កូរ៉េខាងជើង​ថា​ខ្លួន​ត្រៀមខ្លួន​ជាស្រេច​សម្រាប់​ទាំង​ជំនួប​ចរចា​និង​ការប្រឈមមុខ​ជា​មួយ​អាម៉េរិក​

170
ចែករម្លែក

​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង លោក រី យ៉ុង ហូ ( Ri Yong Ho ) បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​២៣​ខែ​សីហា ថា​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​បាន​ត្រៀម​ខ្លួន​សម្រាប់​ទាំង​ជំនួប​​ចរចា​និង​ការប្រឈមមុខ​ជា​មួយ​ស​ហ​រដ្ឋ​អាម៉េរិក​ហើយ​បាន​ព្រមាន​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ថា​ការ​បន្ត​ដាក់ទណ្ឌកម្ម​គឺជា​ការគិត​ខុស​។ នេះ​បើ​យោង​តាម​សារព័ត៌មាន​កូរ៉េ​KCNA ។​

​កិច្ចចរចា​កម្រិត​ក្រុម​ការងារ​រវាង​សហរដ្ឋ​អាម៉េរិក​និង​កូរ៉េខាងជើង មិនទាន់​បាន​ចាប់ផ្តើម​ឡើង​វិញ​នៅឡើយ​ទេ ចាប់តាំងពី​វា​បាន​ជាប់គាំង​មក​នោះ គឺ​បន្ទាប់ពី​កិច្ចប្រជុំ​កំពូល​​លើក​ទី​២ បាន​បរាជ័យ​រវាង​ប្រធានាធិបតី​អាម៉េរិក លោក ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង លោក​គីម ជុង​អ៊ុន នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម កាលពី​ខែ​កុម្ភៈ​។​

​លោក ដូ​ណា​ល់ ត្រាំ និង លោក គីម ជុង​អ៊ុន បាន​ជួបគ្នា​ម្តង​ទៀត​កាលពី​ខែ​មិថុនា​នៅ​ព្រំដែន​កូរ៉េ​ទាំងពីរ​ហើយ​បាន​យល់ព្រម​បើក​ការចរចា​ឡើងវិញ ប៉ុន្តែ វា​មិន​ទាន់​បាន​កើត​​ឡើង​នៅ​ឡើយ​ទេ​។​

​លោក រី យ៉ុង ហូ បាន​និយាយថា ” ប្រសិនបើ សហរដ្ឋ​អាម៉េរិក​នៅតែ​ចង់បាន​អ្វីៗ​គ្រាប់​យ៉ាង​ជាមួយនឹង​ទណ្ឌកម្ម​នោះ យើង​ត្រូវ​បណ្តោយ​ចំណង់​របស់​វា​(​អាម៉េរិក​)​ទៅតាម​ដំណើរ​​របស់​វា​ទៅ ឬ បើ​មិន​ដូច​ច្នេះ​ទេ ឬ​បញ្ចប់​ចំណង់​នោះ​។ យើង​បាន​ត្រៀម​ខ្លួន​ទាំង​សម្រាប់​ការចរចា​និង​ការប្រឈមមុខ​។​ប្រសិនបើ​សហរដ្ឋ​អាម៉េរិក ព្យាយាម​ប្រឈម​មុខ​ជាមួយ​យើង​ជាមួយ​នឹង​ដាក់​ទណ្ឌកម្ម ហើយ​មិន​បោះបង់​ចោល​ឥរិយាបថ​ប្រឈម​មុខ​របស់​ខ្លួន​នោះ​ទេ​វា​នឹង​ក្លាយជា​ការគិត​ខុស​”​។​

​ការលើកឡើង​របស់​សារព័ត៌មាន​KCNA របស់​កូរ៉េ​ខាងជើង​នេះ បាន​បណ្តាលមកពី​ការអត្ថាធិប្បាយ​របស់​លោក ម៉ៃ ផ​ម​ផេវ រដ្ឋមន្ត្រីការបរទេស​អាម៉េរិក​នៅក្នុង​បទសម្ភាសន៍​​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​នៅ​សប្តាហ៍​នេះ ដោយ​និយាយថា​ប្រសិនបើ​កូរ៉េខាងជើង​មិន​រំសាយ​អាវុធ​នុយក្លេអ៊ែរ​ទេ​សហ​រដ្ឋ​អាម៉េរិក​នឹង​រក្សា​ការដាក់ទណ្ឌកម្ម​ខ្លាំង​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​ ប៉ុន្តែ​លោក​បាន​បញ្ចុះបញ្ចូល​កូរ៉េខាងជើង​ថា ” ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​គឺជា​ផ្លូវត្រូវ​”៕​ដោយ​៖​សុខា​/sn

​​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង លោក រី យ៉ុង ហូ

#