កូរ៉េខាងជើង​ថា​ពេលវេលា​សម្រាប់​ការចរចារ​ថ្មី​ជាមួយ​អាម៉េរិក​ជិត​អស់ហើយ​

324
ចែករម្លែក

​អ្នកការទូត​កូរ៉េខាងជើង​ដែល​ទទួលបន្ទុក​កិច្ចការ​អាម៉េរិក​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៧​ខែ​មិថុនា​ថា សហរដ្ឋ​អាម៉េរិក​គួរ​ចាត់វិធានការ​បង្ហាញ​យុទ្ធសាស្ត្រ​ថ្មី​ដើម្បី ស្តារឡើវិញ​នូវ​កិច្ចចរចារ​ស្តី​ពី​ការរំ​សាយ​ចោល​នុយក្លេអ៊ែ​រ ដោយ​ព្រមាន​ថា​ពេលវេលា​សម្រាប់​កិច្ចចរចា​ថ្មី បាន​កំពុង​ជិត​អស់ហើយ នៅ​មុន​ថ្ងៃ​កំណត់​នៃ​ដំណាច់ឆ្នាំ ដែល​​កំណត់​ដោយ​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​។

​បន្ទាប់​ពី​ការបរាជ័យ​នៃ​កិច្ច​ជំនួប​កំពូល​លើក​ទី​២​រ​របស់​លោក​ជា​មួយ​ប្រធានាធិបតី​សហរដ្ឋ​អាម៉េរិក លោក ដូ​ណា​ល់ ត្រាំ កាលពី​ខែ​កុម្ភៈ លោក គីម ជុង​អ៊ុន​មេដឹកនាំ​​កូរ៉េ​ខាងជើង​បាន​និយាយថា​ជំនួប​លើក​ទី​៣​នឹង​អាច​ធ្វើទៅបាន​លុះត្រាតែ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ប្រកាន់​យក​វិធីសាស្ត្រ​ដែល​អាច​បត់បែន​បាន​។​​លោក គីម ជុង​អ៊ុន បាន​និយាយថា លោក​នឹង​រង់ចាំ​រហូតដល់​ចុងឆ្នាំ​នេះ​។​

​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ជែ​អ៊ីន បាន​និយាយ កាលពី​ថ្ងៃ​ពុធ​ថា​សហរដ្ឋ​អាម៉េរិក​កំពុងស្ថិត​នៅ​ពីក្រោយ​ឆាក​ចរចា​ជាមួយ​កូរ៉េខាងជើង​ជុំវិញ​លទ្ធភាព​ជំនួប​​កំពូល​ទី​៣​ហើយ​បាន​ស្នើ​ឱ្យ​ធ្វើការ​ចរចា​កម្រិត​ថ្នាក់ក្រុម​ការងា​រឡើង​វិញ​។​

​លោក ដូ​ណា​ល់​ត្រាំ បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា លោក​នឹង​មិន​ជួប​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​នៅក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​ទ្វីប​អាស៊ី សម្រាប់​​កិច្ចប្រជុំ​កំពូល​G20​នៅ​ប្រទេស​ជប៉ុន​ក្នុង​សប្តាហ៍​នេះ​ទេ ។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក ដូ​ណា​ល់ ត្រាំ នឹង​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កូរ៉េខាងត្បូង​ផងដែរ​។​

​លោក​ក្វុន ចុង​ហ្គុន ប្រធាន​ទទួលបន្ទុក​កិច្ចការ​ទំនាកទំនង​អាម៉េរិក​នៅ​ក្រសួងការបរទេស​កូរ៉េខាងជើង​នេះ បាន​និយាយថា សហរដ្ឋ​អាម៉េរិក​កាលពី​ពេល​ថ្មីៗ​នេះ ​បាន​និយាយ​អំពី​ការចរចា ខណៈ​ដែល​ប្រព្រឹត្ត​អំពើ​ជា​សត្រូវ​។

​លោក មិន​បាន​បញ្ជាក់​បន្ថែម​នោះ​ទេ ប៉ុន្តែ​អ្នកនាំពាក្យ​ក្រសួងការបរទេស​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ការពង្រីក​ទណ្ឌកម្ម​ថ្មីៗ​របស់​អាមេរិក​ប្រឆាំង​កូរ៉េខាងជើង​​ជា​ទង្វើ​អរិភាព​និង​មាន​ភាព​ប្រជែង​ពិតប្រាកដ​ទៅ​នឹង​ជំនួប​កំពូល​លើក​ទី​មួយ​រវាង លោក គីម ជុង​អ៊ុន និង​លោក​ដូណាល់ ត្រាំ​នៅ​ប្រទេស​សិង្ហ​បុរី កាលពី​ឆ្នាំមុន​។​

​លោក​ក្វុន ចុង​ហ្គុន​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​KCNA របស់​កូរ៉េ​ខាងជើង​ថា “​ការចរចា​មិន​កើត​ឡើង​ដោយ​ខ្លួន​​វា​នោះ​ទេ​នៅពេល​ដែល​សហរដ្ឋ​អាម៉េរិក​មិន​ធ្វើ​សកម្មភាព​តាម​បែប​ប្រាកដ​និយម​ដែល​បម្រើ​ផលប្រយោជន៍​ភាគី​ទាំង​២​និង​បាន​និយាយ​ថា​ការនិយាយ​អំពី​ការចាប់ផ្តើម​ចរចា​​ឡើងវិញ​នោះ គឺ​ដូចជា​សត្វ​សេក​ដែល​និយាយ​ដដែលៗ​។ សហរដ្ឋអាមេរិក មិន​មាន​ពេល​ច្រើន​នៅ​សល់​នោះ​ទេ​បើសិន ខ្លួន​ចង់​ធ្វើឱ្យ​មាន​ផល​ល្អ​នោះ “​។​

​លោក ម៉ៃ ផ​ម​ផេវ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាម៉េរិក​បាន​និយាយថា ការផ្លាស់ប្តូរ​លិខិត​ទៅ​វិញ​ទៅ​មក​កាលពី​ពេល​ថ្មីៗ​នេះ​រវាង លោក ដូ​ណា​ល់ ត្រាំ និង​លោក គីម ជុង​អ៊ុន ​បាន​ជំរុញ​ឱ្យមាន​ក្តីសង្ឃឹម​សម្រាប់​កិច្ចចរចា​ឡើងវិញ ដោយ​និយា​ថា វា​(​កិច្ច​ចរចា​)​ពិតជា​អាច​កើត​ឡើង​បាន​”៕ ​ប្រែ​សម្រួល​៖​សុខា​

លោក គីម ជុង​អ៊ុន និង លោក ដូ​ណា​ល់ ត្រាំ ធ្វើ​ជំនួប​កំពូល​កូរ៉េខាងជើង​-​អាម៉េរិក​លើក​ទី​២​នៅ​វៀតណាម កាលពី​ថ្ងៃទី​២៨​ខែ​កុម្ភៈ​ឆ្នាំ​២០១៩