កុំថាឡើយមនុស្ស សូម្បីតែសត្វក៏ចេះកើតទុក្ខ និងស្តាយស្រណោះអាឡោះអាល័យដែរ នៅពេលអ្នកជាទីស្រឡាញ់របស់ខ្លួនឃ្លាតឆ្ងាយ ឆ្ងាយសែនឆ្ងាយគ្មានពេលត្រឡប់ពោលគឺ ដល់ក្តីមរណា។
ហើយកូនស្វាមួយក្បាលមិនព្រមឱ្យគេយកខ្មោចមេរបស់វាទៅណាឡើយ ដោយយំឱបខ្មោចមេ របស់វាគួរឱ្យសង្វេគ និងអាណិតអាសូរជាពន់ពេកនៅក្នុងទីក្រុងមួយនៃប្រទេសឥណ្ឌា។
កូនស្វានេះបានឃើញមេរបស់វាត្រូវចរន្តអគ្គិសនីឆក់ផ្តាច់ជីវិតខណៈពេលលោតផ្លោះពីបង្គោលភ្លើងមួយទៅបង្គោលភ្លើងនៅរដ្ឋកាណាតាកា (Karnataka) ប្រទេសឥណ្ឌា ភាគខាងត្បូង។
ក្រុមអ្នកភូមិនៅក្នុងទីក្រុងឡាស្មេសវ៉ារ៉ា (Lakshmeshwara) រំជួលចិត្តទប់ទប់ភ្នែកមិនជាប់ ដោយសារទិដ្ឋភាពដ៏កម្សត់នេះ នៅពេលឃើញកូនស្វាឱបខ្មោចមេរបស់វាជាប់មិនឱ្យគេយកខ្មោចមេទៅណា ហើយព្យាយាមដាស់មេរបស់វាឱ្យភ្ញាក់អស់មួយថ្ងៃ។
ដោយក្តីអាណិតអាសូរ អ្នកភូមិបានយកកេសឈើមួយដាក់ជាប់បង្គោលភ្លើងនៅចិញ្ចើមផ្លូវ សម្រាប់តម្កល់ខ្មោចមេស្វាព្រមទាំងពាក់កម្រងផ្កាកវាដើម្បីឧទ្ទិសឱ្យវិញ្ញាណរបស់វាទៅកាន់សុគតិភព៕ ប្រែសម្រួល: ខុម