កូរ៉េខាងជើង​ថា គីម ជុង​អ៊ុន ត្រួត​មើល​ការសាកល្បង​ប្រព័ន្ធ​សព្វាវុធ​ថ្មី​

340
ចែករម្លែក

​កូរ៉េ​ខាងជើង​បាន​និតាត​កាលពី​ថ្ងៃអាទិត្យ​ទី​១១​សីហា​នេះ​ថា​មេដឹកនាំ​របស់​ខ្លួន លោក​គីម ជុង​អ៊ុន បាន​ត្រួត​មើល​ការបាញ់​សាកល្បង​ប្រព័ន្ធ​សព្វាវុធ​ថ្មី​មួយ​។​

សារព័ត៌មានកូរ៉េខាងជើងនិយាយថា លោកគីមពេញចិត្តនឹងការសាកល្បងសព្វាវុធថ្មីនេះ

ការ​អួតអាង​អំពី​អាវុធ​នេះ​ត្រូវបាន​គេ​មើលឃើញ​ថា​ជាការ​ព្យាយាម​របស់​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​ដើម្បី​បង្កើន​ការ​តថ្លៃ​មុន​ការចរចា​ជាមួយ​អាម៉េរិក​អំពី​ការរំសាយ​សព្វាវុធ​នុយ​​គ្លេ​អ៊ែ​ររបស់ខ្លួន​។​

​របាយការណ៍​ក្នុង​ទីភ្នាក់ងារ​សារព័ត៌មាន​កណ្តាល​កូរ៉េ កើត​ឡើង​តែ​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​ប្រធានាធិបតី​អាម៉េរិក​លោក ដូ​ណា​ល់ ត្រាំ បាន​បង្ហាញ​បំណង​ចរចា​ជាថ្មី​អំពី​បញ្ហា​នុយ​គ្លេ​​អ៊ែរ ក្រោយ​សមយុទ្ធ​រួមគ្នា​អាម៉េរិក​-​កូរ៉េខាងត្បូង​ចប់​ទៅ​។​

​លោក​ត្រាំ​ក៏​បាន​និយាយថា សម​ភាគី​របស់​លោក​បាន​សុំទោស​ចំពោះ​ការបាញ់​កាំជ្រួច​ចម្ងាយ​ខ្លី​កន្លងមក ដែល​បាន​នាំ​អោយ​សម្ពន្ធមិត្ត​អាម៉េរិក​ក្នុង​តំបន់​មាន​ការព្រួយបារម្ភ​។​

​របាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​KCNA​បាន​កើតឡើង​មួយថ្ងៃ​បន្ទាប់​ពី​កូរ៉េខាងត្បូង​បាន​និយាយថា ខ្លួន​បាន​សង្កេតឃើញ​កូរ៉េខាងជើង​បាញ់​អ្វី​ទំនងជា​កាំជ្រួច​ចម្ងាយ​​ខ្លី​ចូលក្នុង​សមុទ្រ​។​

KCNA បាន​និយាយថា គីម មាន​ការពេញចិត្ត​ខ្លាំង​ណាស់​អំពី​ការបាញ់​សាកល្បង ដែល​ខ្លួន​អះអាងថា​ជា​ប្រព័ន្ធ​សព្វាវុធ​ថ្មី​។​

​ការបាញ់​កាំជ្រួច​លើក​ទី​៥​នៅក្នុង​រយៈពេល​មិន​ដល់​៣​សប្តាហ៍​ផង ត្រូវបាន​គេ​មើលឃើញថា​ជា​ការតវ៉ា​ប្រឆាំង​នឹង​ល្បឿន​ចរចា​ដ៏​យឺត​និង​សមយុទ្ធ​រួម​រវាង​អាម៉េរិក​និង​កូរ៉េ​ខាង​​ត្បូង បូក​រួម​ទាំង​ការ​ដែល​កូរ៉េខាងត្បូង​ទទួល​សព្វាវុធ​ទំនើប​ពី​អាម៉េរិក​។​

​ក្រសួងការបរទេស​កូរ៉េខាងជើង កាលពី​ថ្ងៃអាទិត្យ​ក៏បាន​វាយប្រហារ​រិះគន់​កូរ៉េខាងត្បូង​ចំពោះ​ការបន្ត​ធ្វើ​សមយុទ្ធ​យោធា​ជាមួយ​អាម៉េរិក និង​បាន​និយាយថា ការចរចា​នាពេល​​អនាគត​របស់​ខ្លួន​នឹង​ត្រូវ​ធ្វើ​យ៉ាង​ហ្មត់ចត់​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​ព្យុងយ៉ាង មិនមែន​ជាមួយ​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​ទេ​៕​ដោយ​៖​វាសនា​