កូរ៉េខាងជើង​បើក​ខ្សែ​ទូរស័ព្ទ​ទាក់ទង​ឡើងវិញ​ជាមួយ​កូរ៉េខាងត្បូង​

263

​ក្រសួង​បង្រួបបង្រួម​កូរ៉េខាងត្បូង​បាន​និយាយថា កូរ៉េខាងជើង​បានចាប់ផ្តើម​ការប្រាស្រ័យ​ទាក់ទង​ឆ្លងដែន​ជាមួយ​កូរ៉េខាងត្បូង​នៅ​ថ្ងៃ​ពុធ​ទី​៣​ខែមករា ដែលជា​សញ្ញា​ចុងក្រោយ​បំផុត ដែល​បង្ហាញថា​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ចង់​ធ្វើឱ្យ​ចំណងទាក់ទង​មាន​ភាពប្រសើរ​ឡើងវិញ​ជាមួយ​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល បន្ទាប់ពី​មាន​ភាព​តានតឹង​ជុំវិញ​កម្មវិធី​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​។​

​ការបើក​ខ្សែ​ទូរស័ព្ទ​ទាក់ទង​ឡើងវិញ ដែល​បាន​ផ្អាក​នេះ នៅ​ភូមិ​ប៉ាន់​មុន​ជុម ជា​តំបន់​ព្រំដែន ត្រូវបាន​ប្រកាស​ឱ្យដឹង​មុននេះ​ដោយ​លោក រី សុន ក្វុ​ន ប្រធាន​ទំនាក់ទំនង​កិច្ចការ​អន្តរ​កូរ៉េ របស់​កូរ៉េខាងជើង តាមរយៈ​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​។​

​ការបើក​ខ្សែ​ទូរស័ព្ទ​ទាក់ទង​ឡើងវិញ​នេះ​បាន​កើតឡើង​មួយថ្ងៃ​បន្ទាប់ពី​កូរ៉េខាងត្បូង​បានស្នើ​ឱ្យមាន​កិច្ចប្រជុំ​មន្ត្រីជាន់ខ្ពស់​នៅ​សប្តាហ៍​ក្រោ​ដើម្បី​ពិភាក្សា​អំពី​ការចូលរួម​របស់​កូរ៉េខាងជើង​នៅក្នុង​ការប្រកួត​អូឡាំពិក​រដូវរងា​នៅ​ទីក្រុង​ព្យឹ​ង​ចាង ប្រទេស​កូរ៉េខាងត្បូង នៅ​ខែក្រោយ​។​

​ការបើក​បណ្តាញ​ទំនាក់ទំនង​យោធា​ឡើងវិញ​នៅ​តំបន់​ព្រំដែន​តានតឹង​អស់​រយៈពេល​ជិត​២​ឆ្នាំ​មកនេះ ត្រូវបាន​ដឹកនាំ ដោយ​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង អ៊ុន​។ នេះ​បើ​យោង តាម​ទីភ្នាក់ងារសារព័ត៌មាន​កណ្តាល​កូរ៉េ​។​

​មន្ត្រី​ម្នាក់​នៃ​ការិយាល័យ​ប្រធានាធិបតី​កូរ៉េខាងត្បូង​បាន​និយាយថា ការប្រកាស​របស់​កូរ៉េខាងជើង​គឺ​
​ជា​ការវិវឌ្ឍ​ដ៏​សំខាន់​មួយ​ដែល​នឹងធ្វើ​ឱ្យមាន​ការនិយាយ​ទាក់ទង​គ្នា​រវាង​ភាគី​ទាំង​២ គ្រប់ពេលវេលា​។​

​បណ្តាញ​ទំនាក់ទំនង​តាម​ខ្សែ​ទូរស័ព្ទ​បន្ទាន់​នេះ ត្រូវបាន​កាត់ផ្តាច់ បន្ទាប់ពី​កូរ៉េខាងជើង​បាន​បញ្ឈប់​ការទាក់ទង​ផ្ទាល់​ជាមួយ​កូរ៉េខាងត្បូង កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៦៕ ដោយ៖ សុខា

អ្នកដំណើរ​មើល​ទូរទស្សន៍​នៅ​ស្ថានីយ​រថភ្លើង​នៅ​ទីក្រុង​សេ​អ៊ូ​ល ដែល​បង្ហាញ មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ថ្លែង​សុន្ទរកថា​ចូលឆ្នាំ​សកល