កូរ៉េខាងជើង​រិះគន់​សមយុទ្ធ​យោធា​របស់​កូរ៉េ​ខាងត្បូង​ជាមួយ​អាមេរិក និង​បដិសេធ​វត្ត​មាន​រដ្ឋមន្ត្រីការបរទេស​អាមេរិក​ក្នុងជំនួប​នុយក្លេអ៊ែរ​លើក​ក្រោយ​

221
ចែករម្លែក
  • 11
    Shares

​អង្គការ​ឃោសនា​របស់​កូរ៉េខាងជើង កាលពី​ថ្ងៃ​ព្រហស្បត៍ទី​១៨​មេសា បាន​រិះគន់​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល ចំពោះ​ការធ្វើ​សមយុទ្ធ​យោធា​ជាមួយ​សហរដ្ឋ​អា​មរិក ដែល​ខ្លួន​ហៅ​​ថា​ជា​«​អំពើ​បង្ករឿង​»​ដែល​បំផ្លាញ​សន្តិភាព​នៅលើ​ឧបទ្វីប​កូរ៉េ​។​

​សារព័ត៌មាន​អន​ឡាញ​របស់​រដ្ឋ​Uriminzokkiri​បាន​ថ្កោលទោស​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​ចំពោះ​ការ​ខ្វះ​ចេតនា​ក្នុង​ការអនុវត្ត​កិច្ចព្រមព្រៀង​យោធា​ដែល​ត្រូវបាន​ចុះហត្ថលេខា​​ដោយ​កូរ៉េ​ទាំង​ពីរ​កាលពី​ឆ្នាំមុន ខណៈ​យោធា​កូរ៉េខាងត្បូង​ធ្វើ​សមយុទ្ធ​វាយ​ឡើងគោក​នៅ​ជិត​ទីក្រុង​ប៉ូ​ហាង ក្នុង​ខេត្ត​ក្យុង​សាង​ខាងជើង កាលពី​ថ្ងៃ​៣​មេសា និង​សមយុទ្ធ​មួយ​​ទៀត​កាលពី​ខែ​មីនា​ដែល​ទាហាន​ម៉ា​រី​ន​អាមេរិក​បាន​ចូលរួម​។​

​គេហទំព័រ​សារព័ត៌មាន​នេះ​បាន​និយាយថា លំ​ហាត់​យោធា​ដូច្នេះ​បង្ក​«​ការព្រួយបារម្ភ​និង​កំហឹង​» ព្រមទាំង​ប្រឆាំងនឹង​បំណងប្រាថ្នា​របស់​ប្រជាជន​កូរ៉េ​ដែល​ចង់​បាន​ការ​បង្រួប​​បង្រួម​គ្នា​ឡើងវិញ​។​

Meari គេហទំព័រ​ឃោសនា​មួយទៀត​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង ក៏​បាន​ចេញផ្សាយ​អត្ថបទ​ស្រដៀង​គ្នា ដោយ​បាន​រិះគន់​ការបញ្ជូន​ទាហាន​ម៉ា​រី​ន​អាមេរិក ថា​ជា​«​អំពើ​បង្ក​​រឿង​»​និង​«​ជាការ​លលេង​ជាមួយ​ភ្លើង​ដើម្បី​បង្ក​ការឈឺចាប់​លើ​ពូជសាសន៍​ដូចគ្នា​»​។​

​នៅ​ថ្ងៃ​១៨​មេសា​នេះ​ដែរ កូរ៉េខាងជើង​កាន់តែ​បង្ហាញ​ជំហរ​តឹង​ត្អឹង​ឡើង ដោយ​បាន​និយាយថា​កូរ៉េខាងជើង​លែង​ត្រូវការ​អោយ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ម៉ៃ ផ​ម​ផេវ ចូល​ពាក់​ព័ន្ធ​ក្នុង​កិច្ចពិភាក្សា​នុយក្លេអ៊ែរ​លើក​ក្រោយៗ ដោយ​ស្នើ​អោយ​ជំនួស​នរណា​ម្នាក់​ដែល​«​មាន​ការប្រយ័ត្នប្រយែង​និង​ចាស់ទុំ​ជាង​នៅក្នុង​ការធ្វើទំនាក់ទំនង​»​នេះ​បើ​តាម​ការ​​ប្រកាស​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​កណ្តាល​KCNA របស់​កូរ៉េ​ខាងជើង​។​

KCNA ក៏​បាន​ស្រង់​សម្តី​មន្ត្រី​ក្រសួងការបរទេស​របស់​ខ្លួន​ដែលថា «​គ្មាន​នរណា​អាច​ទស្សន៍ទាយ​បាន​»​អំពី​សភាពការណ៍​នៅ​ឧបទ្វីប​កូរ៉េ បើ​អាមេរិក​មិន​បោះបង់​ចោល​«​មូលហេតុ​​ដើម​»​ដែល​បង្ខំ​អោយ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​អភិវឌ្ឍ​នុយក្លេអ៊ែរ​របស់ខ្លួន​៕​ដោយ​៖​វាសនា​

រថក្រោះ​កូរ៉េខាងត្បូង​K1A2(​ខៀវ​)​និង​M1A2​របស់​អាមេរិក​បាញ់​គ្រាប់​ពិត​ក្នុងអំឡុង​ហ្វឹកហាត់​រួមគ្នា​