កូរ៉េខាងជើង​ច្រានចោល​កិច្ចពិភាក្សា​នុយគ្លេអ៊ែរ បើ​អាម៉េរិក​នៅ​បន្ត​អរិភាព​ខាង​យោធា​

279
ចែករម្លែក

​កូរ៉េ​ខាងជើង​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២២​សីហា​ថា ខ្លួន​«​មិន​ចាប់​អារម្មណ៍​»​នឹង​ការពិភាក្សាគ្នា​ទេ ប្រសិនបើ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​មិន​បញ្ឈប់​«​ចំណាត់ការ​យោធា​​បែប​អរិភាព​កាន់តែ​ខ្លាំង​ឡើង​» នៅពេល​តំណាង​ជាន់ខ្ពស់​អាម៉េរិក​ម្នាក់​បាន​ទៅ​ដល់​ក្រុង​សេ​អ៊ូ​ល​ជាមួយនឹង​ការ​សម្លឹង​ទៅ​រក​ការ​បន្ត​កិច្ច​ពិភាក្សា​នុយគ្លេអ៊ែរ​ឡើងវិញ​ជាមួយ​​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​។​

​កិច្ច​ពិភាក្សា​រវាង​រដ្ឋាភិបាលក្តុង​ព្យុង​យ៉ាង​និង​វ៉ាស៊ីនតោន បាន​ជាប់គាំង​ចាប់តាំងពី​ជំនួប​កំពូល​លើក​ទី​២​រវាង​ប្រធានាធិបតី​អាម៉េរិក​លោក​ដូណាល់ ត្រាំ និង​មេដឹកនាំ​កូរ៉េ​ខាង​​ជើង គីម ជុង​អ៊ុន នៅ​ក្រុង​ហាណូយ​បាន​បរាជ័យ​។​អ្នក​ទាំង​ពីរ​បាន​ជួប​គ្នា​ជា​ថ្មី​កាលពី​ខែ​មិថុនា​នៅ​ព្រំដែន​កូរ៉េ និង​បាន​ព្រមព្រៀង​ចាប់ផ្តើម​ការចរចា​ថ្នាក់​ការងារ​ជាថ្មី តែ​កិច្ច​​ពិភាក្សា​ទាំង​នោះ​មិនទាន់​បាន​ចាប់ផ្តើម​នៅឡើយ​ទេ​។​

​ក្នុងពេល​ជាមួយគ្នា កូរ៉េ​ខាងជើង​បាន​សាកល្បង​កាំជ្រួច​ចម្ងាយ​ខ្លី​ជាច្រើន​លើក​នៅ​ប៉ុន្មាន​សប្តាហ៍​មក​នេះ ដើម្បី​ប្រឆាំង​នឹង​សមយុទ្ធ​យោធា​រួម​គ្នា​រវាង​កូរ៉េ​ខាងត្បូង​និង​អាម៉េរិក​​ដែល​ខ្លួន​យល់ថា​ជា​ការហ្វឹកហាត់​សំរាប់ធ្វើ​សង្គ្រាម​ឈ្លានពាន​។​

​ស្ទេ​ហ្វិន ប៊ី​អេ​ហ្កា​ន់ តំណាង​ពិសេស​របស់​អាម៉េរិក​សំរាប់​កិច្ចការ​កូរ៉េខាងជើង បាន​ទៅ​ដល់​កូរ៉េខាងត្បូង​កាលពី​ថ្ងៃ​ពុធ សំរាប់​ដំណើរ​ទស្សនកិច្ច​៣​ថ្ងៃ និង​បាន​និយាយថា រដ្ឋាភិបាល​​ក្រុង​វ៉ាស៊ីនតោន​ត្រៀម​ចូល​ពាក់ព័ន្ធ ដរាបណា​ខ្លួន​ឮ​សម្តី​មក​ពី​ខាង​ក្រុង​ព្យុងយ៉ាង​។​

​តែ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ អ្នកនាំពាក្យ​ក្រសួងការបរទេស​កូរ៉េខាងជើង បាន​ធ្វើអោយ​បាត់​ក្តី​សង្ឃឹម​អំពី​ការចរចា​ជាថ្មី ដោយ​បាន​វាយប្រហារ​រិះគន់​ការសាកល្បង​កាំជ្រួច​បណ្តែត​​ចម្ងាយ​មធ្យម​កាលពី​ពេល​ថ្មីៗ​របស់​អាម៉េរិក និង​ផែនការ​បញ្ជូន​យន្តហោះ​F-35​មក​កាន់​តំបន់ ដោយ​ចាត់ទុក​វា​ថា​ជា​ចំណាត់ការ​ដ៏​គ្រោះថ្នាក់​ដែល​«​អាច​បង្ក​សង្គ្រាមត្រជាក់​ថ្មី​​មួយ​»​។​

​លោក​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ដែល​ត្រូវបាន​ផ្សាយ​ក្នុង​ទីភ្នាក់ងារ​សារព័ត៌មាន​កណ្តាល​កូរ៉េ​(KCNA)​ថា​« រឿង​នេះ​បង្ខំ​អោយ​យើង​គិតគូរ​អំពី​វិធី​ជាក់ស្តែង​មួយ​នៃ​​ការចាប់អារម្មណ៍​របស់​យើង​ខ្លាំង​ឡើង​លើ​ការពង្រឹង​របាំង​ការពារ​ជាក់ស្តែង​។​យើង​នៅ​មិន​ផ្លាស់ប្តូរ​ជំហរ​របស់​យើង​ក្នុង​ការដោះស្រាយ​បញ្ហា​ទាំងអស់​ដោយ​សន្តិវិធី តាម​ការចរចា​​និង​ពិភាក្សា​គ្នា​។​តែ​ការចរចា អម​ដោយ​ការ​គំរាម​យោធា មិន​ជា​អ្វី​ដែល​យើង​ចាប់​អារម្មណ៍​ទេ​»​។​

KCNA​ក៏​បាន​បន្ទរ​សម្លេង​ប្រឆាំង​របស់​កូរ៉េ​ខាងជើង​ប្រឆាំង​នឹង​ការ​នាំចូល​យន្តហោះ​ទំនើបៗ​បំផុត​របស់​អាម៉េរិក​ដោយ​កូរ៉េខាងត្បូង ដូចជា​យន្តហោះ​បំបាំងកាយ​ធុន​F-35​ដោយ​ហៅ​វា​ថា​ជាការ​បង្ករឿង​ធំធេង​៕​ដោយ​៖​វាសនា​

ការ​នាំចូល​យន្តហោះ​ទំនើបៗ​បំផុត​របស់​អាម៉េរិក​ដោយ​កូរ៉េខាងត្បូងនិងការសាកល្បងកាំជ្រួចដោយអាម៉េរិក ត្រូវកូរ៉េខាងជើងយល់ថាជាការបង្ករឿងដ៏គ្រោះថ្នាក់

#