កូរ៉េខាងជើង​ថា “​ខ្លួន​លែង​ចាប់អារម្មណ៍​កិច្ច​ជំនួប​កំពូល​ជាមួយ​អាម៉េរិក​”

224
ចែករម្លែក

​នៅ​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​អាម៉េរិក បានលើកឡើង​ពី​ការរំពឹង​ទុក​អំពី​ជំនួប​ចរចា​នោះ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​១៨​វិច្ឆិកា​ថា កូរ៉េខាងជើង​លែងមាន​ចំណាប់​អារម្មណ៍​ទៅលើ​កិច្ច​ជំនួប​កំពូល​ជាមួយ​សហរដ្ឋ​អាម៉េរិក​ដោយ​លើកលែង​តែ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ផ្តល់​សម្បទាន​ថ្មី​នៅក្នុង​កិច្ច​​ចរចា​នុយក្លេអ៊ែរ​របស់​ពួកគេ​។​

​ដោយនិយាយ​សំដៅលើ​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន នោះ លោក ដូ​ណា​ល់ ត្រាំ បាន​និយាយ​នៅ​លើ​ទំនាកទំនង​សង្គម​Twitter កាលពី​ថ្ងៃអាទិត្យ​ថា​” អ្នក​គួរ​​ចាប់ផ្តើម​ធ្វើ​កិច្ច​ការ​ឱ្យ​បាន​លឿន ហើយ​សម្រេច​កិច្ចព្រមព្រៀង ។ ជួប​គ្នា​នៅ​ពេល​ឆាប់ៗ​”​។​

​លោក គីម ជុង​អ៊ុន និង លោក ដូ​ណា​ល់ ត្រាំ​បាន​ជួប​គ្នា​ចំនួន​៣​ដង​ចាប់តាំងពី​ខែ​មិថុនា​ឆ្នាំ​មុន​ប៉ុន្តែ កិច្ចចរចា​ត្រូវបាន​រាំងស្ទះ​ចាប់តាំងពី​កិច្ច​ជំនួប​កំពូល​របស់​ពួកគេ​នៅ​ទី​​ក្រុង​ហាណូយ ប្រទេស​វៀតណាម​កាលពី​ខែ​កុម្ភៈ​បាន​បរាជ័យ ហើយ​កិច្ចចរចា​កម្រិត​ការងារ​កាលពី​ខែតុលា​ប្រទេស​ស៊ុយអែត​ក៏​ទទួល​ការបរាជ័យ​ផងដែរ​។​

​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​បាន​ដាក់​សាន​វាទ​នៅត្រឹម​ចុងឆ្នាំ​នេះ​អោយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ដូរ​ជំហរ​អំពី​ការចរចារ​រំសាយ​ចោល​នុយគ្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​ឬ​ការផ្តល់​​សម្បទាន​សំរាប់​ជំនួប​ចរចា​រវាង​កូរ៉េ​ខាងជើង​និង​រដ្ឋាភិបាល​ក្រុង​ក្រុង​វ៉ា​ស៊ីន​តុ​ន​។​

​ហើយ លោក គីម គ្យី ក្វាន់ ទីប្រឹក្សា​ក្រសួងការបរទេស​បរ​ទេស​កូរ៉េ​ខាងជើង​បាន​និយាយថា​” សហរដ្ឋ​អាម៉េរិក​កំពុង​ជាប់​គាំង ខណៈពេល​ដែល​ធ្វើ​ជា​ថា​វា​មាន​ការរីកចម្រើន ” ។​

​លោក បានលើកឡើង​ពី​អ្វី​ដែល​លោក​ដូណាល់ ត្រាំ​បាន​និយាយ​នៅ​លើ​ទំនាកទំនង​សង្គម​Twitter​កាលពី​ថ្ងៃអាទិត្យ​នោះ ថា​ជា​សញ្ញា​នៃ​ការ​នាំឱ្យមាន​ជំនួប​ថ្មី​មួយ ប៉ុន្តែ​លោក​​បានប្រកាសថា​”​យើង​លែង​ចាប់អារម្មណ៍​នឹង​ជំនួប​ចរចា​បែបនេះ ដែល​មិន​បាន​នាំ​ប្រយោជន៍​អ្វី​សម្រាប់​យើង​” ៕​ដោយ​៖​សុខា​/sn

លោក គីម ជុង អ៊ុន និង លោក ដូ​ណា​ល់ ត្រាំ បាន​ជួបគ្នា​ចំនួន​៣​ដង ចាប់តាំងពី​ខែ​មិថុនា​ឆ្នាំ​មុន​និង​រំពឹង​ជួបគ្នា​ជាថ្មី តែ​មន្ត្រី​កូរ៉េខាងជើង​ថា​មិន​ចាប់អារម្មណ៍ បើសិន​​ជា​អាម៉េរិក​មិន​ធ្វើ​សម្បទាន​