កូរ៉េខាងជើង​បានប្រគល់​អ​ធិ​ធាតុ​ទាហាន​អាមេរិក​២០០​នាក់​

3005
ចែករម្លែក

​ប្រធានាធិបតី​អាមេរិក​លោក​ដូ​ណា​ល់ ត្រាំ​បាន​និយាយថា​កាលពី​ថ្ងៃ​ពុធ​ទី​២០​មិថុនា​កូរ៉េខាងជើង​បានប្រគល់​អ​ធិ​ធាតុ​(​ឆ្អឹង​)​ទាហាន​អាមេរិក​ចំនួន​២០០​នាក់​ដែល​បាត់​ខ្លួន​​តាំងពី​សង្គ្រាម​កូរ៉េ តែ​ទោះជា​យ៉ាងណា​មិនមាន​ការបញ្ជាក់​អះអាង​ផ្លូវការ​ពី​អាជ្ញាធរ​យោធា​ទេ​។​

​ត្រាំ​បាន​ប្រាប់​ហ្វូង​អ្នកគាំទ្រ​ក្នុងអំឡុង​ការជួបជុំ​មួយ​នៅ​ក្រុង​ឌូ​លុត រដ្ឋ​មី​ណេ​សូ​តា​ថា​” យើង​ទទួល​វីរបុរស​យើង​មកវិញ អ​ធិ​ធាតុ​ត្រូវបាន​បញ្ជូន​ត្រឡប់មក​ថ្ងៃនេះ ជិត​២០០​អ​ធិ​ធាតុ​ត្រូវបញ្ជូន​ត្រឡប់​វិញ​”​។​

​មន្ត្រី​អាមេរិក ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ កូរ៉េខាងជើង​នឹង​ប្រគល់​អ​ធិ​ធាតុ​មួយចំនួនធំ​មក​បញ្ជាការ​អាមេរិក​នៅ​កូ​​រ៉េ​ខាងត្បូង និង​បន្ទាប់មក​គេ​នឹង​បញ្ជូន​បន្តទៅ​មូលដ្ឋាន​ទ័ពអាកាស​អាមេរិក​នៅ​រដ្ឋ​ហា​វ៉ៃ​។​

​ត្រាំ​បាន​ជួប​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន​នៅ​ជំនួប​កំពូល​ជា​ប្រវត្តិសាស្ត្រ​មួយ​នៅ​សិង្ហ​បុរី​កាលពី​ថ្ងៃ​១២​មិថុនា​និង​បាន​និយាយ​នៅក្នុង​សន្និសីទកាសែត​នៅ​​ពេល​បន្ទាប់មក​ថា​លោក​គីម បាន​យល់ព្រម​ប្រគល់​អ​ធិ​ធាតុ​ទាហាន​អាមេរិក​។​

​សូមបញ្ជាក់ថា ទាហាន​អាមេរិក​ប្រមាណ​៧.៧០០​នាក់​នៅតែ​បាត់​ខ្លួន​ពី​សង្គ្រាម​កូរ៉េ​ឆ្នាំ​១៩៥០-៥៣ ។​ទាហាន​អាមេរិក​ជាង​៣៦.៥០០​នាក់​បាន​ស្លាប់​នៅក្នុង​ជម្លោះ​នេះ​។​

​យោងតាម​ក្រសួងការពារជាតិ​អាមេរិក មន្ត្រី​កូរ៉េខាងជើង​បានបង្ហាញ​ថា​ពួកគេ​មាន​អ​ធិ​ធាតុ​ទាហាន​អាមេរិក​ដល់​ទៅ​២០០​នាក់​៕​ដោយ​៖​វាសនា​

​រូប​តាំងពី​ឆ្នាំ​២០០០ បង្ហាញ​កង​កិត្តិ​យ​សែង​មឈូស​ដាក់​អ​ធិ​ធាតុ​ទាហាន​អាមេរិក​ម្នាក់​ដែល​ត្រូវបាន​បញ្ជូន​មកពី​កូរ៉េខាងជើង​