កូរ៉េខាងជើង​ផ្ញើ​សារ​រំលែក​ទុក្ខ​ចំពោះ​មរណភាព​អតីត​ជំទាវ​ទីមួយ​កូរ៉េខាងត្បូង​

494
ចែករម្លែក

​កូរ៉េខាងត្បូង​បាន​និយាយ​ថា​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន នឹង​បញ្ជូន​បាច់ផ្កា​និង​សារ​រំលែក​ទុក្ខ​នៅ​ល្ងាច​ថ្ងៃ​ពុធ​ទី​១២​ខែ​មិថុនា​សម្រាប់​ពិធី​បុណ្យ​សព​អតីត​ជំទាវ​​ទី​មួយ​កូរ៉េ​ខាងត្បូង គឺ លោកស្រី​លី ហ៊ី​-​ហូ​(Lee Hee-ho) ដែល​ស្វាមី​ដែល​ស្លាប់​ទៅ​ហើយ​របស់លោក​ស្រី បាន​ធ្វើ​កិច្ច​ជំនួប​កំពូល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​ឪពុក​របស់​លោក គីម ​ជុង​អ៊ុន កាលពី​ឆ្នាំ​២០០០​។​

​ក្រសួង​បង្រួបបង្រួម​កូរ៉េខាងត្បូង​បាន​និយាយ​ថា​មន្ត្រី​កូរ៉េខាងជើង​ច្រើន​នាក់​ដែល​ដឹកនាំ​ដោយ ប្អូនស្រី​របស់​លោក គីម ជុង​អ៊ុន និង លោក​គីម យ៉ូ​ចុង​មន្ត្រីជាន់ខ្ពស់​​កូរ៉េ​ខាងជើង​នឹង​ប្រគល់​បាច់ផ្កា​និង​សារ​នោះ​ទៅ​ក្រុមមន្ត្រី​កូរ៉េខាងត្បូង​នៅ​ភូមិ​ព្រំដែន​មួយ ល្ងាច​ថ្ងៃ​ពុធ​នេះ​។ ប្រធាន​សន្តិសុខ​ជាតិ​និង អនុរដ្ឋមន្ត្រី​នៃ​ក្រសួង​បង្រួបបង្រួម​​របស់​កូរ៉េ​ខាងត្បូង​នឹង​ធ្វើ​ដំណើរ​ទៅកាន់​ភូមិ​Panmunjom​នោះ ដើម្បី​ទទួល​បាច់ផ្កា​និង​សារ​កូរ៉េខាងជើង​នោះ​។​

​កូរ៉េ​ខាងជើង​បាន​បន្ថយ​ល្បឿន​ទំនាក់ទំនង​ការទូត​និង​សកម្មភាព​ទាក់ទង​របស់​ខ្លួន​ជាមួយ​កូរ៉េ​ខាងត្បូង ចាប់តាំងពី​ខែ​កុម្ភៈ​មក គឺ​នៅ​ពេល​ដែល​កិច្ច​ជំនួប​កំពូល​អំពី​នុយ​​ក្លេ​អ៊ែរដ៏​រវាង លោក គីម ជុង​អ៊ុន និង ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បាន​បរាជ័យ ដោយសារ​ការខ្វែងគំនិត​គ្នា​ក្នុង​បន្ធូរបន្ថយ​ទណ្ឌកម្ម​ជា​ថ្នូរ​នឹង​ការរំលាយ​​ចោល​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។​

​លោកស្រី លី ហ៊ី​-​ហូ ដែល​ជា​ភរិយា​របស់​អតីត ប្រធានាធិបតី​កូរ៉េខាងត្បូង លោក​គីម ដេ​ជុង បាន​ស្លាប់​កាលពី​ថ្ងៃ​ចន្ទ ក្នុង​អាយុ​៩៧​ឆ្នាំ​។ ពិធី​បុណ្យ​សព​នេះ​បន្ត​រហូត​ដល់​ថ្ងៃ​សុក្រ​៕​ដោយ​៖​សុខា​/sn

លោកស្រី​លី ហ៊ី​-​ហូ​បាន​ស្លាប់​កាលពី​ថ្ងៃ​ចន្ទ ក្នុង​អាយុ​៩៧​ឆ្នាំ​

ពីឆ្វេង​នៅ​ជួរ​ខាងមុខ គឺ លោក​គីម ដេ​ជុង ​លោក​គីម ជុងអ៊ីល អតីត​មេដឹកនាំ​កូរ៉េ​ខាងជើង​និង លោកស្រី​លី ហ៊ី​-​ហូ​កាន់​ដៃ​គ្នា​ក្នុងពេល​ច្រៀង​ចម្រៀង​”​បង្រួបបង្រួម​ជាតិ​” ​នៅ​ទីក្រុង​ព្យុង​យ៉ាង កាលពី​ឆ្នាំ​២០០០