កូន​ខ្មែរ​បង្កើត​បណ្តាញ​សង្គម​ថ្មី​សម្រាប់​កម្ពុជា​ជំនួស​កម្មវិធី​បរទេស​

983

(​ភ្នំពេញ​)៖ កូន​ខ្មែរ​ពីរ​នាក់ បងប្អូន​បង្កើត ដែល​កើត​នៅក្នុង​ជំរំ ជនភៀសខ្លួន ឈ្មោះ ខាវ​អ៊ី​ដាង ស្ថិតនៅ តាម​ព្រំដែន កម្ពុជា​-​ថៃ បាន​សហការ គ្នា​បង្កើត​បណ្តាញ​សង្គម​ថ្មី​មួយ​ឈ្មោះ ថា “​សេរី​” (www.serey.io) ក្នុង​គោលបំណង​ក្លាយជា​វេទិកា​ប្រព័ន្ធ​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​ដំបូង មុនគេ​បង្អស់ ដែល​អាច​បង្ហាញ​ការច្នៃប្រឌិត​របស់ ពួកគេ​ដោយ​សេរី និង​ចំណុច​ពិសេស មួយទៀត គឺអាច​រកប្រាក់​ចំណូល​ពី សេរី​បាន​យ៉ាង​ងាយ​ថែម​ទៀតផង​។​


​ ​
​លោក​ឆាយ លីន​លីម​ស្ថាបនិក គេហទំព័រ សេរី បាន​ថ្លែង​ក្នុង​សន្និសីទ កាសែត​កាលពី​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៨​ថា គេហទំព័រ សេរី គឺជា ប្រព័ន្ធ​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​ថ្មី ដែល ផ្តោត​សំខាន់​លើ​ទីផ្សារ​កម្ពុជា​។ ស្រប ជាមួយនឹង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​រយៈពេល​ជាង​ពីរ​ទសវត្សរ៍ កន្លងមកនេះ ប្រទេស​កម្ពុជា​កំពុងតែ​ស្វែងរក អនាគត​ដ៏​ត្រចះត្រចង់ បន្ទាប់ពី​ការ អភិវឌ្ឍ​របស់ខ្លួន ក៏មាន​ការអនុម័ត នូវ​បច្ចេកវិជ្ជា​ថ្មី​ផងដែរ​។​
​ ​
​លោក​បាន​បន្តថា បច្ចេកវិជ្ជា ថ្មី​មួយ​នេះ គឺមាន​ឈ្មោះថា ប្លុក​ឆេន ដែល​ត្រូវបាន​យកមកប្រើ​ប្រាស់ ដោយ​ក្រុម​សេរី​សម្រាប់​ប្រព័ន្ធ​បណ្តាញ ផ្សព្វផ្សាយ​សង្គម​របស់​ពួកគេ ដែលជា កន្លែង​សម្រាប់ អ្នកបង្កើត មាតិកា​ដូចជា អ្នកនិពន្ធ​អ្នកចម្រៀង និង​អ្នក​ផលិតភាព​យន្ត ត្រូវ​បានទទួល​រង្វាន់ សម្រាប់​បោះពុម្ពផ្សាយ​មាតិកា​របស់​ពួកគេ​។ សេរី​បាន​ដាក់ឱ្យ​ដំណើរការ​ប្រើប្រាស់ តាំងពី​ខែមីនា ឆ្នាំ​២០១៨ ហើយក៏​មាន អ្នកប្រើប្រាស់​ជាច្រើន​មកហើយ ដែល បាន​ចូលរួម​សរសេរ​នូវ​មាតិកា ដែល មាន​ចាប់ពី​រឿង​ខ្លី កីឡា វិធី​ថែរក្សា ស​ម្ភ​ស្ស​ផ្ទាល់ខ្លួន​តាមបែប​ធម្មជាតិ ការ កម្សាន្ត វប្បធម៌ ការកម្សាន្ត និង​ប្រវត្តិសាស្ត្រ រួមទាំង​ការលក់​ផលិតផល​ផ្សេងៗ​។​


