កូរ៉េខាងជើង​ហាម​អ្នកទេសចរ​បរទេស​ចូល ដោយសារ​វីរុស​ថ្មី​

146
ចែករម្លែក

​ការី​ទេសចរណ៍​បាន​និយាយថា​កូរ៉េ​ខាងជើង​បាន​ហាម​ក្រុម​អ្នកទេសចរ​បរទេស​ចូល​ប្រទេស​នេះ​ដើម្បី​ការពារ​ប្រឆាំងនឹង​ការរីក​រាលដាល​នៃ​វីរុស​ថ្មី​មកពី​ប្រទេស​​ចិន​។​

​ក្រុមហ៊ុន​ទេសចរណ៍​Young Pioneer Tours បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ការបិទ​ព្រំដែន​កូរ៉េខាងជើង​ជា​បណ្តោះអាសន្ន​នេះ នឹង​ចាប់​​ផ្តើម​នៅ​ថ្ងៃ​ពុធ​ទី​២២​ខែ​មករា​នេះ​។​

​ក្រសួង​បង្រួបបង្រួម​កូរ៉េខាងត្បូង​ដែល​មាន​ការទាក់ទង​ជាមួយ​កូរ៉េ​ខាងជើង​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ខ្លួន​មិន​អាច​បញ្ជាក់​ពី​របាយការណ៍​នេះ​បានទេ​។​

​ក្រុម​អ្នកទេសចរ​បរទេស​ភាគច្រើន​ដែល​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាងជើង​គឺ​ជា​ជនជាតិ​ចិន​ឬ​ជា​ប្រជាជន​ដែល​ធ្វើដំណើរ​ទៅ​ប្រទេស​កូរ៉េ​ខាងជើង​ពី​ប្រទេស​​ចិន​ដែល​ជា​សម្ព័ន្ធមិត្ត​ការទូត​និង​ជា​អ្នកផ្តល់​ជំនួយ​ដ៏​ធំ​បំផុត​របស់​ខ្លួន​។​

​ក្រុមហ៊ុន​ទេសចរណ៍​Young Pioneer Tours ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន​នេះ បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​ថា​សេចក្តីលម្អិត​​បន្ថែម​មិនទាន់​ត្រូវ​បាន​បញ្ជាក់​ដោយ​ក្រុមហ៊ុន​ដៃគូ​កូរ៉េខាងជើង​របស់ខ្លួន​នៅឡើយ​ទេ​។​

​ក្រុមហ៊ុន​ទេសចរណ៍​នេះ បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃ​អង្គារ​ថា “​ប្រសិនបើ​អ្នក​ត្រូវបាន​គេ​កក់​ទុក​កន្លែង​ឱ្យ​សម្រាប់​ដំណើរ​ទេសចរណ៍​​នៅពេល​ខាងមុខ​ទៅកាន់​ប្រទេស​កូរ៉េខាងជើង​នោះ​បុគ្គលិក​របស់​យើង​នឹង​ទាក់ទង​ទៅ​អ្នក​ដើម្បី​បញ្ជាក់​ព័ត៌មាន​លម្អិត​បន្ថែមទៀត​” ។​

​វិស័យ​ទេសចរណ៍​គឺជា​ប្រភព​នៃ​រូបិយប័ណ្ណ​បរទេស​ស្របច្បាប់​មួយ​ក្នុងចំណោម​រូបិយប័ណ្ណ​បរទេស​ស្របច្បាប់​ផ្សេង​ទៀត​ជាមួយ​កូរ៉េខាងជើង ដែល​កំពុង​​ទទួល​ការដាក់ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ​ដោយសារ​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​៕​ប្រែ​សម្រួល​៖​សុខា​

ទេសចរ​បរទេស​ភាគ​ច្រើន​ដែល​ទៅកាន់​ប្រទេស​កូរ៉េ​ខាងជើង​គឺ​ជា​ជនជាតិ​ចិន