កូរ៉េខាងជើង​រិះគន់​សហរដ្ឋអាមេរិក​ចំពោះ​ការរក្សា​ដាក់ទណ្ឌកម្ម

693
ចែករម្លែក

ប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងជើងនៅថ្ងៃអង្គារទី១៦ខែតុលាបានរិះគន់សហរដ្ឋអាមេរិកចំពោះការប៉ុនប៉ងអាក្រក់ក្នុងការរក្សាការដាក់ទណ្ឌកម្មប្រឆាំងរដ្ឋាភិបាលក្រុងព្យុងយ៉ាងដោយចោទប្រកាន់ ប្រធានាធិបតីអាមមេរិក លោក ដូណាល់ ត្រាំ អំពីការរាំងខ្ទប់វឌ្ឍនភាពក្នុងទំនាក់ទំនងអន្តរកូរ៉េ។

សេចក្តីប្រកាសនេះ គំរាមកំហែងដល់ការចរចាររវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងកូរ៉េខាងជើងដោយ លោក ដូណាល់ ត្រាំ ត្រូវបានគេរំពឹងថានឹងធ្វើកិច្ចជំនួបកំពូលលើកទី២ក្នុងពេលឆាប់ៗនេះជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុង អ៊ុន។

នៅក្នុងកិច្ចជំនួបលើកទីមួយរបស់ពួកគេនៅប្រទេសសិង្ហបុរីកាលពីខែមិថុនា ពួកគេបានចុះហត្ថលេខាលើការសន្យាមិនច្បាស់លាស់មួយស្តីពីការលុបបំបាត់អាវុធនុយក្លេអ៊ែរ ប៉ុន្តែមានការរីកចំរើនតិចតួចចាប់តាំងពីពេលនោះមក ដោយភាគីទាំង២នេះបានរិះគន់គ្នាលើអត្ថន័យនៃការសន្យានោះ។

រដ្ឋាភិបាលក្រុងព្យុងយ៉ាងមិនបានធ្វើការសន្យាជាសាធារណៈច្បាស់លាស់ណាមួយក្នុងការបោះបង់ចោលអាវុធរបស់ខ្លួននោះទេ ប៉ុន្តែ បានអំពាវនាវជាច្រើនលើកឱ្យការដាក់ទណ្ឌកម្ម របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលើកម្មវិធីអាវុធរបស់ខ្លួននោះត្រូវបានបន្ធូរបន្ថយ ដោយលើកឡើងអំពីការផ្អាកការសាកល្បងនុយក្លេអ៊ែរនិងមីស៊ីល។

ចំពោះសហរដ្ឋអាមមេរិក រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ប្រកាន់ជំហរថា ចំណាត់ការរបស់ខ្លួននេះនឹងនៅតែបន្តទៅមុខទៀត រហូតដល់ពេលណា រដ្ឋាភិ បាលក្រុងព្យុងយ៉ាង រំលាយចោលអាវុធនុយក្លេអ៊ែរទាំងស្រុងនោះ។

បទអត្ថាធិប្បាយដ៏វែងដែលត្រូវបានចុះផ្សាយដោយសារព័ត៌មានKCNAរបស់កូរ៉េខាងជើង បាននិយាយថា” រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនកំពុងលេង”ល្បិចកល” ប៉ុន្តែ វាទំនងជាមិនអាចបំផ្លាញឱកាសការទូតដ៏កម្រនៃកូរ៉េទាំង២នោះទេ”។

បទអត្ថាធិប្បាយនេះបាននិយាយថា “គោលនយោបាយអមិត្តនិងការធ្វើប្រយោជន៍ទៅវិញទៅមក មិនអាចចូលគ្នាបានឡើយហើយការចរចារនឹងមិនឈានទៅមុខបានទេ ជាមួយនឹងឧបសគ្គដែលហៅថា”ទណ្ឌកម្ម ” នេះ៕ដោយ៖សុខា/sn

រដ្ឋាភិបាលក្រុងព្យុងយ៉ាង ចោទប្រកាន់ លោក ដូណាល់ ត្រាំ ថាបានរាំងខ្ទប់វឌ្ឍនភាពក្នុងទំនាក់ទំនងអន្តរកូរ៉េ