កូរ៉េខាងជើង​បាញ់​កាំជ្រួច​លើក​ទី​៣​ក្នុង​រយៈពេល​៨​ថ្ងៃ​

294
ចែករម្លែក

​កូរ៉េ​ខាងជើង​បាន​បាញ់​វត្ថុ​ផ្លោង​ចម្ងាយ​ខ្លី​ពីរដង នៅ​ឆ្នេរ​ខាងកើត​ប្រទេស​កាលពី​ដើម​ថ្ងៃ​សុក្រ​ទី​២​សីហា នេះ​បើ​តាម​មន្ត្រី​កូរ៉េខាងត្បូង​។​

​វា​ជា​ការបាញ់​សាកល្បង​លើក​ទី​៣​ក្នុង​រយៈពេល​តែ​១​សប្តាហ៍ និង​ត្រូវបាន​គេ​មើលឃើញ​ថា​ជា​ប្រតិកម្ម​ទៅ​នឹង​សមយុទ្ធ​យោធា​ដែល​នឹង​ត្រូវ​ធ្វើ​នៅ​ខែ​នេះ​រវាង​កូរ៉េខាងត្បូង​​និង​អាម៉េរិក​។​

​ការបាញ់​សាកល្បង​នេះ​បាន​កើតឡើង​នៅ​ម៉ោង​០៣​និង​២៣​នាទី​ថ្ងៃ​សុក្រ ចេញពី​តំបន់​យ៉ុង​ហ៊ុង​នៅក្នុង​ខេត្ត​ហាំ​យ៉ុង​ខាងត្បូង និង​បាន​ធ្លាក់​ចូល​ក្នុង​សមុទ្រ​ជប៉ុន ដែល​គេ​ស្គាល់​​ថា​ជា​សមុទ្រ​ខាងកើត​។​

​និយាយ​នៅ​សេត​វិមាន ប្រធានាធិបតី​អាម៉េរិក​លោក​ដូណាល់ ត្រាំ បាន​និយាយថា​លោក​មិន​បារម្ភ​ជាមួយនឹង​ការបាញ់​សាកល្បង​កាលពី​ពេល​ថ្មីៗ​នេះ​ទេ ពីព្រោះ​វា​ជា​កាំជ្រួច​ចម្ងាយ​​ខ្លី​និង​«​ស្តង់ដា​ណាស់​»​។​

​កាលពី​ថ្ងៃ​ពុធ កូរ៉េ​ខាងជើង​បាន​បាញ់​កាំ​ជ្រួច​២​ដើម ដែល​ហោះ​បាន​២៥០​គីឡូម៉ែត្រ និង​ដល់​កំពស់​៣០​គី​ឡូ មុន​ធ្លាក់​ចូល​ក្នុង​សមុទ្រ​ជប៉ុន​។​

​កូរ៉េខាងត្បូង​សំគាល់​សព្វាវុធ​នេះ​ថា​ជា​កាំជ្រួច​ប្រភេទ​ថ្មី​ចេញពី​ម៉ូ​ដែល​មុន​។​តែ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង បាន​វាយ​តំលៃ​ផ្សេង ដោយ​អះអាង​ថា​ខ្លួន​បាន​សាក​​ល្បង​ប្រព័ន្ធ​បាញ់​រ៉ុក្កែត​ថ្មី​មួយ​។​

លោក​ត្រាំ​និង​មេ​ដឹក​​នាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន​ជួប​គ្នា​នៅ​ព្រំដែន​កូរ៉េ​កាលពីពេលថ្មីៗនិង​បាន​ព្រមព្រៀង​គ្នា​ថា​នឹង​ចាប់ផ្តើម​កិច្ចពិភាក្សា​នុយគ្លេអ៊ែរ​ឡើងវិញ

​កាលពី​ថ្ងៃ​២៥​កក្កដា កូរ៉េ​ខាងជើង​ក៏​បាន​បាញ់​កាំជ្រួច​២​គ្រាប់ ដោយ​មួយ​គ្រាប់​ហោះ​បាន​ប្រមាណ​៦៩០​គីឡូម៉ែត្រ​។​វា​ជា​ការបាញ់​បង្ហោះ​លើកដំបូង​ចាប់តាំងពី​លោក​ត្រាំ​និង​មេ​ដឹក​​នាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន​ជួប​គ្នា​នៅ​ព្រំដែន​កូរ៉េ​និង​បាន​ព្រមព្រៀង​គ្នា​ថា​នឹង​ចាប់ផ្តើម​កិច្ចពិភាក្សា​នុយគ្លេអ៊ែរ​ឡើងវិញ​។​

​កូរ៉េ​ខាងជើង​កាលពី​ពេល​ថ្មីៗ​បានបង្ហាញ​កំហឹង​ចំពោះ​សមយុទ្ធ​រវាង​អាម៉េរិក​-​កូរ៉េខាងត្បូង ជា​លំ​ហាត់​យោធា​ប្រចាំ​ឆ្នាំ​ដែល​សម្ពន្ធមិត្ត​ទាំង​ពីរ​មិន​ព្រម​បោះបង់ចោល តែ​បាន​កាត់​​បន្ថយ​ទំហំ​របស់​វា​។​កូរ៉េខាងជើង​យល់ឃើញថា​វា​ជា​ការហាត់​សម​ដើម្បី​សង្គ្រាម និង​បាន​ហៅ​វា​ថា​ជា​ការរំលោភ​ស្មារតី​នៃ​សេចក្តីថ្លែងការណ៍​រួម ដែល​ចុះហត្ថលេខា​ដោយ​ប្រធានាធិបតី​​ត្រាំ និង​លោក​គីម ជុង​អ៊ុន​កាលពី​ឆ្នាំមុន​នៅ​សិង្ហ​បុរី និង​បាន​ព្រមាន​ថា វា​នឹង​ប៉ះពាល់​ដល់​ការ​បន្ត​កិច្ច​ពិភាក្សា​ស្តីពី​ការរំសាយ​នុយគ្លេអ៊ែរ​៕​ដោយ​៖​វាសនា​

រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​កាន់តែ​បង្ហាញ​ការខិតខំ​សាកល្បង​កាំជ្រួច នៅពេល​អាម៉េរិក​និង​កូរ៉េខាងត្បូង​បន្ត​ធ្វើ​សមយុទ្ធ​យោធា​តាម​ការគ្រោងទុក​