កូរ៉េខាងជើង​បញ្ជូន​អ្នកការទូត​កំពូល​ទៅ​ប្រទេស​ចិន​

205

​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង​នឹង​មកដល់​ប្រទេស​ចិន​ដែលជា​សម្ព័ន្ធមិត្ត​សំខាន់​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ទី​៦​ធ្នូ​នេះ​សម្រាប់​កិច្ចចរចា​ដែល​កើតឡើង​ចំពេល​ដែល​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​បញ្ចុះបញ្ចូល​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ឱ្យ​បញ្ឈប់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​បានជា​ប់​គាំង​។​

​យោងតាម​ក្រសួងការបរទេស​ចិន​បានឱ្យដឹងថា លោក​រី យ៉ុង​ហូ គ្រោង​នឹង​ជួបប្រជុំគ្នា​នៅ​ថ្ងៃ​សុក្រ​ស្អែក​ជាមួយ​សម​ភាគី​ចិន​លោក វ៉ាង យី​។​

​ប្រទេស​ចិន​គឺជា​ដៃគូ​សេដ្ឋកិច្ច​និង​នយោបាយ​សំខាន់បំផុត​របស់​កូរ៉េខាងជើង​ប៉ុន្តែ​បាន​ចុះហត្ថលេខា​លើ​ទណ្ឌកម្មសេដ្ឋកិច្ច​របស់​អង្គការសហប្រជាជាតិ​សំដៅ​ជំរុញ​មេដឹកនាំ​គីម ជុង​អ៊ុន​ឱ្យ​បោះបង់ចោល​ការអភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​ឆ្លង​ទ្វីប​របស់ខ្លួន​។​

​លោក​គីម​បាន​បង្កឱ្យមាន​ភាព​តានតឹង​ខ្លាំង ជាមួយ​ការសាកល្បង​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​កាលពី​ឆ្នាំមុន ប៉ុន្ដែ​ភ្លាមៗ​ស្រាប់តែ​ងាក​ទៅរក​កូរ៉េខាងត្បូង​និង​សហរដ្ឋអាមេរិក​នៅ​ឆ្នាំនេះ​ជាមួយនឹង​ការសន្យា​លុបបំបាត់​អាវុធ​នុយក្លេអ៊ែរ ដូច​មិន​ទំនង​។ ពេលនេះ​កូរ៉េខាងជើង​កំពុង​ស្វែងរក​ការធានា​សន្តិសុខ​ពី​សហរដ្ឋអាមេរិក​និង​ការបន្ធូរបន្ថយ​ពី​ការដាក់ទណ្ឌកម្ម​អន្តរជាតិ​។​

​លោ​ករី​រំពឹង​ស្តាប់​នូវ​សេចក្តី​សង្ខេប​អំពី​ការពិភាក្សា​កាលពី​សប្តាហ៍​មុន​រវាង​ប្រធានាធិបតី​ចិន​លោក​ស៊ី​ជីន​ពីង​និង​ប្រធានាធិបតី​អាមេរិក​លោក​ដូ​ណា​ល់ ត្រាំ ដែល​ថ្មីៗ​នេះ​បានប្រកាសថា​ជំនួប​បន្ទាប់​ជាមួយ​លោក​គីម​ទំនងជា​នឹង​កើតឡើង​នៅក្នុង​ខែមករា​ឬ​ខែកុម្ភៈ​៕ ដោយ៖ កញ្ញាដាលីស

លោក​រី យ៉ុង​ហូ (​ស្តាំ​) នឹង​ជួបពិភាក្សា​ជាមួយ​លោក​វ៉ាង​យី​នៅ​ថ្ងៃ​សុក្រ