កូរ៉េខាងជើង​ព្រមាន​ថា សង្គ្រាម​នុយក្លេអ៊ែរ​អាច “​ផ្ទុះឡើង​នៅពេល​ណាមួយ​”

697

​កូរ៉េខាងជើង​បាន​ព្រមាន​ថា​សង្គ្រាម​នុយក្លេអ៊ែរ​អាច​នឹង​ផ្ទុះឡើង​នៅពេល​ណាមួយ ។ ការព្រមាន​នេះ​បានកើត​ឡើង ស្រប​ពេលដែល​សហរដ្ឋ​អាមេរិក​និង​កូរ៉េខាងត្បូង​បានចាប់ផ្តើម​ធ្វើ​សមយុទ្ធ​កងទ័ពជើងទឹក​រួមគ្នា​ក្នុង​ទ្រង់ទ្រាយ​ធំ​បំផុត​នៅ​សមុទ្រ​ខាងកើត​និង​ខាងលិច​នៃ​តំបន់​ឧបទ្វីប​កូរ៉េ​នេះ​។​

​លោក គីម អ៊ី​ន​រី​យ៉ុង ឯកអគ្គរដ្ឋទូត​រង​កូរ៉េខាងជើង​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ប្រទេស​របស់លោក បាន​ក្លាយជា​ប្រទេស​មហាអំណាច​នុយក្លេអ៊ែរ​ទាំងស្រុង ហើយ​បាន​ព្រមាន​ថា “​ទឹកដី​អាមេរិក​ទាំងមូល គឺ​ស្ថិតនៅក្នុង​រង្វង់​វាយប្រហារ​របស់​យើង​”​។​

​លោ​ករី​យ៉ុង​ក៏បាន​ហៅ​កូរ៉េខាងជើង​ថា​ជា “​រដ្ឋ​នុយក្លេអ៊ែរ​ដែលមាន​ការទទួល​ខុសត្រូវ​” ផងដែរ ។​

​លោក​បន្តថា “​ដរាបណា មិនមាន​ប្រទេស​ណា​ចូលរួម​ក្នុង​សកម្មភាព​យោធា​អាមេរិក​ប្រឆាំង​កូរ៉េខាងជើង​នោះ យើង​មិន​មានបំណង​ប្រើប្រាស់​ឬ​គំរាម​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​ប្រឆាំង​ប្រទេស​ណាមួយ​ទៀត​នោះទេ​”​។​

​ការធ្វើ​អត្ថាធិប្បាយ​នេះ​គឺ​ស្រដៀង​គ្នា​ទៅនឹង​ការព្រមាន​ផ្សេងទៀត​ដែល​កូរ៉េខាងជើង​បានធ្វើ​កាល​ពី​ប៉ុន្មាន​ខែ​កន្លងទៅនេះ នៅពេលដែល​ភាព​តានតឹង​បាន​កើនឡើង​ជាមួយ​រដ្ឋបាល​របស់​ដូ​ណា​ល់ ត្រាំ​ប្រធានាធិបតី​អាមេរិក​។ របប​របស់ មេដឹកនាំ​កូរ៉េខាងជើង គីម ជុង អ៊ុន បាន​និយាយ​ជាច្រើនលើក​ថា​ខ្លួន​ត្រូវការ​សមត្ថភាព​ដើម្បី​វាយប្រហារ​សហរដ្ឋអាមេរិក​ជាមួយ​អាវុធ​នុយក្លេអ៊ែរ​ដើម្បី​រារាំង​ការវាយប្រហារ​របស់​អា​មេ​រិ​ក​៕ ដោយ៖ សុខា

គីម ជុង អ៊ុន និយាយ​ជាច្រើនលើក​ថា ខ្លួន​ត្រូវការ​សមត្ថភាព​ដើម្បី​វាយប្រហារ​សហរដ្ឋអាមេរិក​ជាមួយ​អាវុធ​នុយក្លេអ៊ែរ​ដើម្បី​រារាំង​ការវាយប្រហារ​របស់​អា​មេ​រិ​ក