កូរ៉េខាងជើង​ច្រាន​ចោល​សំណើ​អាម៉េរិក​ដើម្បី​បើក​ការចរចា​នៅ​ខែ​ក្រោយ និង​សុំ​អោយ​បញ្ឈប់​សមយុទ្ធ​យោធា​

317
ចែករម្លែក

​កូរ៉េខាងជើង កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​និយាយថា​ខ្លួន​បាន​ច្រានចោល​សំណើ​របស់​អាម៉េរិក​មួយ​សម្រាប់​កិច្ចពិភាក្សា​ថ្មី ដោយ​ថា​ខ្លួន​មិន​ចាប់អារម្មណ៍​នឹង​ការពិភាក្សា​បន្ថែម​​នៅមុន​កាលកំណត់​ដំណាច់ឆ្នាំ ដែល​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​ដាក់​សំរាប់​អោយ​អាម៉េរិក​ផ្លាស់​ជំហរ​ឬ​ចេះ​បត់បែន​គោលជំហរ​នៅក្នុង​ការចរចា​ជាមួយ​កូរ៉េខាងជើង​បន្ថែម​នោះ​។​

​លោក​គីម ម្យុង ហ្គីល អ្នកចរចា​នុយគ្លេអ៊ែរ​កូរ៉េខាងជើង បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា លោក ស្ទេ​ហ្វិន ប៊ី​ហ្កា​ន់ សម​ភាគី​អាម៉េរិក​របស់លោក បាន​សុំ​ជួបប្រជុំ​ជា​​ថ្មី​នៅក្នុង​ប្រទេស​ទី​៣​ណាមួយ​។​

​លោក​គីម និង​ប៊ី​ហ្កា​ន់ បាន​ជួបប្រជុំ​គ្នា​កាលពី​ខែ​មុន​នៅ​ស៊ុយអែត តែ​ជំនួប​នោះ​បាន​បរាជ័យ ដោយសារតែ​លោក គីម ម្យុង​ហ្គីល​និយាយ​ថា​ភាគី​អាម៉េរិកមិ​បានបង្ហាញ​ឥរិយា​​បទ​ចរចា​ថ្មី​។​

​កូរ៉េខាងជើង​បាននិងកំពុង​ស្វះស្វែង​ការបន្ធូរបន្ថយ​ទណ្ឌកម្ម​មកលើ​ខ្លួន តែ​អាម៉េរិក​នៅតែ​និយាយ​ថា​ទាល់តែ​កូរ៉េខាងជើង​រំលាយ​ចោល​កម្មវិធី​នុយគ្លេអ៊ែរ​ជាមុនសិន​។​

​ការចេញ​សេចក្តីថ្លែងការណ៍​របស់​កូរ៉េ​ខាងជើង​បាន​កើតឡើង ចំ​ពេល​មន្ត្រី​យោធា​អាម៉េរិក​ជួបជុំគ្នា​នៅ​ក្រុង​សេ​អ៊ូ​ល​និង​ចំ​ពេល​មាន​ការ​គំរាម​ខ្លាំង​ឡើង​ពី​កូរ៉េខាងជើង​អោយ​​អាម៉េរិក​បញ្ឈប់​សមយុទ្ធ​រួមគ្នា​ជាមួយ​កូរ៉េ​ខាងត្បូង​។​

​ឧត្តមសេនីយ៍ ម៉ាក មី​ល​លី ប្រធាន​សេនាធិការ​ចម្រុះ​អាម៉េរិក បានបញ្ជាក់​អះអាង​ជា​ថ្មី​ថា​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ត្រៀមខ្លួន​ប្រើ​សមត្ថភាព​ពេញលេញ​របស់​ខ្លួន​ដើម្បី​ការពារ​​កូរ៉េ​ខាងត្បូង​ពី​ការវាយប្រហារ​ណាមួយ​។​

​ជុំវិញ​សភាពការណ៍​កូរ៉េខាងជើង​នេះដែរ ទីភ្នាក់ងារ​សារព័ត៌មាន​កណ្តាល​កូរ៉េ​បាន​រាយការណ៍​កាលពី​ថ្ងៃ​សៅរ៍​ទី​១៦​វិច្ឆិកា​ថា មេដឹកនាំ​កូរ៉េខាងជើង លោក​គីម ជុង​អ៊ុន បាន​ត្រួត​​ពិនិត្យ​និង​ទស្សនា​សមយុទ្ធ​របស់​ក្រុម​អាកាសយាន​និក​មកពី​កងទ័ព​អាកាស​និង​កងការពារ​ដែនអាកាស​របស់​ប្រទេស​។​

​ទីភ្នាក់ងារ​សារព័ទ៌មាន​KCNA បាន​រាយការណ៍​ថា ក្នុងអំឡុង​ការសម្តែង​របស់​ទ័ពអាកាស លោក​គីម បាន​លើកទឹកចិត្ត​អ្នកចូលរួម​និង​បានបង្ហាញ​ការពេញចិត្ត​សមត្ថភាព​​ដ៏​ខ្លាំងក្លា​របស់​កងទ័ពអាកាស​៕​ដោយ​៖​វាសនា​

គីម ជុង​អ៊ុន ទស្សនា​ការហ្វឹកហាត់រ​បស់​អាកាសយានិក​យោធា​កូរ៉េខាងជើង និង​បាន​សរសើរ​ជំនាញ​សមត្ថភាព​របស់​គេ​