កូរ៉េខាងជើង​កាន់តែ​ប្រកាន់​ជំហរ​តឹង ក្រោម​ការជួយ​ជំរុញ​ដោយ​បញ្ហា​របស់​ត្រាំ​និង​សម្ពន្ធមិត្ត​ចិន​

333
ចែករម្លែក

​ការ​គេច​ពី​ទណ្ឌកម្ម​ដោយ​ជោគជ័យ​ការពឹង​សេដ្ឋកិច្ច​លើ​ចិន​និង​រឿងអាស្រូវ​ចោទ​ទោស​ទម្លាក់​តំណែង​ត្រាំ​ពី​សំណាក់​សភា​អាម៉េរិក​អាច​ស្ថិត​ចំណោម​កក្តា​ដែល​ជួយ​អោយ​​កូរ៉េខាងជើង​កាន់តែ​ហ៊ាន​និង​លុះ​ចិត្ត​នៅ​ក្នុង​ការចរចា​នុយគ្លេអ៊ែ​រ នេះ​បើ​តាម​ពួក​អ្នកវិភាគ​មើលឃើញ​។​

​ទាំង​ត្រាំ​និង​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន បន្ត​ការ​រាក់ទាក់​គ្នា​ដែល​ពួកគេ​បាន​បង្កើតឡើង​ក្នុងអំឡុង​ជំនួប​ផ្ទាល់​មុខ​បី​លើក​។​តែ​កូរ៉េ​ខាងជើង​បាន​និយាយ​នៅពេល​​ថ្មីៗ​នេះ​ថា ខ្លួន​កំពុង​បាត់បង់​ការអត់ធ្មត់ ដោយ​ទុក​ពេល​អោយ​អាម៉េរិក​ដល់​ចុង​ឆ្នាំ​ដើម្បី​ផ្លាស់ប្តូរ​ជំហរ​ចរចា​របស់​ខ្លួន​។​

​កូរ៉េ​ខាងជើង​បាន​សាកល្បង​ព្រំដែន​នៃ​ការចូលរួម​ពាក់ព័ន្ធ​នេះ​តាមរយៈ​ការបាញ់​កាំ​ជ្រួច រួម​មាន​ការសាកល្បង​ទម្រ​បាញ់​គ្រាប់​រ៉ុក្កែត​ធំៗ​កាលពី​ថ្ងៃ​៣១​តុលា ហើយ​ពួក​អ្នកជំនាញ​​ការ​ព្រមាន​ថា កង្វះ​កិច្ចព្រមព្រៀង​ស្តីពី​ការគ្រប់គ្រង​អាវុធ​ជាក់លាក់​មួយ អនុញ្ញាត​អោយ​ប្រទេស​នេះ​បន្ត​ផលិត​សព្វាវុធ​នុយគ្លេអ៊ែរ​។​

​ការសាកល្បង​កាំជ្រួច​មាន​តំលៃ​សំរាប់​កិច្ចខិតខំ​របស់​យោធា​កូរ៉េខាងជើង​ដើម្បី​ធ្វើ​ទំនើបកម្ម​ឃ្លាំង​អាវុធ​របស់​ខ្លួន​តែ​វា​ក៏​បញ្ជាក់​ពី​ជំហរ​ប្រកាន់​សង្គ្រាម​ខ្លាំង​ឡើង​របស់​រដ្ឋាភិបាល​​ក្រុង​ព្យុងយ៉ាង ក្នុងពេល​ខ្លួន​ប្រឈម​នឹង​អ្វី​ដែល​ត្រូវបាន​មើលឃើញថា​ជា អាម៉េរិក​មិនចេះ​ផ្លាស់ប្តូរ​ជំហរ​និង​អរិភាព​មួយ​។​

​ក្នុង​សេណា​រី​យ៉ូ​ល្អ​បំផុត​មួយ ការបាញ់​រ៉ុក្កែត​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ជា​ការប៉ុនប៉ង​មួយ​ដើម្បី​ធ្វើអោយ​កាលកំណត់​ខែធ្នូ​កាន់តែ​បន្ទាន់​ចំពោះ​អាម៉េរិក នេះ​បើ​តាម​លោក អ៊ែន​ដ្រេ​​អា​ប្រា​ហា​មៀន សាស្ត្រា​ច​រ្យ​នៅ​សកល​វិទ្យាល័យ​George Mason University Korea​។​

​បើតាម​អ្នកការទូត​ម្នាក់​នៅ​ក្រុង​សេ​អ៊ូ​ល​ ​សង្គ្រាម​ឈរឈ្មោះ​បោះឆ្នោត​ជា​ថ្មី​របស់​ត្រាំ​និង​ការស៊ើបអង្កេត​ដើម្បី​ចោទប្រកាន់​ហើយ​បោះឆ្នោត​សម្តែង​ការមិនទុកចិត្ត​ប្រធានាធិបតី​ត្រាំ​នៅក្នុង​សភា​សុទ្ធតែ​អាច​នាំ​អោយ​គីម​កូរ៉េខាងជើង​វាយ​តំលៃ​ខ្ពស់​អំពី​ប្រៀប​របស់លោក​។ មេដឹកនាំ​កូរ៉េខាងជើង​ហាក់​យល់ថា​ខ្លួនឯង​ថា​អាចជួយ ឬ​បំផ្លាញ​ត្រាំ​នៅ​ក្នុងការ​​ឈរឈ្មោះ​បោះឆ្នោត​ឡើងវិញ​នេះ​។​

