កូរ៉េខាងជើង​លុបចោល​កិច្ចប្រជុំ​ជាមួយ​កូរ៉េខាងត្បូង​នៅ​នាទី​ចុង​ក្រោយ​និង​គំរាម​លុបចោល​ជំនួប​កំពូល​ជាមួយ​អាមេរិក​ដោយសារ​តែ​សមយុទ្ធ​

218

អនុរដ្ឋមន្រ្តីការបរទេសកូរ៉េខាជើងនិយាយថា ប្រទេសលោកមិនមានចំណងធ្វើជំនួបកំពូលណាមួយជាមួយសហរដ្ឋអាមេរិកទេ ប្រសិនបើវាជាការងារតែ”ភាគីម្ខាង”ដែលកំពុងរងសម្ពាធអោយបោះបង់កម្មវិធីនុយក្លេអ៊ែរ។

សេចក្តីថ្លែងការណ៍របស់លោកក្យេ ក្វានកាលពីថ្ងៃពុធទី១៦ឧសភានេះធ្វើឡើងតែប៉ុន្មានម៉ោងបន្ទាប់ពីកូរ៉េខាងជើងបានលុបចោលភ្លាមៗជំនួបថ្នាក់ខ្ពស់មួយជាមួយកូរ៉េខាងត្បូងនៅនាទីចុងក្រោយហើយគំរាមធ្វើដូចគ្នាចំពោះជំនួបកំពូលរវាងលោកគីម ជុងអ៊ុននិង លោកដូណាល់ ត្រាំនៅខែក្រោយ។

កូរ៉េខាងត្បូងនិយាយថា ចំណាត់ការរបស់កូរ៉េខាងជើងក្នុងការលុបចោលកិច្ចប្រជុំថ្នាក់ខ្ពស់នៅនាទីចុងក្រោយ ដោយសារតែសមយុទ្ធតាមទម្លាប់នេះជា”ការសោកស្តាយ”និងទាមទារអោយកូរ៉េខាងជើងវិលមករកការពិភាក្សាជាបន្ទាន់។

មុនព្រឹកថ្ងៃចន្ទ កូរ៉េខាងជើងបានគំរាមលុបចោលកិច្ចប្រជុំថ្នាក់ខ្ពស់មួយជាមួយកូរ៉េខាងត្បូង និងក៏បានគំរាមលុបចោលជំនួបកំពូលមួយនៅខែក្រោយរវាងប្រធានាធិបតី ដូណាល់ត្រាំ និងមេដឹកនាំកូរ៉េខាងជើង គី ម ជុងអ៊ុន ដោយសារតែសមយុទ្ធយោធារវាងទាហានកូរ៉េខាងត្បូងនិងអាមេរិកដែលរដ្ឋាភិបាលក្រុងព្យុងយ៉ាងអះអាងថាជាការហាត់សមសំរាប់ការឈ្លានពាន។

ការប្រកាសដ៏ភ្ញាក់ផ្អើលតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងត្បូងនៅព្រឹកនេះ ទំនងជាធ្វើអោយមានការព្រួយបារម្ភជាថ្មីចំពោះកិច្ចការទូតល្អប្រសើរមិនធ្លាប់មានពីសំណាក់ប្រទេសមួយដែលបានធ្វើការសាកល្បងកាំជ្រួចនិងនុយក្លេអ៊ែរជាបន្តបន្ទាប់កាលពីឆ្នាំមុនដែលប៊ិះរុញតំបន់អោយផ្ទុះសង្រ្គាម។តែវានៅមិនទាន់ច្បាស់ថាតើកូរ៉េខាងជើងមានបំណងពន្លិចចោលរាល់កិច្ចការទូតឬគ្រាន់តែចង់បានការលើកទឹកចិត្តនៅមុនជំនួបនៅថ្ងៃ១២មិថុនា រវាងត្រាំនិងគីម។

សេចក្តីថ្លែងការណ៍ដោយទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េKCNA បានចេញនៅប៉ុន្មានម៉ោងមុនកូរ៉េទាំងពីរជួបគ្នានៅភូមិជាប់ព្រំដែនមួយដើម្បីពិភាក្សារបៀបអនុវត្តកិច្ចព្រមព្រៀងកាលពីពេលថ្មីៗរបស់មេដឹកនាំនៃប្រទេសទាំងពីរដើម្បីបន្ថយភាពតានតឹងតាមព្រំដែននិងធ្វើអោយប្រសើរទំនាក់ទំនងរបស់គេ។

