កូរ៉េខាងជើង​និយាយថា ខ្លួន​នឹងមិន​រំលាយចោល​នុយក្លេអ៊ែរ បើ​អាមេរិក​មិន​ដកចេញ​ការ​គំរាម​

792
ចែករម្លែក
  • 113
    Shares

​កូរ៉េខាងជើង​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២០​ធ្នូ​ថា​ខ្លួន​នឹងមិន​បោះបង់ចោល​សព្វាវុធ​នុយ​ក្លេ​អ៊ែរ​ជា​ឯ​តោ​ភាគី​ទេ​ ​ប្រសិនបើ​អាមេរិក​មិន​ដកចេញ​ការ​គំរាម​វាយ​ប្រ​​ហារ​នុយក្លេអ៊ែរ​ជាមុន​នោះ​។​នេះ​ជា​សេចក្តីថ្លែងការណ៍​មួយ​ដែល​បង្ក​ការ​មន្ទិល​ថា​តើ​មេដឹកនាំ​គីម ជុង​អ៊ុន​នឹង​បោះបង់ចោល​សព្វាវុធ​មួយ​ដែល​លោក​មើលឃើញថា​ជាការ​​ធានា​សំរាប់​ការរស់រាន​នៃ​របប​របស់លោក​។​

​សេចក្តីថ្លែងការណ៍​ចេញ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​កណ្តាល​កូរ៉េ ត្រូវបាន​ធ្វើឡើង​ចំពេល​មានការ​ជាប់គាំង​ការចរចា​នុយក្លេអ៊ែរ​រវាង​សហរដ្ឋអាមេរិក​និង​កូរ៉េខាងជើង​​ស្តីពី​ដំណើរ​ការរំសាយ​ចោល​នុយគ្លេអ៊ែរ​និង​ការដកចេញ​ទណ្ឌកម្ម​អន្តរជាតិ​និង​ចំពេល​ប្រេសិត​ពិសេស​របស់​អាមេរិក​បាន​ទៅដល់​កូរ៉េខាងត្បូង​ដើម្បី​ពិភាក្សា​អំពី​ដំណើរ​​ការចរចា​នេះ​។​

​លោក​គីម និង​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ជួបប្រជុំគ្នា​កាលពី​ថ្ងៃ​១២​មិថុនា​ឆ្នាំ​២០១៨ នៅ​សិង្ហ​បុរី ដែល​ចេញពី​ទីនោះ​ពួកលោក​បានបង្ហាញ​បំណង​រំលាយ​​ចោល​នុយគ្លេអ៊ែរ​ទាំងស្រុង​ពី​ឧបទ្វីប​កូរ៉េ តែ​មិនបាន​បញ្ជាក់ថា​ពេលណា​និង​ត្រូវអនុវត្ត​របៀប​ណា​ទេ​។​

​កូរ៉េខាងជើង​បាន​ខិតខំ​អភិវឌ្ឍ​សព្វាវុធ​នុយគ្លេអ៊ែរ​និង​កាំជ្រួច​អស់​ពេល​រាប់​ទសវត្សរ៍​មកហើយ​ដើម្បី​ទប់ទល់​ការឈ្លានពាន​ពី​អាមេរិក​និង​បំណង​អោយ​អាមេរិក​ដក​ទាហាន​​ចេញ​ហើយ​ឈប់​ការពារ​កូរ៉េខាងត្បូង​និង​ជប៉ុន​។​នៅក្នុង​សេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃ​២០​ធ្នូ កូរ៉េខាងជើង​បាន​អះអាង​ជាថ្មី​អំពី​ជំហរ​របស់ខ្លួន​ក្នុងការ​រំសាយ​ចោល​នុយ​គ្លេ​​អ៊ែរ​ហើយ​បាន​ចោទប្រកាន់​អាមេរិក​ថា​យល់​ខុស​អំពី​អ្វីដែល​បាន​ព្រមព្រៀងគ្នា​នៅ​សិង្ហ​បុរី​។​

​វា​បាន​និយាយថា​«​ឥឡូវ​អាមេរិក​ត្រូវ​ដឹង​អោយ​ច្បាស់​អំពី​អត្ថន័យ​នៃ​ការរំសាយ​ចោល​នុយគ្លេអ៊ែរ​ពី​ឧបទ្វីប​កូរ៉េ​និង​ជាពិសេស​ត្រូវ​សិក្សា​អំពី​ភូមិសាស្ត្រ​តាមផ្លូវ​ត្រូវ​។​ពេល​​យើង​និយាយ​អំពី​ឧបទ្វីប​កូរ៉េ វា​រួមមាន​ទឹកដី​របស់​សាធារណរដ្ឋ​របស់​យើង​និង​ក៏​តំបន់​ទាំងមូល​(​កូរ៉េខាងត្បូង​)​កន្លែង​ដែល​អាមេរិក​ដាក់​កងកម្លាំង​ឈ្លានពាន​របស់ខ្លួន រួម​​មាន​សព្វាវុធ​នុយគ្លេអ៊ែ​រ ។​នៅពេល​យើង​និយាយ​អំពី​ការរំសាយ​ចោល​នុយគ្លេអ៊ែរ​ទាំងស្រុង​ពី​ឧបទ្វីប​កូរ៉េ វា​មានន័យថា​ការដកចេញ​ប្រភព​នុយគ្លេអ៊ែរ​ទាំងអស់ មិនមែន​​តែ​ពី​កូរ៉េខាងត្បូង​និង​ខាងជើង តែ​ពី​តំបន់​ជិតខាង​នៃ​ឧ​ប​ទ្វី​នេះ​ផងដែរ​»​។​

​អាមេរិក​បាន​ដកចេញ​កងកម្លាំង​នុយគ្លេអ៊ែរ​កល​យុទ្ធ​របស់ខ្លួន​ចេញពី​កូរ៉េខាងត្បូង​នៅ​ទសវត្សរ៍​១៩៩០​។​

​ការចរចា​នុយគ្លេអ៊ែរ​រវាង​អាមេរិក​និង​កូរ៉េខាងជើង បាន​ជាប់គាំង​ចាប់តាំងពី​ជំនួប​រវាង​ត្រាំ​និង​គីម​។​អាមេរិក​ចង់អោយ​កូរ៉េខាងជើង​ផ្តល់ព័ត៌មាន​លម្អិត​អំពី​ទីតាំង​នុយ​គ្លេ​​អ៊ែរ​និង​កាំជ្រួច​សំរាប់​អធិការកិច្ច​និង​រំលាយចោល​នៅក្រោម​កិច្ចព្រមព្រៀង​ណាមួយ​ពេលខាងមុខ​ខណៈ​កូរ៉េខាងជើង​ចង់អោយមាន​ការបន្ធូរបន្ថយ​ទណ្ឌកម្ម​៕​ដោយ​៖​វាសនា​

មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ពិនិត្យ​ការត្រៀម​បាញ់​កាំជ្រួច​ឆ្លង​ទ្វីប​មួយ​កាលពី​ឆ្នាំ​២០១៧

#