កូរ៉េខាងជើង​ដោះលែង​អ្នកទោស​អាមេរិក​៣​នាក់ ដើម្បី​បង្ហាញ​ភាពស្មោះត្រង់​នៅមុន​ជំនួប​កំពូល​

831
ចែករម្លែក

ជនជាប់ឃុំជនជាតិអាមេរិក៣នាក់ ត្រូវបានកូរ៉េខាងជើងដោះលែងនិងកំពុងធ្វើដំណើរទៅស្រុកវិញជាមួយរដ្ឋមន្រ្តីការបរទេស ម៉ៃ ផមផេវ ,នេះបើតាមការអះអាងរបស់ប្រធានាធិបតីអាមេរិកកាលពីថ្ងៃពុធទី៩ឧសភា។

ត្រាំបានសរសេរបង្ហោះថា” ខ្ញុំរីករាយសូមជូនដំណឹងថា រដ្ឋមន្រ្តីការបរទេស ម៉ៃ ផមផេវកំពុងជិះយន្តហោះវិលពីកូរ៉េខាងជើង ជាមួយសុភាពបុរស៣នាក់ដែលគ្រប់គ្នារំពឹងរង់ចាំជួប។ពួកគេហាក់មានសុខភាពល្អ”។

ប្រធានាធិបតីអាមេរិក បានបន្ថែមថា លោកនឹងស្វាគមន៍បុរសទាំង៣ និងលោកផមផេវនៅមូលដ្ឋានទ័ពអាកាសAndrews Air Force Base នៅរដ្ឋមែរីលែន។

ជោគវាសនារបស់ជនជាតិអាមេរិកដើមកំណើតកូរ៉េ លោកគីម ហាក់-សុង(Kim Hak-song)ថូនី គីម( Tony Kim)និងគីម ដុង-ជុល( Kim Dong-chul )ស្ថិតចំណោមបញ្ហាធំដែលត្រូវបានលើកមកនិយាយនៅមុនជំនួបពិភាក្សារវាងមេដឹកនាំអាមេរិកនិងកូរ៉េខាងជើង។

ជំនួបមេដឹកនាំកូរ៉េខាងជើងនិងអាមេរិក ដែលគេរំពឹងថានឹងប្រព្រឹត្តទៅនៅចុងខែនេះឬ ដើមខែក្រោយ

សូមបញ្ជាក់ថា លោកត្រាំ បានបញ្ជូនលោកផមផេវ ទៅកាន់ទីក្រុងព្យុងយ៉ាង ដើម្បីអមដំណើរបុរសទាំង៣មកកាន់ស្រុកវិញបន្ទាប់ពីអាមេរិកអំពាវនាវអោយលោកគីមដោះលែងពួកគេទាំង៣ ដើម្បីជាកាយវិកាសុច្ឆន្ទៈមួយ និងបង្ហាញភាពស្មោះត្រង់នៅមុនជំនួបមេដឹកនាំកូរ៉េខាងជើងនិងអាមេរិក ដែលគេរំពឹងថានឹងប្រព្រឹត្តទៅនៅចុងខែនេះឬ ដើមខែក្រោយ៕ដោយ៖វាសនា

រូបឯកសារបង្ហាញប្រជាជនមើលទូរទស្សន៍បង្ហាញរូបជនជាតិអាមេរិក៣នាក់ដែលជាប់ឃុំនៅកូរ៉េខាងជើង