កូរ៉េខាងជើង​បាញ់​វត្ថុ​ផ្លោង​ក្រោយ​និយាយថា​នឹង​ជួប​ប្រជុំ​ជាមួយ​អាម៉េរិក​

289
ចែករម្លែក

​កូរ៉េ​ខាងជើង​បាន​បាញ់​កាំជ្រួច​ផ្លោង​យ៉ាងតិច​២​ដើម​នៅ​ឯនាយ​ឆ្នេរ​ខាងកើត​របស់ខ្លួន​កាលពី​ថ្ងៃ​ពុធ​ទី​០២​តុលា នៅក្នុង​ការបាញ់​បង្ហោះ​មួយ​នៅពេល​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​​មន្ត្រី​កូរ៉េ​ខាងជើង​បាន​និយាយ​ថា​នឹង​បន្ត​កិច្ច​ពិភាក្សា​ជាមួយ​អាម៉េរិក​ស្តីពី​កម្មវិធី​នុយគ្លេអ៊ែរ​របស់ខ្លួន​។​

​ជប៉ុន​បាន​និយាយថា កាំជ្រួច​ផ្លោង​ត្រូវ​បាន​បាញ់​ចេញ​ខណៈពេល​ដែល​យោធា​កូរ៉េខាងត្បូង​នៅ​មិនទាន់​អាច​កំណត់​ថា​វត្ថុ​ផ្លោង​ដែល​ត្រូវបាន​បាញ់​ចេញពី​ក្រុង វ៉ុន​សាន ខេត្ត​​កាង​វ៉ុន​នោះ​ជា​អ្វី​នៅ​ឡើយ​ទេ​។​

​នាយខុទ្ទកាល័យ​ជប៉ុន លោក​យ៉ូ​ស៊ី​ហ៊ី​ដេ ស៊ូ​ហ្កា បាន​និយាយថា​កាំជ្រួច​មួយ​ទំនងជា​ធ្លាក់​ចូល​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​ជប៉ុន​នៅ​នាយ​ឆ្នេរ​តំបន់​ស៊ី​ម៉ា​ណេ​។​

​កូរ៉េខាងជើង​ដែលមាន​ទម្លាប់​ដំឡើងថ្លៃ​ខ្លួន​ក្នុង​ការចរចា​ជាមួយ​អាម៉េរិក​តាមរយៈ​ការបង្ក​រឿង​ផ្នែក​យោធា បាន​បាញ់​កាំជ្រួច​ជា​លើកចុងក្រោយ​កាល​ពី​មួយ​ខែ​មុន នៅ​ពេល​តែ​​ប៉ុន្មាន​ម៉ោង​ក្រោយ​និយាយថា​ខ្លួន​មាន​បំណង​ចាប់ផ្តើម​កិច្ចពិភាក្សា​នុយគ្លេអ៊ែរ​ជាមួយ​អាម៉េរិក​ឡើងវិញ​។​

​ការបាញ់​បង្ហោះ​កាលពី​ថ្ងៃ​ពុធ​កើតឡើង​ក្រោយពី​សារព័ត៌មាន​រដ្ឋ​កូរ៉េ​ខាងជើង​បាន​រាយការណ៍​ថា​ខ្លួន​នឹង​ចាប់ផ្តើម​កិច្ចពិភាក្សា​ថ្នាក់​ការងារ​ស្តីពី​ការរំសាយ​នុយគ្លេអ៊ែរ​នៅ​ថ្ងៃ​០៥​តុលា​៕​ដោយ​៖​វាសនា​

បុរស​ម្នាក់​មើល​រូបភាព​ឯកសារ​ស្តីពី​ការបាញ់​កាំជ្រួច​របស់​កូរ៉េខាងជើង​នៅ​ស្ថានីយ​រថភ្លើង​ក្នុង​ក្រុង​សេ​អ៊ូ​ល​