ទីភ្នាក់ងារហៅសមយុទ្ធ២សប្តាហ៍ Max Thunderដែលបានចាប់ផ្តើមនៅថ្ងៃចន្ទទី១៤ឧសភា និងមានការចូលរួមពីយន្តហោះប្រមាណ១០០គ្រឿង ជាការបង្ករឿងយោធាមួយនិងជា”ឧបសគ្គ”មួយដល់ជំនួបកាលពីខែមេសារវាងលោកគីម និងប្រធានាធិបតីកូរ៉េខាងត្បូង មូន ជែអ៊ិន ។

KCNA បាននិយាយថា យន្តហោះអាមេរិកត្រូវបានប្រមូលមកធ្វើការហ្វឹកហាត់ រួមមានយន្តហោះទម្លាក់គ្រាប់បែកB-52 និងយន្តហោះប្រយុទ្ធកំបាំងកាយF-22 ដែលសុទ្ធតែការអាចប្រហារគ្រាប់បែកនុយក្លេអ៊ែរលើកូរ៉េខាងជើង។

តាមរយៈសេចក្តីថ្លែងការណ៍កូរ៉េខាងជើងបាននិយាយថា”អាមេរិកត្រូវតែសញ្ជឹងគិតដោយប្រយ័ត្នប្រយែងអំពីជោគវាសនានៃជំនួបកំពូលកូរ៉េខាងជើង-អាមេរិកចំពេលមានការបង្ករឿងយោធា។យើងតាមដានមើលថាតើអាមេរិកនិងកូរ៉េខាងត្បូងនឹងប្រតិកម្មរបៀបណា”។

សមយុទ្ធប្រចាំឆ្នាំរវាងអាមេរិកនិងកូរ៉េខាងត្បូងជាប្រភពនៃការប្រឈមមុខជាយូរមកហើយរវាងកូរ៉េទាំងពីរ និងពួកអ្នកវិភាគកំពុងចោទសួរថាតើការបន្តរបស់វានឹងរារាំងដល់ដំណើរឆ្ពោះទៅរកភាពល្អប្រសើរនៃទំនាក់ទំនងរវាងប្រទេសទាំងពីរដែរឬយ៉ាងណា។សមយុទ្ធមួយមុនតាមទម្លាប់ធំជាងបច្ចុប្បន្នឆ្ងាយតែត្រូវរដ្ឋាភិបាលក្រុងវ៉ាស៊ីន
តោននិងសេអ៊ូលកាត់បន្ថយទំហំនិងពន្យារពេល។វាត្រូវបានធ្វើឡើងដោយគ្មានការថ្កោលទោសខ្លាំងៗពីកូរ៉េខាងជើងទេ។

នៅក្រុងវ៉ាស៊ីនតោន ក្រសួងការបរទេសអាមេរិក បានបញ្ជាក់ថា លោកគីមកាលពីមុនបានបញ្ជាក់ថា លោកយល់អំពីតំរូវការនិងគោលបំណងរបស់អាមេរិកក្នុងការបន្តសមយុទ្ធព្រោះវាជាផែនការរៀបចំទុកជាយូរមកហើយរបស់ខ្លួនជាមួយកូរ៉េខាងត្បូង។អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបាននិយាយថាអាមេរិកមិនបានឮអ្វីមួយ
ដោយផ្ទាល់ពីកូរ៉េខាងជើងនិងរដ្ឋាភិបាលក្រុងសេអ៊ូលអំពីការផ្លាស់ប្តូរសមយុទ្ធនេះ។

អ្នកនាំពាក្យបានបញ្ជាក់ថា “យើងនឹងបន្តធ្វើវានិងផែនការជួបប្រជុំរវាងប្រធានាធិបតីត្រាំនិងលោកគីម ជុងអ៊ុន”។

ចំណែកក្រសួងការពារជាតិអាមេរិកនិយាយថា សមយុទ្ធយោធានេះជាព្រឹត្តិការណ៍ប្រចាំឆ្នាំតាមទម្លាប់ និងជាការហាត់ការពារខ្លួនសុទ្ធសាធ៕ដោយ៖វាសនា

ទាហានកូរ៉េខាងត្បូងកាលពីថ្ងៃពុធដើរនៅស្ពានជាប់ព្រំដែន ដែលឆ្ពោះទៅកាន់តំបន់គ្មានយោធា ជិតភូមិប៉ានមុនចំ ប្រទេសកូរ៉េខាងត្បូង