កូរ៉េខាងជើង​ថា ការគំរាមកំហែង​រប​ស់​អាមេរិក ធ្វើឱ្យ​សង្គ្រាម​មិនអាច​ចៀសវាង​បាន

608

​យន្តហោះ​ទម្លាក់​គ្រាប់បែក​ធុន​ធ្ងន់ B-1B ចំនួន​២​របស់​សហរដ្ឋអាមេរិក​បាន​ចូលរួម​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ ដោយ​ហោះ​ពីលើ​ប្រទេស​កូរ៉េខាងត្បូង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៧​ធ្នូ ចំពេល​មានការ​ព្រមាន​ពី​កូរ៉េខាងជើង​ថា សមយុទ្ធ​និង​ការគំរាមកំហែង​របស់​អាមេរិក​ធ្វើឱ្យ​សង្គ្រាម​ផ្ទុះឡើង​ជាក់​ជាមិនខាន​ឡើយ​។​

​សមយុទ្ធ​ប្រចាំឆ្នាំ​អាមេរិក​-​កូរ៉េខាងត្បូង​ឈ្មោះ “Vigilant Ace” នេះ មាន​យន្តហោះ​ចូលរួម​ចំនួន​២៣០​គ្រឿង ដោយ​រួមទាំង​យន្តហោះ​ចម្បាំង​បំបាំងកាយ​ថ្មី​ជាច្រើន​គ្រឿង​របស់​អាមេរិក ។ សមយុទ្ធ​រយៈពេល​មួយ​សប្តាហ៍​នេះ ត្រូវបាន​ធ្វើឡើង បន្ទាប់ពី​កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​មី​ស៊ី​ឆ្លង​ទ្វីប (ICBM) ដ៏​ខ្លាំង​បំផុត​របស់ខ្លួន ដែល​ខ្លួន​និយាយថា អាច​បាញ់​ដល់​ប្រទេស​អាមេរិក​ទាំងមូល ។​

​ក្រសួងការបរទេស​កូរ៉េខាងជើង​បាន​ស្តីបន្ទោស​ការធ្វើ​សមយុទ្ធ​នេះ​និង ការប្រឈមមុខ​ដាក់គ្នា​ដោយ​ពួក​មន្ត្រី​អាមេរិក ធ្វើឱ្យ​សង្គ្រាម​មិនអាច​ចៀសវាង​បាន​។​

​ក្រសួងការបរទេស​កូរ៉េខាងជើង​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​សំណួរ​ដែល​នៅសល់​ឥឡូវនេះ​គឺថា​តើ​នៅពេលណា​សង្គ្រាម​នេះ នឹង​ផ្ទុះឡើង​? យើង​មិន​ចង់បាន​សង្គ្រាម​ទេ ប៉ុន្តែ​យើង​មិន​ចង់​លាក់បាំង​ពី​វា​នោះទេ​”​។​

​ប្រទេស​ចិន​ដែលជា​ប្រទេសជិតខាង​របស់​កូរ៉េខាងជើង​និង​ជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​តែមួយគត់​បាន​ជំរុញឱ្យមាន​ភាពស្ងប់ស្ងាត់​ហើយ​បាន​និយាយថា​សង្គ្រាម​មិនមែនជា​ចម្លើយ​នោះទេ ខណៈដែល​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក សឺ​ហ្គី ឡាវ​រ៉ូ​វ បាន​និយាយថា​កូរ៉េខាងជើង​ចង់ឱ្យមាន​កិច្ចចរចា​ដោយផ្ទាល់​ជាមួយ​សហរដ្ឋអាមេរិក ដើម្បី​ស្វែងរក​ការធានា​លើ​សន្តិសុខ​របស់ខ្លួន គឺជា​រឿង​មួយ ដែល​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ ត្រៀមខ្លួន​ជួយ​សម្របសម្រួល​នោះ​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក កេង សួង និយាយថា “​យើង​សង្ឃឹមថា​ភាគី​ពាក់ព័ន្ធ​ទាំងអស់​អាច​រក្សា​ភាពស្ងប់ស្ងាត់​និង​អត់ធ្មត់​និង​ចាត់វិធានការ​ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​និង​មិន​ធ្វើឱ្យ​មានការ​បង្កហេតុ​ដាក់គ្នា​ទៅវិញទៅមក​”៕ ដោយ៖ សុខា

​យន្តហោះ​ទម្លាក់​គ្រាប់បែក​អាមេរិក​B-1B ហោះ​នាំ​មុន​ក្នុង​ពេលធ្វើ​សមយុទ្ធ​រួម​អាមេរិក​-​កូរ៉េខាងត្បូង​កាលពី​ថ្ងៃ​ពុធ