កូរ៉េខាងជើង​អះអាង​អំពី​ការ​សាក​ល្បង​ប្រព័ន្ធ​ជើង​ទម្រ​បាញ់​គ្រាប់​រ៉ុកកែត​ជាថ្មីទៀត​

251
ចែករម្លែក

​កូរ៉េ​ខាងជើង​បាន​និយាយ​នៅ​ថ្ងៃ​សៅរ៍​ទី​៣​ខែ​សីហា​នេះ​ថា មេដឹកនាំ​របស់​ខ្លួន​គឺ លោក គីម ជុង​អ៊ុន បាន​ត្រួតពិនិត្យ​ការបាញ់​សាកល្បង​ប្រព័ន្ធ​បាញ់​រ៉ុកកែត​ថ្មី​ដែល​អាចបង្កើន​​សមត្ថភាព​របស់​ប្រទេស​នេះ​ក្នុងការ​វាយប្រហារ​លើ​គោលដៅ​នានា​នៅ​មូលដ្ឋានទ័ព​កូរ៉េ​ខាងត្បូង​និង​អាម៉េរិក​នៅ​ទីនោះ​។​

​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​កណ្តាល​កូរ៉េ​KCNA របស់​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​នេះ​បាន​កើតឡើង​មួយថ្ងៃ បន្ទាប់​ពី​កងទ័ព​កូរ៉េខាងត្បូង​បាន​និយាយថា​​ខ្លួន​បាន​រកឃើញថា កូរ៉េ​ខាងជើង​បាន​បាញ់​គ្រាប់ផ្លោង​ចំនួន​២ គ្រាប់​ចូល​សមុទ្រ​នៅឯ​ឆ្នេរសមុទ្រ​ភាគ​ខាងកើត​របស់ខ្លួន​នៅក្នុង​ការ​ធ្វើតេស្តិ៍​សាកល្បង​អាវុធ​លើក​ទី​៣​ក្នុង​​រយៈពេល​តែ​ជាង​មួយ​សប្តាហ៍​។​

​ក្រុម​អ្នកជំនាញ​បាន​និយាយថា សកម្មភាព​សាកល្បង​កើន​ឡើង​របស់​កូរ៉េ​ខាងជើង​គឺ​ដើម្បី​បង្កើន​សម្ពាធ​ទៅ​លើ​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​និង​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​អំពី​​ការចរចា​នុយក្លេអ៊ែរ​ដែល​បាន​ជាប់គាំង​ជាមួយ​សហរដ្ឋ​អាម៉េរិក​និង​ការធ្វើ​សមយុទ្ធ​យោធា​ដែល​បាន​គ្រោងទុក​រវាង​សហរដ្ឋ​អាម៉េរិក​និង​កូរ៉េខាងត្បូង​ហើយ​ថា​ការបង្ហាញ​​អាវុធ​របស់​ខ្លួន​នេះ​អាច​នឹង​កើនឡើង​នៅ​ប៉ុន្មាន​ខែ​ខាងមុខនេះ​ប្រសិនបើ​ភាពជឿនលឿន​នៅក្នុង​កិច្ចចរចា មិនបាន​ធ្វើ​ឱ្យ​មាន​នោះ​ទេ​។​

​កូរ៉េ​ខាងជើង​បាន​និយាយថា លោក គីម ជុង​អ៊ុន បាន​ត្រួតពិនិត្យ​ការ​ធ្វើតេស្តិ៍​សាកល្បង​លើក​ទី​មួយ​នៃ​ប្រព័ន្ធ​បាញ់កាំភ្លើង​ផ្លោង​គ្រាប់​រ៉ុកកែត​ដូច​គ្នា​កាលពី​ថ្ងៃ​ពុធ​។ សារព័ត៌​​មាន​KCNA បាន​និយាយថា​លោក គីម ជុង​អ៊ុន​បាន​សម្តែង​ការពេញចិត្ត​យ៉ាងខ្លាំង​ចំពោះ​ការសាកល្បង​កាលពី​ថ្ងៃ​សុក្រ​នោះ ដែល​ខ្លួន​បានបញ្ជាក់​ថា​ជា​ប្រព័ន្ធ​ប្រតិបត្តិការ​​ត្រួតពិនិត្យ​កម្រិត​ខ្ពស់​នៃ​ការហោះហើរ​របស់​ប្រព័ន្ធ​នេះ ការ​ដាន​ការប្រែប្រួល​សមត្ថភាព​ភាពត្រឹមត្រូវ​នៃ​ការវាយប្រហារ​ចំ​គោលដៅ និង​ថាមពល​ផ្ទុះ​ក្បាល​គ្រាប់​នៃ​គ្រាប់​រ៉ុក​​កែ​ត​ខ្លាំង​និង​ទំនើប​នេះ​។​

​ការិយាល័យ​ប្រធានាធិបតី​កូរ៉េខាងត្បូង​បាន​និយាយថា កងទ័ព​អាម៉េរិក​និង​កូរ៉េខាងត្បូង​បាន​វាយតម្លៃ​រួម​គ្នា​ថា ការបាញ់​កាលពី​ថ្ងៃ​សុក្រ​នោះ ទំនង​ជា​មី​ស៊ី​ល​ផ្លោង​រយៈ​​ចម្ងាយ​ខ្លី​។​កងទ័ព​កូរ៉េខាងត្បូង​ក៏​បាន​សន្និដ្ឋានថា អាវុធ​ដែល​កូរ៉េ​ខាងជើង​បាន​សាកល្បង​កាលពី​ថ្ងៃ​ពុធ​គឺជា​មី​ស៊ី​ល​ផ្លោង​៕​ប្រែ​សម្រួល​៖​សុខា​/sn

រូបភាព​ដែល​ចេញ​ផ្សាយ​ដោយ​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃទី​១​ខែ​សីហា​ឆ្នាំ​២០១៩​បង្ហាញ​លោក គីម ជុង អ៊ុន ត្រួតពិនិត្យ​ការបាញ់​គ្រាប់​រ៉ុក​កែត​