រមរដ្ឋប្បវេណី​។ ស្ត្រី​ឈ្មោះ​ណេង សុខា ក្នុងចំណោម​បងប្អូន​៦​នាក់ បាន​ឲ្យ​ដឹងថា បន្ទាប់ពី​ឪពុក​ស្លាប់ ម្តាយចុង​មិន​ត្រឹមតែ​លក់​ដី​មួយកន្លែង បាន​៥​ម៉ឺន​ដុល្លារ​យកលុយ​ម្នាក់ឯង​នោះទេ​។​គឺ​ថែមទាំង​ប្រកាស​លក់​ដី​ដែល​នៅសល់​ចំនួន​ពីរ​កន្លែង​ថែមទៀត​។

​ដោយ​ឃើញ​សកម្មភាព​ទាំងនេះ ពួកគាត់​សម្រេច​ធ្វើលិខិត​សុំ​អន្តរា​គម​ន៏ ពី​អាជ្ញាធរ​មូលដ្ឋាន​ភូមិ​ឃុំ សុំ​កុំ​ឲ្យ​មាន​ចុះហត្ថលេខា​ក្នុង​ការលក់​ទិញ​ដី​ខាងលើនេះ​។​ក្រៅពីនោះ​ពួកគាត់​ក៏បាន​ប្តឹង​សុំ​ដីការ​សម្រេច​រក្សា​កា​ពារ​ពី​តុលាការ​ខេត្តសៀមរាប​ផងដែរ​បំណង​សុំ​កុំ​ឲ្យ​ម្តាយចុង​លក់ដូរ​និង​សុំ​ឲ្យ​តុលាការ​បែងចែក ដល់​ពួកគាត់​ដែលជា​កូនបង្កើត​របស់​ម្ចាស់ទ្រព្យ​។

​ស្ត្រី​ដដែល​បង្ហាញ​អំពី​ការជឿជាក់​និង​មាន​ទំនុកចិត្ត​ទៅលើ​ស្ថាប័ន​តុលាការ​ខេត្តសៀមរាប​យ៉ាង​មុតមាំ​បំផុត​ចំពោះ​បណ្តឹង​របស់​ពួកគាត់​ជុំវិញ​ការទាមទារ​កេរ​របស់​ឪពុក​ពី​សំណាក់​ម្តាយចុង​។​ជុំវិញ​បញ្ហា​នេះ​អ្នកសារព័ត៌មាន​រស្មី​កម្ពុជា​មិនទាន់​បានទទួល​ការបញ្ជាក់​ពី​ស្ត្រី​ដែលជា​ម្តាយចុង​របស់​កូនៗ​ទាំង​៦​នាក់​មានឈ្មោះ​ម៉ាន់​រ៉េ​ន​នោះ​នៅឡើយ​ទេ​។​សារព័ត៌មាន​រស្មី​កម្ពុជា​រង់ចាំ​ទទួល​ការបំភ្លឺ​ពី​ម្ចាស់​ស​ម៉ី​ដើម្បី​ផ្សាយ​ជូន​នា​លេខ​ក្រោយ​៕S


​ ​ ​