​ ​
​ស្ថាបនិក​រូបនេះ​បន្ថែមថា ប្រព័ន្ធ​បណ្តាញ​សង្គម​ដែល​ពេញ្ញនិយម ដូចជា ហ្វេ​ស​ប៊ុ​ក (Facebook) ធ្វី​ត​ទ័​រ (​និង Twitter) បាន​រកប្រាក់​ចំណូល រាប់ពាន់​លាន​ដុល្លារ​ដល់​ម្ចាស់​ភាគហ៊ុន របស់​ពួកគេ ដោយ​ការត្រួតពិនិត្យ រាល់​មាតិកា​របស់​អ្នកប្រើប្រាស់ និង លក់​វា​ទៅ​អ្នក​ផ្សាយពាណិជ្ជកម្ម​។ មូលធន​ទីផ្សារ​របស់ Facebook មាន ចំនួន​ប្រហែល​១៩០​ពាន់​លាន​ដុល្លារ ចំណែក Twitter មាន​ចំនួន​ប្រមាណ ៤១​ពាន់​លាន​ដុល្លារ​។ នេះ​បង្ហាញ​ឱ្យ ឃើញថា មាតិកា​ពិតជា​មានតម្លៃ ប៉ុន្តែ ចំពោះ www.serey.io វិញ បានធ្វើការ ផ្លាស់ប្តូរ​ពី​ការផ្ទេរ​នូវ​ភាគលាភ​ទៅឱ្យ ភាគ​ទុ​និក តូចៗ ទៅ​ប្រគល់ឱ្យ​អ្នក ប្រើប្រាស់​ដែល​បាន​ចូលរួម​បង្កើត មាតិកា​នៅក្នុង​សេរី​នេះ​វិញ តាមរយៈ ការផ្តល់​រង្វាន់ ជា​កាក់ សេរី សម្រាប់ មាតិកា​របស់​ពួកគេ​។ នេះ​ជា​លំហូរ​នៃ​ការឱ្យ​តម្លៃ​ទៅ​អ្នក ដែល​បាន​បង្កើត ភាព​ច្នៃប្រឌិត​។ កាក់ សេរី អាច​ចាត់ទុក ថា​ជា​តំណាង​នៃ​ភាពជា​ម្ចាស់ និង​សិទ្ធិ ចូលរួម​ក្នុង​វេទិកាសេរី​នេះ​។​
​ ​
​លោក ឆាយ លីន​លីម បាន​បន្ត ទៀតថា ចំពោះ​ដំណើរការ​ចុះឈ្មោះ គឺមាន​ភាពងាយស្រួល ហើយ​អ្វីដែល ត្រូវការ​នោះ អាសយដ្ឋាន អ៊ី​ម៉ែ​ល​។ សូម​ចូលទៅ​ទស្សនា www.serey.io ចុច​លើ​ពាក្យ Sign Up ជ្រើសរើស​ឈ្មោះ គណនី​សម្រាប់​ខ្លួន​អ្នក​។ បន្ទាប់មក សេរី ផ្ញើ​អ៊ី​ម៉ែ​ល តំណ​ភ្ជាប់​ទៅ​អ្នក បន្ទាប់មក ទៀត សូម​ចុច លើ​តំណ​ភ្ជាប់​ដើម្បី បញ្ជាក់ថា អ៊ី​ម៉ែ​ល ជា​របស់​លោកអ្នក​។ រង់ចាំ​ការយល់ព្រម​បង្កើត​គណនី​ពី សេរី​។ ខណៈពេល​អ្នក​បានទទួល អ៊ី​ម៉ែ​ល​យល់ព្រម ហើយ​អ្នក​ក៏បាន ទទួល​តំណ​ភ្ជាប់​មួយ​ផ្សេងទៀត​ផងដែរ ដើម្បី​ចូលទៅ​កាន់ គណនី​សេរី របស់​អ្នក​។ ចុច​លើ​តំណ​ភ្ជាប់​ដើម្បី បង្កើត​គណនី​របស់​អ្នក​។ ទទួលយក​លក្ខខណ្ឌ នៃ​សេវាកម្ម​របស់ សេរី​។ សេរី ផ្តល់ឱ្យ​អ្នក​នូវ​ពាក្យ​សម្ងាត់ ដែល​បាន បង្កើត​ដោយ​ស្វ័យប្រវត្តិ​។ ធ្វើការ​រក្សា ទុក​ពាក្យ​សម្ងាត់ ដោយ​ការបោះពុម្ព ឬ​រក្សាទុក​វា​ក្នុង USB Flash ចម្លង និង បិទ​ភ្ជាប់ វា​ទៅ​កន្លែង​ណាមួយ ដែល អ្នក​បានកំណត់​ជ្រើសរើស​ថា វា​មាន សុវត្ថិភាព​។ ជា​ចុងក្រោយ អបអរ សាទរ​អ្នក​ពេលនេះ​ជា​សមាជិក​នៃ សហគមន៍ សេរី ៕ ដោយ: បូរិន