កូន​ម្ចាស់​ក្លិប​ហ្វី​លីង​ស្រវឹងស្រា​ជោក បើករថយន្ដ​បុក​រះ​ប​ង្កោ​ល​ស្លាក​យីហោ​លក់ដូរ​អស់​៤​តូប​

1167
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​៖ រថយន្ត​កូន​ម្ចាស់​ក្លិប​ខារ៉ាអូខេ​យីហោ​ហ្វី​លីង ស្រវឹងស្រា​ជោគ បាន​បើកឡាន​ទំនើប​បុក​រះ បង្គោល ស្លាក​យីហោ លក់ដូរ អស់​៤ តូប សំណាងល្អ គ្មាន​ប៉ះពាល់​ដល់​អាយុជីវិត មនុស្ស​ណា​ម្នាក់​នោះទេ​ព្រោះ​ដល់​ម៉ោង​រើ​តូប​ចូលដេក​អស់ ហើយ​បើក​រត់ ត្រូវ​បានកូន​ម្ចាស់​តូប ដេញតាម​ចាប់បាន​នៅ​ស្តុ​ប​ផ្លូវ​៦០​ម៉ែត្រ ប្រគល់ឱ្យ​សមត្ថកិច្ច យកទៅ​ទុក​ដោះស្រាយ​នៅ​គោលដៅ ពី​ខាងលិច​ស្ទឹង​សៀមរាប បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ តាមផ្លូវ​ពេញ​ក្រុង​សៀមរាប​។

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នោះ បាន​កើតឡើង​នៅវេលា​ម៉ោង​ប្រមាណ​១​និង​៣០​នាទី​ឈានចូល​ថ្ងៃទី​១៤​ខែមិថុនា​ឆ្នាំ​២០១៨ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ ៧​មករា ហៅ ផ្លូវ​ជន្លង់ ក្នុងភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប ដែលមាន​ម្ចាស់ផ្ទះ​ឈ្មោះ ឧ​ត្ត​ម​សេនីយ៍​ទោ ខេង​រ៉ា មេបញ្ជាការរង​នគរបាលជាតិ​ប្រចាំ​ទិស​ភូមិភាគ​ទី​៤​។

​សាក្សី​ឈ្មោះ សួន ហាន​ម៉ា​ណែ​ត ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​កូន​ម្ចាស់​តូប​ដែល​ដេញតាម​ឡាន​បុក​រះ​នោះ ស្នាក់នៅ​ផ្ទះជួល ភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប បាន​ប្រាប់​ឱ្យដឹងថា មុនពេល​កើតហេតុ ខ្ញុំ​នៅ​ជួយ​លក់ដូរ​ឪពុក ធម្មតា រហូតដល់​ម៉ោង ប្រមាណ ជា​១២ យប់ ពួក​ខ្ញុំ ក៏​ឈប់​លក់ ហើយ​ប្រមូល​តុ​កៅអី​ចូលក្នុង​ផ្ទះ​វិញ រួច​ក៏​នាំគ្នា​ចូលដេក អស់ មិនទាន់បាន​ដេកលក់​ផង ស្រាប់តែ​លឺ សម្លេង ប្រាវ ក៏​នាំគ្នា​ស្ទុះ ចេញមកក្រៅ ហើយ​ឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក អ៊ី ស៊ុយ ស៊ុយ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ ២.U.៨៩៥៩ បើក​បុក​រះ​បង្គោល​ដាក់​ស្លាក​យីហោ ពី​ខាង​ផ្ទះជួល ពី​លិច​មក​កើត រហូតដល់​មុខផ្ទះ​ខ្ញុំ មាន​ចំនួន​៤​តូប បាក់​អស់ទាំង​ស្រុង​។​

