កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​២​គ្រាប់​ចូល​សមុទ្រ បន្ទាប់​ពី ដូ​ណា​ល់ ត្រាំ ទទួល​បាន​លិខិត​

503
ចែករម្លែក

​កូរ៉េខាងជើង នៅ​ថ្ងៃ​សៅរ៍​ទី​១០​ខែ​សីហា​នេះ បាន​បាញ់​មី​ស៊ី​ល​មិន​ស្គាល់​ប្រភេទ​ចំនួន​២ គ្រាប់​ចូលទៅ​សមុទ្រ ដែល​ជា​ការបាញ់​លើក​ទី​៥ របស់​ខ្លួន​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​។​

​ការបាញ់​នេះ គឺ​បាញ់​ចេញពី​ទីក្រុង​Hamhung ភាគ​ខាងកើត នៅ​ខេត្ត​Hamgyong ហើយ​មី​ស៊ី​ល​ទាំងនេះ បាន​ធ្លាក់​ចូល​សមុទ្រ​ជប៉ុន​។​

​ការបាញ់​ប​នេះ​បាន​កើតឡើង បន្ទាប់​ពី​ប្រធានាធិបតី​អាម៉េរិក លោក ដូ​ណា​ល់ ត្រាំ បាន​និយាយថា​លោក​បាន​ទទួល​” លិខិត​ដ៏​ស្រស់ស្អាត​” មួយ ពី​មេដឹកនាំ​កូរ៉េខាងជើង លោក ​គីម ជុង អ៊ុន​។​

​លោក ដូ​ណា​ល់​ត្រាំ បាន​និយាយថា លោក គីម ជុង អ៊ុន មិន​សប្បាយចិត្ត​នឹង​សមយុទ្ធ​យោធា​រួម​អាម៉េរិក​-​កូរ៉េខាងត្បូង នៅពេល​បច្ចុប្បន្ន នេះ​ទេ​។​

​កូរ៉េ​ខាងជើង​បាន​បាញ់​មី​ស៊ី​ល​និង​រ៉ុកកែត​ជា​បន្តបន្ទាប់​ចាប់តាំងពី លោក ដូ​ណា​ល់ ត្រាំ និង លោក គីម ជុង​អ៊ុន បាន​យល់ព្រម​ក្នុង​កិច្ចប្រជុំ​មួយ​កាលពី​ខែមិថុនា ដើម្បី​ចាប់ផ្តើម​​ការចរចា​អំពី​ការរំលាយចោល​នុយក្លេអ៊ែរ​ឡើងវិញ​។​

​មិនយូរប៉ុន្មាន​នៅ​មុន​ពេល​បាញ់​ចុងក្រោយ​នេះ​ប្រធានាធិបតី​អាម៉េរិក​នេះ​បាន​និយាយ​អំពី​លិខិត​មួយ ដែល​លោក​បាន​ទទួល​ពី​មេដឹកនាំ​កូរ៉េខាងជើង​នេះ​។​

​លោក ដូ​ណា​ល់ ត្រាំ បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​នៅ​សេត​វិមាន​ថា​” វា​គឺជា​លិខិត​វិជ្ជមាន​មួយ​។ ខ្ញុំ​គិតថា​យើង​នឹង​មាន​ការប្រជុំ​មួយ​ផ្សេង​ទៀត​។ លោក​បាន​សរសេរ​៣​ទំព័រ​​ដ៏​ស្រស់ស្អាត គឺ ខ្ញុំ​ចង់​មានន័យថា អស្ចារ្យ​ពីលើ​ចុះក្រោម គឺជា​លិខិត​ដ៏​ល្អ​អស្ចារ្យ “​។​

​របប​កូរ៉េខាងជើង​នេះ បាន​សម្តែង​ការ​ខឹងសម្បារ​ចំពោះ​សមយុទ្ធ​យោធា​អាម៉េរិក – កូរ៉េខាងត្បូង ដោយ​បញ្ជាក់​ថា សមយុទ្ធ​នេះ​រំលោភ​លើ​កិច្ចព្រមព្រៀង​ដែល​បាន​សម្រេច​បាន​​ជាមួយ​លោក ដូ​ណា​ល់​ត្រាំ និង ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក មូន ជែ អ៊ី​ន ។​

​សមយុទ្ធ​រួម​នេះ គ្រោង​នឹង​ចាប់ផ្តើម​ធ្វើ​នៅ​ថ្ងៃទី​១១​ខែ​សីហា​នេះ​៕​ដោយ​៖​សុខា​/sn

មី​ស៊ី​ល​មួយ ត្រូវ​បាន​បាញ់ ក្នុងពេល​បាញ់​សាកល្បង​នៅ​ទីតាំង​មួយ​នៅ​កូរ៉េខាងជើង​