កូរ៉េខាងជើង​និយាយថា​លោក គីម​និង​ស៊ី បាន​ពិភាក្សា​អំពី​បញ្ហា​ឧបទ្វីប​កូរ៉េ​

637
ចែករម្លែក

​ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េ​ខាងជើង​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​២១​មិថុនា​ថា មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន និង​ប្រធានាធិបតី​ចិន លោក​ស៊ី ជីន​ពីង បាន​ធ្វើ​ការពិភាក្សា​​គ្នា​យ៉ាង​ទូលំទូលាយ​អំពី​សភាពការណ៍​នយោបាយ​ជុំវិញ​ឧបទ្វីប​កូរ៉េ​ង​និង​បាន​អំពាវនាវ​អោយ​មាន​ទំនាក់ទំនង​ទ្វេភាគី​កាន់តែ​រឹងមាំ​ឡើង​ក្នុងការ​ប្រឈម​នឹង​«​ការផ្លាស់ប្តូរ​ខ្លាំងក្លា​​និង​ស្មុគស្មាញ​»​នៅក្នុង​តំបន់​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​កណ្តាល​កូរ៉េ (KCNA)​បាន​និយាយថា មេដឹកនាំ​ទាំង​ពីរ​បាន​ឈានដល់​«​ការយោគយល់​រួមគ្នា​»​លើ​បញ្ហា​ដែល​ពួក​លោក​បាន​ពិភាក្សា តែ​របាយការណ៍​មិន​​បាន​ផ្តល់​ព័ត៌មាន​ជាក់លាក់​ណាមួយ​អំពី​កិច្ច​ចរចា​នុយគ្លេអ៊ែរ​ដែល​កំពុង​ជាប់គាំង​រវាង​កូរ៉េ​ខាងជើង​និង​អាម៉េរិក​ទេ​។​

KCNA បាន​និយាយថា​«​កំពូល​មេដឹកនាំ​…​បាន​ធ្វើ​ការផ្លាស់ប្តូ​រទ​ស្សនៈ​ទូលំទូលាយ​អំពី​ស្ថានភាព​នយោបាយ​នៃ​ឧបទ្វីប​កូរ៉េ និង​បញ្ហា​អន្តរជាតិ​និង​តំបន់​ធ្ងន់ធ្ងរ​ផ្សេងៗ​។​ពួកលោក​​បាន​សង្កត់ធ្ងន់​លើ ការពង្រឹង​ទំនាក់ទំនង​ស្រប​តាម​ផលប្រយោជន៍​នៃ​បរទេស​ទាំង​២ នៅក្នុង​ការ​ប្រឈម​នឹង​ការផ្លាស់ប្តូរ​ខ្លាំងក្លា​និង​ស្មុគស្មាញ​នៅក្នុង​បរិយាកាស​ពេលនេះ ដែល​​នឹង​អំណោយផល​សំរាប់​សន្តិភាព ស្ថេរភាព​និង​ការអភិវឌ្ឍន៍​តំបន់​»​។​

​ចំណែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​មុននេះ​បាន​រាយការណ៍​ថា លោក​គីម​បាន​ប្រាប់​លោក​ស៊ី ថា​លោក​កំពុង​រង់ចាំ​ចម្លើយ​តប​ពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​ថា​អាម៉េរិក​គួរ​បំពេញ​​តាម​បំណង​របស់​កូរ៉េខាងជើង​ដើម្បី​«​ស្វែងរក​ផែនការ​ដំណោះស្រាយ ដែល​នឹង​ជួយ​សម្រួល​ដោះស្រាយ​ការព្រួយបារម្ភ​សម​ហេតុផល​របស់​ភាគី​ម្ខាងៗ​»​។​

​យោង​តាម​ទូរទស្សន៍​ចិន​CCTV លោក​ស៊ី​បាន​និយាយថា រដ្ឋាភិបាល​របស់​លោក​មាន​បំណង​ដើរ​តួនាទី​សំខាន់​មួយ​ក្នុងការ​ធ្វើ​អោយ​ឧបទ្វីប​កូរ៉េ​គ្មាន​នុយគ្លេអ៊ែ​រ ហើយ​«​សហគមន៍​​អន្តរជាតិ​រំពឹងថា អាម៉េរិក​និង​កូរ៉េខាងជើង បន្ត​ពិភាក្សា​ហើយ​សំរេចបាន​លទ្ធផល​»​។​

​ប្រធានាធិបតី​ចិន​ត្រូវ​រំពឹងថា​នឹង​ជួប​ប្រធានាធិបតី​អាម៉េរិក ដូ​ណា​ល់ ត្រាំ នៅ​សប្តាហ៍​ក្រោយ​ក្រៅ​ជំនួប​G20​នៅ​ជប៉ុន ហើយ​អាច​ពាំនាំ​សារ​ពី​លោក​គីម អំពី​ការចរចា​នុយគ្លេអ៊ែ​រ​។​

​ដំណើរ​ទស្សនកិច្ច​២​ថ្ងៃ​របស់​ស៊ី​នៅ​កូរ៉េ​ខាងជើង​បាន​ចប់​កាលពី​ថ្ងៃ​សុក្រ​។​វា​បាន​ចាប់ផ្តើម​ជាមួយ​នឹង​ការទទួល​ស្វាគមន៍​របស់​ប្រជាជន​ប្រមាណ​១​ម៉ឺន​នាក់ និង​ការ​បាញ់កាំភ្លើង​​គំនាប់​លោក​នៅ​អាកាសយានដ្ឋាន​ក្រុង​ព្យុង​យ៉ាង​៕​ដោយ​៖​វាសនា​

​រូបភាព​នៃ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ចិន​នៅ​កូរ៉េ​ខាងជើង ដែល​ទើប​ត្រូវបាន​បញ្ចប់​កាលពី​ថ្ងៃ​សុក្រ​