កូន​ថៃ​កាត់​កាណាដា​គ្រង​មកុដ​បវរកញ្ញា​ចក្រវាល​ថៃ​ឆ្នាំ​២០១៩

586
ចែករម្លែក

​កូន​ថៃ​កាត់​កាណាដា នាង ប៉ា​វីន​ស៊ូ​ដា ហ្វា​សៃ ដ្រូ​អ៊ី​ន (Paweensuda “Fahsai” Drouin) បាន​គ្រង​មកុដ​បវរកញ្ញា​ចក្រវាល​ថៃ​ឆ្នាំ​២០១៩​។​

​ពួក​ចៅក្រម​បានជ្រើសរើស​យក​បេ​ក្ខ​នារី​ប៉ា​វីន​ស៊ូ​ដា​អាយុ ២៦ ឆ្នាំ​ក្នុងចំណោម​បេ​ក្ខ​នារី​ប្រឡងប្រណាំង​ជាង ៥០ នាក់​នៅក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នៅឯ​សាល Thunder Dome ក្នុង​ទីក្រុង​បាងកក​កាលពី​យប់​ថ្ងៃ​សៅរ៍​ទី​២៩​មិថុនា​។​

​នាង មី​រៀម សន​ព្រំ​ម៉ាស់ (Miriam Sornprommas) គឺជា​បវរ​កញ្ញាឯករ​ង​ទី​១ និង​នាង ថា​ណា​ចា​ផុន ប៊ុន​សាង (Thanachaphon Boonsang) ជា​បវរ​កញ្ញាឯក​រង​ទី​២​។​

​នាង ប៉ា​វីន​ស៊ូ​ដា កម្ពស់ ១៨០ សង់ទីម៉ែត្រ បានកើត​និង​ធំធាត់​នៅក្នុង​ប្រទេស​កាណាដា​។ ឪពុក​នាង​គឺជា​ជនជាតិ​កាណាដា​។​

​នាង​បានបញ្ចប់​ការសិក្សា​ជំនាញ​គី​ណេ​ជាមួយ​សញ្ញាប័ត្រ​ជាប់​លេខ​១​ពី​សាកលវិទ្យាល័យ​កាល់​ហ្គា​រី​។ នាង​បាន​ផ្លាស់​មក​រស់នៅ​ប្រទេស​ថៃ​នៅពេល​ធំ​ពេញវ័យ​ដើម្បី​បន្ត​អាជីព​បង្ហាញ​ម៉ូត​និង​ឌី​ជេ​។​

​នាង​ធ្លាប់បាន​ប្រកួតប្រជែង​ក្នុងការ​ប្រឡង​បវរកញ្ញា​ដទៃទៀត​ជាច្រើន ដោយ​ទទួលបាន​ពានរង្វាន់​មួយចំនួន នៅមុន​ការប្រកួត​បវរកញ្ញា​ច​ក្រ​វាល​ថៃ​នៅ​ឆ្នាំនេះ​។ នាង​គឺជា​បវរកញ្ញា​ឯក​រង​ទី​២​នៅក្នុង​ការប្រកួត​បវ​រ​កញ្ញា​ចក្រវាល​ថៃ​ឆ្នាំ ២០១៧​។​

​រង្វាន់​របស់​នាង ប៉ា​វីន​ស៊ូ​ដា​គឺមាន​សាច់ប្រាក់​ចំនួន ១,៥ លាន​បាត រថយន្ត Volkswagen មួយគ្រឿង​តម្លៃ ៣,៨ លាន​បាត និង ផ្ទះ​ខុន​ដូ​មួយ​តម្លៃ ១២ លាន​បាត​។​

​នាង​នឹង​តំណាងឱ្យ​ប្រទេស​ថៃ​ក្នុងការ​ប្រជែង​ដណ្ដើម​មកុដ​បវរកញ្ញា​ចក្រ​វា​ឡ​នៅ​ចុងឆ្នាំ​នេះ​នៅ​ប្រទេស​កូរ៉េខាងត្បូង​៕ ដោយ៖ កញ្ញាដាលីស

នាង ប៉ា​វីន​ស៊ូ​ដា ហ្វា​សៃ ដ្រូ​អ៊ី​ន គ្រង​មកុដ​បវរកញ្ញា​ចក្រវាល​ថៃ​ឆ្នាំ​២០១៩ កាលពី​ថ្ងៃ​សៅរ៍
នាង ប៉ា​វីន​ស៊ូ​ដា ហ្វា​សៃ ដ្រូ​អ៊ី​ន គ្រង​មកុដ​បវរកញ្ញា​ចក្រវាល​ថៃ​ឆ្នាំ​២០១៩ កាលពី​ថ្ងៃ​សៅរ៍