កូន​តារាភាពយន្ត​ជើងចាស់ ជា យុទ្ធ​ថន ចង់​បន្តវេន​ឪពុក តែ​ជាប់​កាតព្វកិច្ច​ជាមួយ​ក្មេង​ក្រីក្រ​

787

ប្រិយមិត្ត​មួយចំនួន​ដែល​និយម​ទស្សនា​ខ្សែភាពយន្ត​កាលពី​សម័យ​មុន ប្រហែលជា​មិនទាន់​ភ្លេច​តារា​សម្ដែង​ដ៏​ល្បីល្បាញ​ក្នុង​ទសវត្ស​ទី​៦០ និង​ដើម​ទសវត្សរ៍​ទី​៧០ លោក ជា យុទ្ធ​ថន នៅឡើយ​ទេ​។​

​លោក ថន ថា​រិ​ទ្ធ ត្រូវជា​កូន​របស់​តារា​សម្ដែង​ដែលមាន​ប្រជាប្រិយ​ភាពខ្លាំង​ក្នុងសម័យ​សង្គមរាស្ត្រនិយម​រូបនេះ បាន​ប្រាប់ Sabay ថា លោក​ពិតជា​ចង់​បន្តវេន​ពី​ឪពុក​របស់ខ្លួន​ណាស់ តែដោយសារ​មាន​កាតព្វកិច្ច​ត្រូវបំពេញ ទើប​លោក​ត្រូវ​បោះបង់​ក្ដី​ស្រមៃ​របស់ខ្លួន ដើម្បី​ជួយសង្គ្រោះ​កុមារកំព្រា និង​ក្រីក្រ​។​


​លោក ជា យុទ្ធ​ថន​

“​ខ្ញុំ​មាន​និស្ស័យ​ខាង​សិល្បៈ ខ្ញុំ​ចង់​ស្នង​ឪពុកម្ដាយ​ណាស់ តែដោយសារ​កាតព្វកិច្ច​របស់ខ្ញុំ​ជា​គ្រូបង្រៀន ខ្ញុំ​ត្រូវតែ​ជួយ​រដ្ឋ​ដើម្បីឱ្យ​កូន​ខ្មែរ​យើង​ចេះ ម្យ៉ាង​ខ្ញុំ​អាណិត​ក្មេង​កំព្រា ព្រោះ​ខ្ញុំ​ក៏​កំព្រា​ដែរ​។ ខ្ញុំ​ធ្លាប់បាន​សម្ដែង​រឿង​២​រឿង​ដែរ ទី​១​រឿង​”​ឈាម​អនាថា​” ទី​២​រឿង​”​កែវភ្នែក​សំណព្វចិត្ត​”​។​


​លោក ថន ថា​រិ​ទ្ធ សម្តែង​ក្នុង​រឿង​កន្លងមក​

​កូន​អតីត​តារាភាពយន្ត​ជើងចាស់​រូបនេះ បច្ចុប្បន្ន​ធ្វើជា​គ្រូបង្រៀន​នៅ​សាលា​មួយ​ក្នុង​ខេត្ត​ព្រះសីហនុ​។ ឆ្លៀតពេល​ទំនេរ​ពី​ការបង្រៀន​នៅ​សាលា​រដ្ឋ លោក​ក៏បាន​បើក “​សមាគម​អប់រំ និង​ថែទាំ​ក្មេង​កំព្រា​” ដើម្បី​ជួយសង្គ្រោះ​ក្មេង​ក្រីក្រ និង​កំព្រា​ផងដែរ​។​

​សមាគម​នោះ​មាន​ក្មេង​សរុប​ចំនួន ៦៧​នាក់ ហើយ​ក្មេង​កំព្រា​គ្មាន​ទីពឹង​ទាំងស្រុង​មាន​ចំនួន ១៥​នាក់ ដោយ​លោក​ត្រូវ​ផ្គត់ផ្គង់​ពួកគេ​គ្រប់យ៉ាង​។ ចំពោះ​ក្មេង​ក្រីក្រ​តែមាន​ឪពុកម្ដាយ គឺ​គាត់​យក​អង្ករ​មក​ដាំ​ហូប​ជុំគ្នា​។ នេះ​ជាការ​បញ្ជាក់​ពី​លោក ថន ថា​រិ​ទ្ធ​។​

​ប្រធាន​សមាគម​រូបនេះ​បាន​លើកឡើងថា រាល់​ការចំណាយ​គឺ​ខ្វះខាត​ខ្លាំង លោក​ត្រូវយក​ប្រាក់ខែ​ដែល​បាន​ពី​ការបង្រៀន​នៅ​សាលា​រដ្ឋ​បន្តិចបន្តួច​នោះ​ទៅ​ចំណាយ តែ​នៅតែ​មិន​គ្រប់​។ កន្លងមក​មាន​ជំនួយ​ពី​សប្បុរសជន​មួយចំនួន​ដែរ តែ​បានតែ​មួយគ្រាៗ​តែប៉ុណ្ណោះ​។​

​រូបភាព​៖ ផ្តល់​ឲ្យ​/sabay

​ក្នុង​សមាគម​អប់រំ និង​ថែទាំ​ក្មេង​កំព្រា នេះ មាន​បង្រៀន​ភាសា​ខ្មែរ គណិតវិទ្យា និង​ភាសា​អង់គ្លេស ទៅដល់​សិស្ស​ចាប់ពី​ថ្នាក់​ទី​១ រហូតដល់​ថ្នាក់​ទី​១២​។ នៅ​ថ្ងៃទី​៩ កញ្ញា ខាងមុខនេះ លោក ថន ថា​រិ​ទ្ធ នឹង​នាំ​ក្មេង​ក្រីក្រ​ម្នាក់​ទៅ​សម្តែង​នៅ​សហរដ្ឋអាមេរិក ដើម្បី​រក​ជំនួយ​ពី​សហគមន៍​ខ្មែរ​នៅ​ទីនោះ មកជួយ​មណ្ឌល​ឱ្យ​ដំណើរការ​បន្តទៀត​៕​អត្ថ​ប​ទៈ ប៉ូ សា​គុន​/sn