កូរ៉េខាងជើង​បាញ់​សាកល្បង​មួយទៀត នៅ​ទីតាំង​បាញ់​រ៉ុក្កែត​រយៈ​ចម្ងាយ​ឆ្ងាយ​

287
ចែករម្លែក

កូរ៉េ​ខាងជើង​បាន​និយាយថា ខ្លួន​បាន​ធ្វើ​ការសាកល្បង​ដ៏​សំខាន់​មួយទៀត​ដោយ​ជោគជ័យ​នៅ​ទីតាំង​បាញ់​រ៉ុក្កែត​រយៈ​ចម្ងាយ​ឆ្ងាយ​របស់ខ្លួន ដែល​នឹង​ពង្រឹង​បន្ថែម​​ទៀត​នូវ​កម្មវិធី​នុយក្លេអ៊ែ​រ​យុទ្ធសាស្ត្រ​របស់​ខ្លួន​។​

​ការប្រកាស​នៅ​ថ្ងៃ​សៅរ៍​ទី​១៤​ខែ​ធ្នូ​ធ្វើឡើង​ស្របពេល​ដែល​កូរ៉េខាងជើង​បន្ត​ដាក់​សម្ពាធ​លើ​រដ្ឋបាល​របស់​ប្រធានាធិបតី​អាម៉េរិក​លោក​ដូណាល់ ត្រាំ អំពី​ពេលវេលា​​កំណត់​ចុងឆ្នាំ ដើម្បី​សង្គ្រោះ​ការចរចា​នុយក្លេអ៊ែរ​ដែល​ជាប់គាំង​។​

​បណ្ឌិតសភា​វិទ្យាសាស្ត្រ​ការពារជាតិ​កូរ៉េខាងជើង​មិន​បាន​បញ្ជាក់​អំពី​អ្វី​ដែល​ត្រូវ​បាន​បាញ់​សាកល្បង កាលពី​ថ្ងៃ​សុក្រ​នោះទេ​។​

​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ កូរ៉េ​ខាងជើង​បាន​និយាយថា​ខ្លួន​បាន​ធ្វើ​ការសាកល្បង​ដ៏​សំខាន់​មួយ​នៅ​ទីតាំង​នោះ​ដោយ​ធ្វើឱ្យ​មាន​ការសន្និដ្ឋាន​ថា​វា​ពាក់ព័ន្ធ​នឹង​ម៉ាស៊ីន​​ថ្មី​សម្រាប់​ការបាញ់​បង្ហោះ​អវកាស​ឬ​មី​ស៊ី​ល​ផ្លោង​អន្តរ​ទ្វីប​។​

​សេចក្តីប្រកាស​របស់​កូរ៉េខាងជើង​នេះ​អាច​បង្ហាញ​ថា ប្រទេស​នេះ​កំពុង​ត្រៀម​ធ្វើ​អ្វីមួយ​ដើម្បី​បង្ក​កំហឹង​ដល់​សហរដ្ឋ​អាម៉េរិក ប្រសិនបើ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​​មិន​ទទួលស្គាល់​ការ​ខុសឆ្គង​របស់​ខ្លួន​និង​ធ្វើ​សម្បទាន​ក្នុង​ការចរចា​នុយក្លេអ៊ែរ​ដែល​ជាប់គាំង​នោះទេ​៕​ប្រែ​សម្រួល​៖​សុខា​/sn

ទូរទស្សន៍​នៅ​ស្ថានីយ​រថភ្លើង​ក្រុង​សេ​អ៊ូ​ល បង្ហាញ​រូបភាព​នៃ​ការសាកល្បង​ម៉ាស៊ីន​បាញ់​រ៉ុក្កែត​របស់​កូរ៉េខាងជើង កាលពី​ថ្ងៃទី​៩​ខែ​ធ្នូ​ឆ្នាំ​២០១៩