កូរ៉េខាងជើង​អះអាងថា​កិច្ចពិភាក្សា​នុយគ្លេអ៊ែរ​ជាមួយ​អាម៉េរិក​បរាជ័យ​ដោយសារ​អាម៉េរិក​នៅ​រក្សា​ជំហរ​ចាស់​

238
ចែករម្លែក

​ប្រធាន​ក្រុម​ចរចា​របស់​កូរ៉េ​ខាងជើង​បាន​និយាយថា កិច្ចពិភាក្សា​នុយគ្លេអ៊ែរថ្នាក់ការងារ​ជាមួយ​អាម៉េរិក​បាន​បរាជ័យ តែ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នៅតែ​ថា​ភាគី​ទាំងពីរ​បាន​មាន​កិច្ច​​ពិភាក្សា​ដ៏​ល្អ​នៅ​ប្រទេស​ស៊ុយ​អ៊ែត​។​

​ប្រធាន​អ្នក​ចរចា​កូរ៉េខាងជើង​លោក គីម ម្យុង ហ្គីល បាន​និយាយថា​កិច្ច​ពិភាក្សា​នៅ​ក្រុង​ស្តុក​ខុម​កាលពី​ថ្ងៃ​សៅរ៍​ទី​៥​តុលា «​មិន​សម​តាម​ការរំពឹង​ទុក​និង​បាន​បរាជ័យ​។​ខ្ញុំ​មិន​​សប្បាយចិត្ត​សោះ​អំពី​វា​»​។​

​លោក​គីម បាន​និយាយថា ការចរចា​បាន​«​បរាជ័យ​ទាំងស្រុង​ដោយសារ​តែ​អាម៉េរិក​មិន​ទម្លាក់ចោល​គោល​ជំហរ​និង​ឥរិយាបទ​ចាស់​របស់​ខ្លួន​»​។​

​តែ​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាម៉េរិក​បាន​និយាយថា សម្តី​របស់​គីម មិន​ឆ្លុះបញ្ចាំង​ខ្លឹមសារ ឬ ស្មារតី​នៃ​កិច្ច​ពិភាក្សា​ដ៏​ល្អ​ដែល​ត្រូវបាន​ធ្វើឡើង​អស់​៨​ម៉ោង​កន្លះ និង​ថា​ភាគី​​អាម៉េរិក​ទទួលយក​ការអញ្ជើញ​របស់​ស៊ុយ​អ៊ែត​ដើម្បី​វិល​ទៅ​បន្ត​ការពិភាក្សា​ឡើង​វិញ​នៅ​កន្លះ​ខែ​ទៀត​។​

​កិច្ចពិភាក្សា​កាលពី​ថ្ងៃ​សៅរ៍​ជា​ជំនួប​លើកដំបូង​រវាង​អាម៉េរិក​និង​កូរ៉េខាងជើង ចាប់តាំងពី​បរាជ័យ​នៃ​ជំនួប​កំពូល​លើក​ទី​២​កាលពី​ខែ​កុម្ភៈ​រវាង​ប្រធានាធិបតី​ដូណាល់ ត្រាំ​និង​​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន​។​កូរ៉េខាងជើង​ចាប់តាំងពី​ពេលនោះ​មក​បាន​បន្ត​សាកល្បង​កាំជ្រួច រួម​ទាំង​កាំជ្រួច​ចេញ​ពី​ក្រោម​ទឹក​ដែល​បាន​ធ្លាក់​ក្នុង​តំបន់​សេដ្ឋកិច្ច​​ពិសេស​ជប៉ុន​កាលពី​ថ្ងៃ​ពុធ​៕​ដោយ​៖​វាសនា​

ប្រធាន​អ្នក​ចរចា​កូរ៉េខាងជើង អាន​សេចក្តីថ្លែងការណ៍​នៅក្រៅ​ស្ថានទូត​កូរ៉េខាងជើង​ក្នុង​ក្រុង​ស្តុក​ខុម​កាលពី​ថ្ងៃ​សៅរ៍