កូន​ដ្រូ​ន​ទម្លាក់​គ្រាប់បែក អាចជា​ការគំរាមកំហែង​ភេរវកម្ម​នាពេលខាងមុខ​

322

​មន្ត្រី​ស៊ើបការណ៍​ជាន់ខ្ពស់​អាល្លឺម៉ង់​និយាយ​នៅ​សប្តាហ៍​នេះ​ថា ក្រុម​ភេរវជន​អាយ​ស៊ី​សបាន​ភ្ជាប់​គ្រឿងផ្ទុះ​កែច្នៃ​ទៅនឹង​យន្តហោះ​ដ្រូ​ន (​គ្មាន​មនុស្ស​បើក​) ក្នុងពេល​កន្លងទៅ​ដើម្បី​ធ្វើការ​វាយប្រហារ​ភេរវកម្ម ប៉ុន្តែ​ការគំរាមកំហែង​បន្ទាប់​ទៀត​អាចជា​ការទម្លាក់​គ្រាប់បែក​កខ្វក់​ចេញពី​ដ្រូ​ន​តែម្តង​។​

​ដ្រូ​នល​ក់លើ​សកលលោក ដែល​ផ្ទុក​កាមេរ៉ា​អាច “​ទម្លាក់​គ្រឿងផ្ទុះ​ដ៏​កខ្វក់​មួយចំនួន​”​។ នេះ​បើតាម​លោក ហ្វ្រេ​ត​ឌ្រី​ក ក្រូម​ម៉េ​ស (Friedrich Grommes) ប្រធាន​ផ្នែក​តាមដាន​ភេរវកម្ម​អន្តរជាតិ និង​ការិយាល័យ​ឧក្រិដ្ឋកម្ម​ចាត់តាំង​ជា​អន្ដរជាតិ​នៅ​ទីភ្នាក់ងារ​ស៊ើបអង្កេត​សហព័ន្ធ​អាល្លឺម៉ង់ (Bundesnachrichtendienst ឬ BND) ប្រាប់​ទៅ​វេ​ប​សាយ McClatchy នៅក្រៅ​កិច្ចប្រជុំ​កំពូល​ស្តីពី​ការ​ស៊ើបការណ៍​សម្ងាត់​និង​សន្តិសុខ​ជាតិ​នៅឯ​មជ្ឈមណ្ឌល​សន្និបាត Walter E. Washington ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​។​

​លោក ហ្វ្រេ​ត​ឌ្រី​ក ក្រូម​ម៉េ​ស បាន​សង្កេតឃើញថា “​ទោះបី​ជាមាន​មនុស្ស​តែ​ប៉ុន្មាន​នាក់​រង​ផលប៉ះពាល់​ក៏ដោយ ក៏ប៉ុន្តែ​វា​បាន​បម្រើឱ្យ​គំនិត​ថ្មី​ទាំងស្រុង​នៃ​អំពើ​ភេរវកម្ម​”​។

​គ្រាប់បែក​កខ្វក់​ទាំងនោះ​គឺ​កើតចេញពី​ការ​ផ្សំ​ឡើង​ពី​គ្រាប់រំសេវ​ធម្មតា និង​វត្ថុ​ធាតុ​វិទ្យុសកម្ម ឬ ហៅថា RDD​។ នេះ​បើ​យោងតាម​គណៈកម្មាការ​ប​ទ​ប្បញ្ញត្តិ​នុយក្លេអ៊ែរ​របស់​អាមេរិក ទោះបីជា “​ពាក្យ​គ្រាប់បែក​កខ្វក់ និង RDD ត្រូវបាន​គេ​ប្រើ​ប្តូរ​គ្នា​ចុះឡើង​ញឹកញាប់​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក៏ដោយ​” ។​

​យោងតាម​ឯកសារ​ព័ត៌មាន​របស់​គណៈកម្មការ​បទ​ប្បញ្ញត្តិ​នុយក្លេអ៊ែរ (NRC) អំពី​គ្រាប់បែក​កខ្វក់​បានឱ្យដឹង​ថា “RDD ភាគច្រើន​មិន​បញ្ចេញ​វិទ្យុសកម្ម​គ្រប់គ្រាន់​ដើម្បី​សម្លាប់​មនុស្ស​ឬ​បង្កឱ្យមាន​ជំងឺ​ធ្ងន់ធ្ងរ​នោះទេ​។ គ្រាប់បែក​ធម្មតា​អាច​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ច្រើនជាង​វត្ថុ​ធាតុ​វិទ្យុសកម្ម​ក្នុង​គ្រាប់​ច្នៃ​នោះ​” ។​

NRC បាន​កត់សម្គាល់ថា “​ទោះយ៉ាងណា ផ្អែកលើ​ស្ថានការណ៍ ការ​បំផ្ទុះ RDD អាចបង្កើត​ការភ័យខ្លាច​និង​ភាព​ស្លន់ស្លោរ ធ្វើឱ្យ​ដី​កខ្វក់ និង​ទាមទារ​ការសម្អាត​ចំណាយ​ថ្លៃ​ខ្ពស់​។ ការផ្តល់​ព័ត៌មាន​ឱ្យបាន​ឆាប់រហ័ស​ដែល​អាច​រកបាន​ដល់​សាធារណជន អាច​ទប់ស្កាត់​ការភ័យខ្លាច​ក្នុងចំណោម​ប្រជាជន ដែល​ពួក​ភេរវ​ករ​តែង​ចង់​បង្កឡើង​នោះ​”៕ ដោយ៖ កញ្ញាដាលីស

ដ្រូ​ន​អាច​នឹង​ប្រើ​សម្រាប់​ទម្លាក់​គ្រាប់បែក​នាពេលខាងមុខ