កូរ៉េខាងជើង​ថា ការស្លាប់​របស់​និស្សិត​អាមេរិក មាន “​ភាពអាថ៌កំបាំង​សម្រាប់​យើង​ផងដែរ​”

964
ចែករម្លែក

​រដ្ឋាភិបាល​កូរ៉េខាងជើង កាលពី​ថ្ងៃ​សុក្រ ទី​២៣ មិថុនា បាន​បដិសេធ​ការធ្វើ​ទុក្ខទោស​លើ​និស្សិត​អាមេរិក លោក អូត​តូ វ៉ា​ម​បៀ (Otto Warmbier) ដែល​បាន​ធ្លាក់ខ្លួន​ឈឺ​រហូតដល់​សន្លប់​បាត់ស្មារតី ខណៈដែល​គាត់​ត្រូវបាន​ឃុំខ្លួន​ក្នុង​គុក​នៅ​កូរ៉េខាងជើង​។​

​កាលពី​ថ្ងៃ​ចន្ទ លោក អូត​តូ បាន​ស្លាប់ ដោយ​មិនបាន​ដឹងខ្លួន​ឡើងវិញ​នោះទេ បន្ទាប់ពី​គាត់​ត្រូវ​បញ្ជូនមក​សហរដ្ឋអាមេរិក​វិញ​ពី​កូរ៉េខាងជើង កាលពី​សប្តាហ៍​មុន​។​

​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បាន​ហៅ​កូរ៉េខាងជើង​ថា​ជា “​របប​ឃោរឃៅ​”​។​

​អ្នកនាំពាក្យ​ម្នា​ក់នៅ​ទីក្រុង​ព្យុងយ៉ាង ដែល​ត្រូវបាន​ដកស្រង់​សម្តី​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​របា​ន​និយាយថា ការស្លាប់​របស់លោក អូត​តូ វ៉ា​ម​បៀ គឺមាន “​ភាពអាថ៌កំបាំង​”​។​

​លោក អូត​តូ វ៉ា​ម​បៀ អាយុ​២២​ឆ្នាំ​រូបនេះ បានធ្វើ​ដំណើរ​ជាមួយ​ពួក​អ្នកទេសចរ​មួយក្រុម​នៅពេលដែល​គាត់​ត្រូវបាន​ចាប់ខ្លួន​នៅ​អាកាសយានដ្ឋាន​ក្រុង​ព្យុងយ៉ាង កាលពី​ខែមករា ឆ្នាំ​២០១៦​។​

​ដោយ​ត្រូវបាន​ចោទប្រកាន់ថា​បាន​លួច​ក្រដាស​ឃោសនា​មួយ​ពី​សណ្ឋាគារ​នោះ គាត់​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់គុក​ចំនួន​១៥​ឆ្នាំ ដោយ​បង្ខំ​ឱ្យធ្វើ​ការ​ជា​ទម្ងន់​។​

​អ្នកនាំពាក្យ​កូរ៉េខាងជើង​នេះ ដែល​ត្រូវបាន​ដកស្រង់​សម្តី​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​របា​ន​និយាយថា “​និស្សិត​អាមេរិក​នេះ បាន​វិល​ត្រឡប់មក​សហរដ្ឋអាមេរិក​វិញ ក្នុង​សភាព​សុខភាព​ជាធម្មតា​របស់​គាត់​”​។​

​អ្នកនាំពាក្យ​កូរ៉េខាងជើង​នេះ បាន​និយាយថា “​លោក អូត​តូ វ៉ា​ម​បៀ បាន​ស្លាប់ គឺ​មិន​ដល់​មួយ​សប្តាហ៍​ផង​បន្ទាប់ពី​ការវិលត្រឡប់​របស់គាត់​មក​សហរដ្ឋអាមេរិក​វិញ ដោយ​ស្ថិតនៅក្នុង​សភាព​សុខភាព​ជាធម្មតា​របស់​គាត់ ហើយ​នោះ​គឺ​វា​មាន​ភាពអាថ៌កំបាំង​សម្រាប់​យើង​ផងដែរ​”៕

លោក អូត​តូ វ៉ា​ម​បៀ ត្រូវបាន​នាំខ្លួន​មក​វិនិច្ឆ័យ​ទោស​តាម​ការចោទប្រកាន់ថា​បាន​លួច​ក្រដាស​ឃោសនា​មួយ​ពី​សណ្ឋាគារ​