កូន​ក្រពើ​ត្រី​មួយ​សម្បុក​ត្រូវបាន​ក្រុម​អភិរក្ស​សត្វព្រៃ​កោះកុង​ភ្ញាស់​បាន​ជោគជ័យ​

887
ចែករម្លែក

(​កោះកុង)៖ កូន​ក្រពើ​ត្រី​មួយ​សម្បុក មាន​ចំនួន​៩​ក្បាល ដែលជា​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​នៅលើ​សកលលោក ត្រូវបាន​ក្រុម​អភិរក្ស​សត្វព្រៃ​ខេត្តកោះកុងភ្ញាស់​សម្រេចបាន​ជោគជ័យ បន្ទាប់​ពី​ប្រទះឃើញ​សំបុកពងនៅ​ចំណុច​ដងព្រែក​ស្រែអំបិល ក្នុង​ខេត្តកោះកុង​នាពេល​កន្លងមក ។​

កូន​ក្រពើ​ត្រី​ដែល​ទើបនឹង​ញាស់

​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ក្រសួងបរិស្ថាន​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១៥ ខែសីហា​​ថា កូន​ក្រពើ​ត្រី​ឫ​ក្រ​ពើ​ព្រៃ ដែល​បាន​ញាស់​នាពេល​ថ្មីៗ​នេះគឺជា​ជោគជ័យ​មួយ​របស់​មជ្ឈមណ្ឌល​អ​ភិ​រក្ស​ប្រភេទ​​សត្វ​ល្មូ​ន នៃ​ខេត្តកោះកុង​។ អង្គការ​សហគម​អភិរក្ស​សត្វព្រៃ​WCS បាន​នាំយក​ពងក្រពើ​ព្រៃ​មួ​​យ​សម្បុក មា​ន​ចំនួន​១៩​ក្បាល កាលពី​ថ្ងៃទី​២៨ ខែមិថុនា​ឆ្នាំ​២០១៧ ខណៈពេលក្រុម​អភិរក្ស​​របស់​រដ្ឋបាល​ជលផល អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​(WCS) និង​ប្រជា​សហគមន៍ បាន​ប្រទះ​​ឃើញ​នៅ​ចំណុច ត្រពាំង​កៀន​តុ ស្ថិត​ក្នុងភូមិ​ព្រះអង្គ​កែវ ស្រុកស្រែ​អំបិល ខេត្តកោះកុង ។​

​មន្ត្រី​អភិរក្ស​បាន​និយាយថា ការប្រទះឃើញ​ពងក្រពើ​មួយ​សម្បុក​នេះ គឺ​នៅពេល​ពួក​គេ​ដើរល្បាត​តាម​ត្រពាំង​បណ្តោយ​ដងព្រែក​ស្រែអំបិល ដើម្បី​ស្វែងរក​សម្បុក​ពង​កូន និង​លាម​ក៍​សត្វ​ក្រពើ​ត្រី ដែលគេ​បានដឹងថា វា​មាន​រស់នៅក្នុង​តំបន់​នោះ​។ ពងក្រពើ​ត្រី​ទាំងអស់នោះ ត្រូវ​បាន​ក្រុម​អភិរក្ស​យកទៅ​រក្សាទុក ក្នុង​មជ្ឈមណ្ឌល​អភិរក្ស​ប្រភេទ​សត្វ​ល្មូ​ន​ខេត្តកោះកុង​ដើម្បី​​ថែរក្សា​ទុក រ​ហូល​ដល់​បាន​ញាស់​ជា​កូន​ក្រពើ ដែលមាន​រយៈពេល​៦​សប្តាហ៍ ។​

​ប្រភព​មន្ត្រី​អភិរក្ស​បាន​ឲ្យ​ដឹង​ទៀតថា ប្រភេទ​សត្វ​ក្រពើ​ត្រី​ឬ​ក្រពើ​ព្រៃ បាន​ស្ថិតនៅក្នុង​បញ្ជី​ក្រហម​របស់​អង្គការ​IUCN ដែលជា​ប្រភេទ​សត្វ​រងគ្រោះ នឹង​ជិត​ផុត​ពូជ​បំផុត នៅ​លើស​កល​លោក ។ ចំនួន​ប្រភេទ​សត្វ​នេះ នៅតែ​បន្ត​ធ្លាក់ចុះ​គួរ​ឲ្យ​កត់សម្គាល់ ។

​ប្រភព​ដដែល​បាន​បញ្ជាក់ថា ក្រពើ​ត្រី​មាន​រស់​នៅតែ​ក្នុងប្រទេស​កម្ពុជា ឥណ្ឌូនេស៊ី ថៃ និង​វៀតណាម​តែប៉ុណ្ណោះ ។ ចំនួន​របស់​វា​នៅលើ​សកលលោក មាន​ប្រមាណ​៤១០​ក្បាល ក្នុង​នោះ គឺ​ចន្លោះ​ពី​១០០​ទៅ​៣០០​ក្បាល កំពុង​រស់នៅ​ក្នុងព្រៃ​ធម្មជាតិ​ក្នុងប្រទេស​កម្ពុជា ដែល​ធ្វើ​​ឲ្យ​កម្ពុជា ក្លាយជា​ប្រទេស​ដ៏​សំខាន់​សម្រាប់​ការអភិរក្ស​សត្វ​ក្រពើ​ត្រី​នេះ​កុំ​ឲ្យ​បាត់បង់ ៕ ​ដោយៈ​សម្បត្តិ​កញ្ញា​/sn

#