​លទ្ធផល​នៃ​កិច្ចពិភាក្សា​ថ្នាក់​ការងារ​នៅ​ក្រុង​ស្តុក​ខុម កាលពី​ថ្ងៃ​៥​តុលា មិន​ត្រូវ​គេ​ដឹង​ច្រើន​ទេ​តែ​នៅ​ពេល​អ្នកចរចា​អាម៉េរិក​បាន​ព្យាយាម​កំណត់​ពេល​ពិភាក្សា​ថ្មី​មួយទៀត ពួក​​មន្ត្រី​កូរ៉េខាងជើង​មិន​សហការ នេះ​បើ​តាម​ការ​អោយ​ដឹង​ពី​ពួក​អ្នកការទូត​ដែលថា​«​ទស្សនវិស័យ​ហាក់​មិន​ល្អ​ទេ​»​។​

​សូមបញ្ជាក់​ថា ទោះជា​ទណ្ឌកម្ម​របស់​ស​ហ​ប្រជាជាតិ​លើ​កូរ៉េខាងជើង​នៅ​ជា​ធរមាន ក៏​ជំនួញ​ខ្លះ​ជាមួយ​ចិន​ហាក់​កើនឡើង ហើយ​ទំនាក់ទំនង​នយោបាយ​រវាង​ចិន​និង​កូរ៉េ​ខាង​ជើ​​ង​កាន់តែ​មាន​ភាពល្អប្រសើរ​ឡើង​យ៉ាង​គំហុក​។​

​គីម និង​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង បាន​ជួបគ្នា​ជាច្រើនលើក ហើយ​ប្រទេស​ទាំង​ពីរ​បាន​ដោះដូរ​គណៈប្រតិភូ​នៃ​មន្ត្រី​រដ្ឋាភិបាល​រវាង​គ្នា​។​ការហូរ​ចូល​អ្នកទេសច​រ​ចិន​ដ៏​ច្រើន​នៅ​​មួយ​ឆ្នាំ​មកនេះ​ក៏​ជា​ប្រភព​សាច់ប្រាក់​ធំ​មួយ​សំរាប់​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​។​ប្រធាន​ក្រុម​ពិគ្រោះ​យោបល់ Korea Risk Group​បាន​វាយ​តំលៃ​ថា​អ្នកទេសចរ​ចិន​ដល់​ទៅ​៣៥០.០០០​នាក់​បាន​ទៅ​ទស្សនា​កូរ៉េខាងជើង​នៅ​ឆ្នាំ​នេះ ដោយ​អាច​អោយ​កូរ៉េខាងជើង​រកចំណូលបាន​១៧៥​លាន​ដុល្លារ​។​

ប្រជាជន​មើល​ទូរទស្សន៍​បង្ហាញ​កូរ៉េខាងជើង​សាកល្បង​ទម្រ​បាញ់​រ៉ុក្កែត​ខ្នាត​យក្ស​កាលពី​ថ្ងៃ​៣១​តុលា​នៅ​ក្រុង​សេ​អ៊ូ​ល​

​ក្នុងពេល​ជាមួយគ្នា អង្គការសហប្រជាជាតិ​បាន​រាយការណ៍​ថា​កូរ៉េខាងជើង​គេចផុត​ពី​ទណ្ឌកម្ម​ជាច្រើន ហើយ​រដ្ឋាភិបាល​នេះ​អាច​លួច​លុយ​ដល់​ទៅ​២​ពាន់​លាន​តាមរយៈ​ការ​វាយ​​ប្រហារ​តាម​ប្រព័ន្ធ​អ៊ិន​ធឺ​ណិ​ត​។​

​ចូល វីត ធ្វើការ​នៅ​មជ្ឈមណ្ឌល​Stimson Center​នៅ​វ៉ាស៊ីនតោន បាន​និយាយថា​«​វា​ច្បាស់​ណាស់​ថា​បរាជ័យ​នៃ​ជំនួប​កំពូល​នៅ​ក្រុង​ហាណូយ​នាំអោយ​មាន​ការជជែក​គ្នា​នៅ​កូរ៉េ​​ខាងជើង​ថា​តើ​ផ្លូវ​ដើរ​របស់​គីម ឆ្ពោះទៅ​រក​ការរំសាយ​ចោល​នុយគ្លេអ៊ែរ​នោះ ជា​ផ្លូវ​ត្រឹមត្រូវ​ដែរ​ឬ​អត់​។​សំរាប់​ពេល​ឥឡូវ កូរ៉េខាងជើង​ហាក់​មិន​ចង់​ពាក់ព័ន្ធ​ជាមួយ​អាម៉េរិក​​ឬ​កូរ៉េខាងត្បូង​ទៀត​ទេ រហូត​ទាល់តែ​ខ្លួន​ទទួលបាន​សម្បទាន​ថែម​»​។​

​ពួក​អ្នកវិភាគ​ផ្សេង​ទៀត​ក៏​សម្តែង​ការ​មិន​ជឿ​ទាំងស្រុង​ថា គីម​នឹង​បោះបង់​ចោល​សព្វាវុធ​នុយគ្លេអ៊ែ​ររបស់​លោក​ដែល​រក​បាន​ទាំង​លំបាក និង​ថា​សូម្បី​តែ​ឱកាស​បង្កើត​កិច្ច​​ព្រមព្រៀង​ត្រួតត្រា​អាវុធ​មាន​កំរិត​មួយ​ក៏​កំពុង​របូត​បាត់​ផងដែរ​៕​ប្រែ​សម្រួល​៖​វាសនា​