កូរ៉េខាងជើង​និយាយថា អាម៉េរិក​និង​កូរ៉េខាងត្បូង​ត្រូវ​បង្ហាញ​ដំណោះស្រាយ​ថ្មី​ចំពោះ​ជម្លោះ​

182
ចែករម្លែក

​មន្ត្រី​យោធា​ជាន់ខ្ពស់​ម្នាក់​របស់​កូរ៉េ​ខាងជើង​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​២១​តុលា​ថា អាម៉េរិក​និង​កូរ៉េខាងត្បូង​ត្រូវតែ​ដាក់ចេញ​ដំណោះស្រាយ​ថ្មី​ចំពោះ​ការប្រឈមមុខ​បច្ចុប្បន្ន​​នៅ​ឧបទ្វីប​កូរ៉េ ។​លោក​ក៏​បាន​ព្រមាន​ថា គោលនយោបាយ​អរិភាព​ចំពោះ​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង នឹង​នាំ​ដល់​ផលវិបាក​ធ្ងន់ធ្ងរ​។​

​ពាក្យសម្តី​នេះ​បន្ថែម​លើ​ការនិយាយ​កាលពីពេល​ថ្មីៗ​មកពី​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​ដែល​មិន​សប្បាយចិត្ត​នឹង​កង្វះ​ការរីកចំរើន​ក្នុង​ការចរចា​ជាមួយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​។​

​នៅ​ខែ​នេះ កូរ៉េ​ខាងជើង​បាន​ចេញ​ការ​គំរាម​ឥត​លាក់លៀម​អំពី​ការបញ្ចប់​ការផ្អាក​ការសាកល្បង​កាំជ្រួច​ចម្ងាយ​ឆ្ងាយ ចំ​ពេល​ប្រទេស​នេះ​រង​សម្ពាធ​និង​ទណ្ឌកម្មសេដ្ឋកិច្ច​ជា​បន្ត​​ពី​អន្តរជាតិ​និង​អាម៉េរិក​ដើម្បី​អោយ​ប្រទេស​កុំម្មុយនិស្ត​នេះ​បោះបង់​ចោល​កម្មវិធី​កាំជ្រួច​ផ្លោង​និង​នុយក្លែអ៊ែ​រ​។​

​លោក​គីម ហ្យុ​ង រី​យ៉ុង អនុ​រដ្ឋមន្ត្រី​ការពារជាតិ​កូរ៉េខាងជើង បាន​និយាយថា​កូរ៉េ​ខាងជើង​បាន​ធ្វើការ​ដើម្បី​ស្ថាបនា​សន្តិភាព​យូរអង្វែង តែ​ថា​សភាពការណ៍​បាន​វិល​ទៅរក​វដ្ត​​គ្រោះថ្នាក់​មួយ ដោយសារតែ​អំពើ​របស់​អាម៉េរិក​និង​កូរ៉េខាងត្បូង​។​

លោក​គីម ហ្យុ​ង រី​យ៉ុង អនុ​រដ្ឋមន្ត្រី​ការពារជាតិ​កូរ៉េខាងជើង ឡើងថ្លែងក្នុង​វេទិកា​Xiangshan Forum​នៅ​ក្រុង​ប៉េកាំង

​លោក​បាន​និយាយ​ដូច្នេះ​នៅ​វេទិកា​Xiangshan Forum ដែល​ជា​សន្និសីទ​សន្តិសុខ​ប្រចាំ​ឆ្នាំ​មួយ​នៅ​ក្រុង​ប៉េកាំង​របស់ ចិន​។​

​លោក​គីម​បាន​និយាយថា «​ទោះជា​អាម៉េរិក​និង​កូរ៉េ​ខា​ជើង​បានចេញ​សេចក្តីថ្លែងការណ៍​រួម​គ្នា​អស់​ជាង​១​ឆ្នាំ​ហើយ​ក្តី ក៏​ពុំ​ឃើញ​មាន​ការរីកចំរើន​នៅក្នុង​ទំនាក់ទំនង​រវាង​ប្រទេស​​ទាំងពីរ ដោយសារតែ​គោលនយោបាយ​អរិភាព​ខុស​កាលសម័យ​របស់​អាម៉េរិក​មកលើ​កូរ៉េខាងជើង​»​។​

​លោក​ក៏​ចោទប្រកាន់​កូរ៉េ​ខា​ត្បូង​ថា​ប្រកាន់​ឥរិយាបទ​ដោះស្រាយ​ទ្វេ ដោយ​បន្តធ្វើ​សមយុទ្ធ​យោធា​ជាមួយ​អាម៉េរិក និង​ទិញ​សព្វាវុធ​ទំនើប​ពី​អាម៉េរិក និង​ថា «​ដើម្បី​ការពារ​សន្តិ​​ភាព​នៅក្នុង​តំបន់ អាជ្ញាធរ​អាម៉េរិក​និង​កូរ៉េខាងត្បូង​ត្រូវ​អត់ធ្មត់​កុំ​ធ្វើអំពើ​ណា​ដែល​រំខាន​ដល់​ស្ថិរភាព​នៃ​ស្ថានការណ៍​និង​ដាក់ចេញ​វិធី​ថ្មី​សំរាប់​ដោះស្រាយ​បញ្ហា​»​។​

​សូមបញ្ជាក់​ថា កូរ៉េ​ខាងជើង​បាន​សាកល្បង​កាំជ្រួច​នៅ​ប៉ុន្មាន​ខែ​មកនេះ រួម​មាន​មួយ​បាញ់​ចេញពី​ក្នុង​ទឹក​ដែល​កូរ៉េ​ខាង​ជើងះ​អះអាងថា ចេញពី​នាវាមុជទឹក តែ​អាម៉េរិក​សង្ស័យ​​ចេញ​ជើង​ទម្រ​នៅក្រោម​ទឹក​តែប៉ុណ្ណោះ​៕​ដោយ​៖​វាសនា​