កូរ៉េខាងជើង​ជំរុញ​អូ​ស្រា្ត​លី​ឱ្យ​ដកខ្លួន​ឆ្ងាយ​ពី​អាមេរិក

329

​រដ្ឋាភិបាល​អូស្ត្រាលី​បាន​និយាយថា ខ្លួន​បានទទួល​ឯកសារ​មួយ​ពី​កូរ៉េខាងជើង ដែល​ជំ​រុញឱ្យ​រដ្ឋាភិបាល​ក្រុង​កង់​បេ​រ៉ា (​អូស្ត្រាលី​) ដកខ្លួន​ឆ្ងាយ​ចេញពី​រដ្ឋបាល​របស់ ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​អាមេរិក​។​

​លិខិត​ឯកសារ​កូរ៉េខាងជើង​នេះ បាន​រិះគន់​យ៉ាងខ្លាំង​ចំពោះ​ការព្រមាន​របស់​ប្រធានាធិបតី​អាមេរិក​នេះ​ដែលថា អាមេរិក​នឹង​បំផ្លាញ​កូរ៉េខាងជើង បើសិន​ខ្លួន​ត្រូវបាន​បង្ខំ​ឱ្យ​ការពារ​ខ្លួន​នោះ​។​

​លោក ម៉ា​ល់​ខូ​ម ធឺ​ន​ប៊ុល (Malcolm Turnbull) នាយករដ្ឋមន្ត្រី​អូស្ត្រាលី បាន​និយាយថា លិខិត​នេះ ត្រូវបាន​បញ្ជូនទៅ​ប្រទេស​ផ្សេងៗ​ទៀតផង​ដែរ​។​

​លោក ធឺ​ន​ប៊ុល បាន​និយាយថា វា​បាន​បង្ហាញថា សម្ពាធ​ការទូត​លើ​កូរ៉េខាងជើង កំពុងមាន​ប្រសិទ្ធិភាព ទោះបី​ជាមាន​លិខិត ដែលមាន​លក្ខ​ខ​ណ្ខ​ជា​ពាក្យសម្តី​កំហឹង​និង​ជា​សង្គ្រាមពាក្យសម្តី កាលពីពេល​មុននេះ​ក្តី ។​

​លិខិត​នេះ ត្រូវបាន​បញ្ជូន​តាមរ​យៈ​ស្ថានទូត​កូរ៉េខាងជើង​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​។ លិខិត​ដដែល​នេះ​បាន​ជំរុញ​រដ្ឋាភិបាល​ផ្សេងៗ​ទៀត​ឱ្យ​ដកខ្លួន​ចេញពី “​ចំណាត់ការ​ឥត​គិត​និង​ដ៏​គ្រោះថ្នាក់​របស់​រដ្ឋបាលរ​បស់ ដូ​ណា​ល់ ត្រាំ​” និង បានបញ្ជាក់​ជាថ្មី​ថា អាមេរិក​នឹង​ជា​អ្នកទទួលខុសត្រូវ​ចំពោះ​មហន្តរាយ​អាវុធ​នុយក្លេអ៊ែរ​។​

​កាលពី​ថ្ងៃ​សៅរ៍ សប្តាហ៍​មុន រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង បាន​ព្រមាន​ថា “​អូស្ត្រាលី​នឹងមិន​អាច​ជៀស​ផុតពី​មហន្តរាយ​បាន​នោះទេ បើសិន​ខ្លួន​គាំទ្រ​គោលនយោបាយ​របស់​អាមេរិក​ចំពោះ​របប​ដឹកនាំ​របស់​គីម ជុង អ៊ុន នោះ​” ៕ ដោយ៖ សុខា

​អូស្ត្រាលី​និយាយថា​ខ្លួន​បានទទួល​លិខិត​មួយ​ពី​របប​ដឹកនាំ របស់ គីម ជុង អ៊ុន