​ប្រភព​បាន​បន្តថា ក្រោយពេល​បុក​រះ​រួច រថយន្ត​ទំនើប​នោះ ក៏​បើក​រត់​បន្តទៅ​ទិសខាងកើត ប៉ុន្តែ​ខ្ញុំ​ក៏បាន​យក​ឡាន​ឪពុក បើក​ដេញតាម ពីក្រោយ​រហូតដល់​ស្តុ​ប​កែង​ផ្លូវ​៦០​ម៉ែត្រ រួច​ក៏​សហការ​ជាមួយ​សមត្ថកិច្ច​ដែល​ឈរជើង​នៅ​ទីនោះ ចាប់បាន​ប្រគល់ឱ្យ​មន្ត្រី​ជំនាញ​ផ្នែក​ចរាចរណ៍​ប្រចាំការ​ពេលយប់​យកទៅ​ដោះស្រាយ​នៅ​គោលដៅ មុខ​ព្រះអង្គ​ចេក ព្រះអង្គ​ចម ពី​ខាងលិច​ស្ទឹង​សៀមរាប ខណៈ​ពេលនោះ​ម្ចាស់​រថយន្ត ក៏បាន​ឱ្យ​ខ្ញុំ​បើកឡាន​ជូនទៅ​ផ្ទះ​ចូលទៅក្នុង​ក្លិប​កំសាន្ត​ខារ៉ាអូខេ យីហោ ហ្វី​លីង ហើយ​សន្តិសុខ បាន​ខ្សឹប​ប្រាប់ថា នេះ​ជា​កូន​ម្ចាស់​ហាង​ខារ៉ាអូខេ​នេះ ទើប​ខ្ញុំ​ដឹងថា គឺជា​កូន​ម្ចាស់​ហាង​ខារ៉ាអូខេ​ពិតប្រាកដ​មែន ព្រមទាំង​និយាយ​ជាមួយ​ខ្ញុំ​ថា ចាំ​ស្អែក គេ​និង​ជួយ​ធ្វើ​សង​ម៉ា​ស្អាត​ទាំងអស់​។​

​តាម​ប្រ​ភ​ពី​មន្ត្រី​ចរាចរណ៍​ម្នាក់​ប្រចាំការ​នៅ​គោលដៅ​ពី​ខាងលិច​ស្ទឹង​សៀមរាប មុខ​ព្រះអង្គ​ចេក ព្រះអង្គ​ចម នោះបាន​ប្រាប់ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ផ្លូវ​ជន្លង់​នោះ គឺជា​កូន​ម្ចាស់​ក្លិប​ខារ៉ាអូខេ ហ្វី​លីង ដែល​គាត់​បាន​បើកឡាន​បុក​រះ​បង្គោល​ស្លាក​យីហោ​លក់ដូរ របស់គេ​នៅ​ម្តុំ​ផ្លូវ​ជន្លង់ ហើយ​អ្នកបង្ក ក៏​ព្រមព្រៀង​ឯកភាព ជួយ​ដោះស្រាយ ជួសជុល​និង​ធ្វើ​សង​ថ្មី​ឱ្យ​ទាំងអស់ ទើប​ពួក​ខ្ញុំ​មិនទាន់​ហ៊ាន​និយាយ​អ្វី​ឱ្យ​ហួស​ពីនេះ​បានទេ​។​

​កូន​ម្ចាស់​ក្លិប​កំសាន្ត​ហ្វី​លីង មានឈ្មោះ ឡោ ប៊ុនលី អាយុ​ប្រហែល​ជាង​២០​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​សៀមរាប បើករថយន្ត​មួយគ្រឿង​ម៉ាក អ៊ី ស៊ុយ ស៊ុយ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2U 8959 បើក​បុក​រះ​បង្គោល​ដាក់​ស្លាក​យីហោ ពី​ខាង​ផ្ទះជួល ពី​លិច​មក​កើត រហូតដល់​មុខផ្ទះ​ខ្ញុំ មាន​ចំនួន​៤​តូប បាក់​អស់ទាំង​ស្រុង​៕ ល​