កូន​ត្រី​ឆ្ពិន​១០​ម៉ឺន​ក្បាល ត្រូវបានធ្វើ​ពិធី​ព្រលែង​ក្នុង​ទឹកទន្លេ​វ៉ៃ​គោ​ក្រុង​ស្វាយរៀង​

292
ចែករម្លែក

ដោយ​: វ៉ៃ​កូ​
​ស្វាយរៀង​:
លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង នៅ​ព្រឹក​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៩​នេះ បាន​សំណូមពរ​ដល់​ប្អូន​ប្រជាពលរដ្ឋ​នូវ កុំ បីយ៉ាង គឺ កុំ​ទី​១ កុំ​ប្រើប្រាស់​ឧបករណ៍​ខុសច្បាប់​ក្នុងការ​នេសាទ ដូចជា​ឧបករណ៍​ឆក់ និង​ស្បៃ​មុង កុំ​ទី​២ កុំ​ចាប់​ត្រី​ក្នុង​រដូវ​ហាមឃាត់ គឺ​រដូវ​ត្រី​ពង និង​កុំ​ទី​៣ កុំ​យក​បឹង ព្រែក ប្រើប្រាស់​ខុស​ទិសដៅ ដូចជា​ចាក់​លុប​ដី និង​សាងសង់​សំណង់​ផ្សេងៗ ដែល​មិន​ត្រឹមតែ​ជា​ទង្វើ​ខុសច្បាប់ ប៉ុន្តែ​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជម្រក​ត្រី និង​ប្រព័ន្ធ​ជីវចម្រុះ​។​

​លោក​បាន​មានប្រសាសន៍​ដូច្នេះ​ក្នុងឱកាស​ដែល​លោក​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ទិវា​មច្ឆជាតិ ០១ កក្កដា ២០១៩​នេះ នៅ​បរិវេណ​មាត់ទន្លេ​វ៉ៃ​គោ ក្រុង​ស្វាយរៀង ដែល​សហការ​រៀបចំ​ដោយ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត និង​អង្គការ​សន្តិ​សេនា និង​មានការ​អញ្ជើញ​ចូលរួម​ពី​លោក លោកស្រី​ប្រធាន មន្ទីរ​-​អង្គភាព​នានា លោក​អភិបាលក្រុង​ស្វាយរៀង យុវជន ស​.​ស​.​យ​.​ក​.​ខេត្ត យុវជន​កាកបាទក្រហម​ខេត្ត លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត សរុប​វត្តមាន​ចំនួន ៤៥០​នាក់​។​

​លោក​អភិបាលខេត្ត ក៏បាន​អំពាវនាវ​ដល់​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ និង​អង្គភាព​ពាក់ព័ន្ធ ចូលរួម​ឲ្យ​បាន​កាន់តែ​សកម្ម​ថែមទៀត​ក្នុង​ចលនា​ព្រលែង​កូន​ត្រី​ឲ្យ​បាន​គ្រប់​ទីកន្លែង​នៅ​មូលដ្ឋាន ឲ្យ​ក្លាយជា​ប្រពៃណី​ព្រលែង​កូន​ត្រី ដើម្បី​បង្កើន​ផល​ត្រី​ឲ្យ​បាន​កាន់តែច្រើន​សម្រាប់​ប​ម្រើ​ឲ្យ​សេចក្ដីត្រូវការ​របស់​ប្រជាពលរដ្ឋ​។ ដើម្បី​ផ្សារភ្ជាប់​នឹង​ឱកាស​ទិវា​មច្ឆជាតិ​នេះ លោក​អភិបាលខេត្ត ក៏បានផ្ដល់​កិត្តិយស​ព្រលែង​កូន​ត្រី​ឆ្ពិន​ចំនួន ១០០.០០០​ក្បាល ទៅក្នុង​អាង​ទន្លេ​វ៉ៃ​គោ​ផងដែរ​៕