កូរ៉េខាងជើង​បាញ់​សាកល្បង​កាំជ្រួច​ផ្លោង​នៅឯ​នាយ​ឆ្នេរ​ខាងកើត​

1296
ចែករម្លែក

កូរ៉េខាងជើង​កាលពី​ថ្ងៃ​២៨​កក្កដា​បាន​បាញ់​សាកល្បង​កាំជ្រួច​ផ្លោង​នៅឯ​នាយ​ឆ្នេរ​ខាងកើត​របស់ខ្លួន​នៅពេល​តែ​ប៉ុន្មាន​សប្តាហ៍​​បន្ទាប់ពី​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​សាកល្បង​កាំជ្រួច​ផ្លោង​ឆ្លង​ទ្វីប​ជា​លើកដំបូង​របស់ខ្លួន​។​

​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​អាមេរិក​អនុសេនីយ៍ឯក ចេ​ហ្វ ដាវី​ស បាន​និយាយថា​«​យើង​កំពុង​វាយ​តំលៃ ហើយ​នឹងមាន​ព័ត៌មាន​​ថែមទៀត​ក្នុងពេល​ឆាប់ៗ​»​។​

​យោងតាម​ប្រភព​យោធា ទីភ្នាក់ងារសារព័ត៌មាន​យ៉ុ​ប​ហាប់​របស់​កូរ៉េខាងត្បូង បាន​រាយការណ៍​ថា កូរ៉េខាងជើង​បាន​បាញ់​អ្វីដែល​ទំនងជា​កាំជ្រួច​ផ្លោង​មួយ​ចេញពី​ខេត្ត​ចាង​ហ្កា​ង​ភាគ​ខាងជើង​។​យោធា​បាន​និយាយថា វា​ធ្លាក់​ចូលក្នុង​សមុទ្រ​នៅឯ​នាយ​ឆ្នេរ​ខាងកើត​។​

​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​អាមេរិក បាន​និយាយថា ការបាញ់​នេះ​កើតឡើង​នៅ​ម៉ោង​១៤៤៥ ម៉ោង​សកល តែ​គេ​មិនទាន់​ដឹងថា​តើ​ជា​កាំជ្រួច​ប្រភេទ​អ្វី​ទេ​។​

​ចំណែក​នាយខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​ជប៉ុន បាន​និយាយថា​កាំជ្រួច​នេះ​បាន​ហោះ​ប្រមាណ​៤៥​នាទី​និង​ប្រហែល​ធ្លាក់​នៅក្នុង​ទឹក​នៃ​​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​ជប៉ុន តែ​មិនទាន់មាន​របាយការណ៍​អំពី​ការខូចខាត​ទេ​។​លោក​បញ្ជាក់ថា ការបាញ់​កាំជ្រួច​នេះ​មិនអាច​ទទួល​​យកបាន​និង​ជាការ​រំលោភ​យ៉ាងច្បាស់​លើ​សេចក្តីសំរេចចិត្ត​របស់​អង្គការសហប្រជាជាតិ ។​

​សរុបមក ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ​ចំនួន​៦​លើក​ត្រូវ​បានដាក់​លើ​កូរ៉េខាងជើង​ចាប់តាំងពី​ប្រទេសនេះ​ធ្វើការ​សាកល្បង​ឧ​ប​​ករ​ណ៍​នុយក្លេអ៊ែរ​ដំបូង​នៅ​ឆ្នាំ​២០០៦ តែ​សេចក្តីសំរេចចិត្ត​២​ត្រូវ​បានចេញ​និង​ដាក់​លើ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​កាលពី​ឆ្នាំមុន​។​

​ក្នុងពេល​ជាមួយគ្នា នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ស៊ីន​ហ្សូ អា​បេ បាន​និយាយថា កិច្ចប្រជុំ​មួយ​របស់​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​នឹង​កោះ​ធ្វើ​ឡើង​ហើយ​ជប៉ុន​នឹង​ចាត់វិធានការ​ចាំបាច់​ដើម្បី​ធានា​សុវត្ថិភាព​ពលរដ្ឋ​ជប៉ុន​៕​ដោយៈ​វាសនា​

​រូបភាព​នេះ​ត្រូវ​ថត​កាលពី​ថ្ងៃ​៤​កក្កដា​ឆ្នាំ​២០១៧ ដែល​បង្ហាញ​មេដឹកនាំ​កូរ៉េខាងជើង​ត្រួតពិនិត្យ​កាំជ្រួច​ផ្លោង Hwasong-14​នៅ​​ទីតាំង​មិន​បញ្ជា​ក់មួយ​