កូន​តិ​រិ​ច្ឆា​ន​យក​កាំបិត​ចាក់​សម្លាប់​ឪពុក​បង្កើត​នៅ​ស្រុក​ស្នួល​

932
ចែករម្លែក

ដោយ​: សេង​ឃួន / ក្រចេះ​: បុរស​ម្នាក់​ជា​ឪពុក​រង​ការឈឺចាប់​មុខរបួស​រហូតដល់​ស្លាប់ ក្នុងពេល​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ស្នួល ដោយសារ​កូនប្រុស​ចិត្ត​តិ​រិ​ច្ឆា​ន លើកដៃ​ចាក់​មួយ​កូនកាំបិត​ចំ​ភ្លៅ​។ ករណី​ឃាត​កម្មនេះ បាន​កើតឡើង​នៅក្នុង ភូមិ​ក្រសាំង ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ កាលពី​យប់​ថ្ងៃទី​២៣​ខែឧសភា​ឆ្នាំ​២០១៨​នេះ​។​

​មន្ត្រីនគរបាល​ស្រុក​ស្នួល បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ឈ្មោះ គឿន ផា​រី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្រសាំង បាន​ផឹកស្រា​ស្រវឹង ហើយ​បានមក​ដល់ផ្ទះ​រករឿង​ប្អូនថ្លៃ​ស្រី ឈ្មោះ ព្រាប ស្រីមុំ អាយុ​២២​ឆ្នាំ ហើយ​បាន​យក​ចម្ពាមកៅស៊ូ​បាញ់​មកលើ​ប្អូនថ្លៃ តែ​មិនត្រូវ​ពេលនោះ ឈ្មោះ រិ​ន គឿន ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ​ដែល​ត្រូវជា​ឪពុក​បង្កើត​របស់ គឿន ផា​រី (​ជនដៃដល់​) បានឮ​កូនៗ​ឈ្លោះ​គ្នា​ក៏​ចេញមក​មើល និង​បាន​ដេញតាម​ឈ្មោះ គឿន ផា​រី ដល់​លើ​ផ្លូវលំ និង​បាន​ចាប់​បោច​ប៉ិល​កូ​ម​ពីលើ​ក្បាល​ឈ្មោះ គឿន ផា​រី បោក​ចោល​ទៅលើ​ផ្លូវ ពេលនោះ​ឈ្មោះ គឿន ផា​រី ជា​កូន​ក៏បាន​យក​កូនកាំបិត​ចាក់ទៅលើ​ឪពុក​បង្កើត ត្រូវ​ភ្លៅ​ជើង​ខាងស្ដាំ បណ្ដាល​ឲ​រងរបួស​ធ្ងន់ នៅពេល​ប្រពន្ធ​នឹង​កូន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​បង្អែក​ស្នួល​ក៏បាន​ដាច់ខ្យល់​ស្លាប់​។ ចំណែក​ជនដៃដល់ ក្រោយ​ពេលធ្វើ​សកម្មភាព​រួច​បាន​រត់​គេចខ្លួនបាត់​។

​បច្ចុប្បន្ន​មន្ត្រីនគរបាល​ជំនាញ កំពុងធ្វើការ​ស្រាវជ្រាវ ដើម្បី​យក​ជនដៃដល់​រូប​នោះមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕ ល​