កូរ៉េខាងជើង​បាញ់​វត្ថុ​ផ្លោង​ពីរ​និង​ច្រាន​ចោល​ការចរចា​ជាមួយ​កូរ៉េខាងត្បូង​

392
ចែករម្លែក

​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​សុក្រ​ទី​១៦​សីហា​បាន​បាញ់​វត្ថុ​ផ្លោង​២​គ្រាប់​ចូលក្នុង​សមុទ្រ បន្ទាប់​ពី​ប្រទេស​កុំម្មុយនីស្ត​នេះ​បាន​ពណ៌នា​ប្រធានាធិបតី​កូរ៉េខាងត្បូង​ថា​ជា​«​មនុស្ស​មិន​​សុភាព​»​និង​បាន​ប្តេជ្ញា​ថា កិច្ច​ពិភាក្សា​រវាង​កូរ៉េ​ខាង​ទាំង​ពីរ​បាន​ចប់​ហើយ​។​

​កូរ៉េខាងជើង​ប្រឆាំងនឹង​សមយុទ្ធ​យោធា​រួម​រវាង​កូរ៉េ​ខាងត្បូង​និង​អាម៉េរិក ដែល​បាន​ចាប់ផ្តើម​កាលពី​សប្តាហ៍​មុន​ដោយ​បាន​ហៅ​វា​ថា​ជា​ការហាត់​សម​ដើម្បី​សង្គ្រាម ហើយ​​បាន​បាញ់​កាំជ្រួច​ចម្ងាយ​ខ្លី​ជាច្រើន​នៅ​ប៉ុន្មាន​សប្តាហ៍​មក​នេះ​ដើម្បី​ជា​សារ​ប្រឆាំង​ជំទាស់​។​

​នាយសេនាធិការ​ចម្រុះ​កូរ៉េខាងត្បូង​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា កូរ៉េ​ខាងជើង​បាន​បាញ់​វត្ថិ​ផ្លោង​ដែល​គេ​មិន​ស្គាល់​ចំនួន​២​ចូល​ក្នុង​សមុទ្រ​នៅឯនា​យក​ឆ្នេរ​ខាង​​កើត​របស់ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​។​

ប្រជាជន​ឈរ​មើល​កម្មវិធី​ទូរទស្សន៍​ដែល​ប្រើ​រូប​ឯកសារ​ដើម្បី​រាយការណ៍​អំពី​ការបាញ់​វត្ថុ​ផ្លោង​ថ្មី​របស់​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​សុក្រ​ទី​១៦​សីហា​

​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​កូរ៉េខាងត្បូង ក៏​បាន​កោះប្រជុំ​ជា​បន្ទាន់​ផង​ដែរ​អំពី​ការបាញ់​បង្ហោះ​ចុងក្រោយ​នេះ​។​

​ចំណែក​ក្រសួង​ការពារជាតិ​ជប៉ុន​បាន​និយាយថា ខ្លួន​មិន​បាន​មើលឃើញ​ការ​គំរាម​សន្តិសុខ​ណាមួយ​ភ្លាមៗ​ចេញពី​ការបាញ់​វត្ថុ​ផ្លោង​ចុងក្រោយ​នេះ​ទេ​។​

​ការបាញ់​បង្ហោះ​កន្លងមក​រហូត​ដល់​ពេល​នេះ​បាន​ធ្វើអោយ​ស្មុគស្មាញ​ការចាប់ផ្តើម​កិច្ច​ពិភាក្សា​រវាង​អាម៉េរិក​និង​កូរ៉េខាងជើង​អំពី​អនាគត​នៃ​កម្មវិធី​នុយគ្លេអ៊ែរ​និង​កាំជ្រួច​​ផ្លោង​របស់​កូរ៉េ​ខាងជើង បន្ទាប់​ពី​វា​បាន​ជាប់គាំង​និង​ទោះជា​មាន​ការ​សន្យាថា​នឹង​ធ្វើអោយ​វា​ដំណើរការ​ឡើងវិញ​ក្រោយ​ជំនួប​រវាង​ប្រធានាធិបតី​អាម៉េរិក ដូ​ណា​ល់ ត្រាំ និង​​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន​កាលពី​ខែ​មិថុនា​ក្តី​។​

​មុន​នេះ​ក្នុង​ថ្ងៃ​១៦​សីហា​ដដែល រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង បាន​ច្រានចោល​សំណើ​មួយ​ពី​ប្រធានាធិបតី​កូរ៉េខាងត្បូង ដើម្បី​បន្ត​កិច្ច​ពិភាក្សា​ជាមួយ​កូរ៉េ​ខាងជើង​និង​នាំ​ឯក​​ភាព​ជាតិ​មក​អោយ​ប្រជាជន​កូរ៉េ​នៅ​យ៉ាងយូរ​ត្រឹម​ឆ្នាំ​២០៤៥​។​

​អ្នកនាំពាក្យ​កូរ៉េខាងជើង​ម្នាក់​បាន​និយាយថា ការបាត់បង់​ច​លន​ការចរចារ​ចា​រវាង​ខាងជើង​និង​ខាងត្បូង​ហើយ​នឹង​ការ​មិន​គោរព​ការសន្យា​ដែល​ត្រូវបាន​ធ្វើឡើង​ក្នុងអំឡុង​​ជំនួប​កំពូល​រវាង​មេដឹកនាំ​របស់​គេ​កាលពី​ឆ្នាំមុន ជា​ការទទួលខុសត្រូវ​ទាំងស្រុង​របស់​កូរ៉េខាងត្បូង​។​អ្នកនាំពាក្យ​រូប​នេះ​ក៏​បន្ត​រិះគន់​សមយុទ្ធ​រួម​គ្នា​រវាង​កូរ៉េ​ខាងត្បូង​និង​អាម៉េរិក​​ថា​ជា​សញ្ញា​នៃ​អារិភាព​ប្រឆាំង​កូរ៉េខាងជើង​។​

​អ្នកនាំពាក្យ​គណៈកម្មាធិការ​សំរាប់​ការបង្រួបបង្រួម​ដោយ​ប្រទេស​ដោយ​សន្តិវិធី បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​«​យើង​គ្មានអ្វី​ត្រូវ​និយាយ​ជាមួយ​អាជ្ញាធរ​កូរ៉េ​ខាង​​ត្បូង និង​ក៏​មិន​គិត​ដល់​ការ​អង្គុយ​ពិភាក្សា​ជាមួយ​ពួកគេ​ជា​ថ្មី​ដែរ​»៕​ដោយ​៖​វាសនា