កូរ៉េខាងជើង ថា ដូ​ណា​ល់ ត្រាំ បាន “​បង្កាត់ភ្លើង​សង្គ្រាម​”

296

​ទី​ភ្នា​ក់​សារព័ត៌មាន​រុស្ស៊ី ដែល​បាន​ដកស្រង់​សម្តី​របស់​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​១១​តុលា​ថា ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បាន “​បង្កាត់ភ្លើង​សង្គ្រាម​” ជាមួយ​កូរ៉េខាងជើង ហើយ​ថា ប្រទេស​របស់លោក​នឹងត្រូវ​ទូទាត់​សងសឹក​វិញ​ជាមួយនឹង “​ការបាញ់​ខ្លាំង​កា្ល​ដោយ​ភ្លើង​ឆេះ​សន្ធោរ​សន្ធៅ​”​។​

​ភាព​តានតឹង​រវាង​កូរ៉េខាងជើង​និង​សហរដ្ឋអាមេរិក​បាន​កើនឡើង​នៅក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​អំពី​អាវុធ​នុយក្លេអ៊ែរ​និង​កម្មវិធី​មី​ស៊ី​ល​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​។​

​កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​ជាច្រើន ហើយ​បាន​សាកល្បង​អ្វីដែល​ខ្លួន​បាន​និយាយថា​ការ​បំផ្ទុះ​គ្រាប់បែក​សាកល្បង​នៃ​គ្រាប់បែក​អ៊ីដ្រូសែន ស្រប​ពេលដែល​ខ្លូន​បង្កើន​ការអភិវឌ្ឍ​មី​ស៊ី​ល​ដែល​អាច​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ដែល​អាច​វាយប្រហារ​ដ​ល់​ទឹកដី​អាមេរិក​។​

​ដោយបាន​និយាយប្រាប់​ទី​ភ្នា​ក់​សារព័ត៌មាន​Tass​របស់​រុស្ស៊ី លោក រី យ៉ុង ហូ រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង​នេះ​បាន​និយាយថា កម្មវិធី​នុយក្លេអ៊ែរ​របស់​ប្រទេស​លោក បាន​ធានាបាន​នូវ​សន្តិភាព​និង​សុវត្ថិភាព នៅក្នុង​តំបន់ ហើយ​នេះ​នឹង​មិនមែនជា​បញ្ហា​នៃ​ការពិភាក្សា​នោះទេ​។​

​លោក រី និយាយថា “​ជាមួយនឹង​សេចក្តីថ្លែងការណ៍​ឆ្កួតៗ​របស់គាត់ (​ដូ​ណា​ល់ ត្រាំ​) នៅឯ​អង្គការសហប្រជាជាតិ​នោះ ដូ​ណា​ល់ ត្រាំ អ្នក​អាច​និយាយ​អំពី​ការ​គំរាម​ធ្វើសង្គ្រាម​ប្រឆាំង​យើង​បាន ប៉ុន្តែ​យើង​វិញ​នោះ គឺ​មិន​និយាយ​តែ​មាត់​ទេ​។ យើង​ចាំបាច់​វាយប្រហារ​ត​តប​វិញ​ជាមួយនឹង​ការបាញ់​ខ្លាំង​កា្ល​”​។​

​កាលពី​ពេលមុន លោក រី យ៉ុង​ហូ បាន​ហៅ ដូ​ណា​ល់ ត្រាំ ថា​ជា “​ប្រធានាធិបតី​បិសាច​” ហើយ​ការអត្ថាធិប្បាយ​បែបនេះ​របស់លោក ទំនងជា​ធ្វើឱ្យមាន​សង្គ្រាមពាក្យសម្តី​ខ្លាំង​ឡើង​រវាង​ប្រធានាធិបតី​អាមេរិក​នេះ និង មេដឹកនាំ​កូរ៉េខាងជើង គីម ជុង អ៊ុន​។​

​លោក រី និយាយថា “​យើង​ស្ទើរតែ​ឈានដល់​ចំណុច​ចុងក្រោយ​នៅលើ​ផ្លូវ​ឆ្ពោះទៅរក​ការសម្រេច​គោលដៅ​ចុងក្រោយ​របស់​យើង​ដើម្បី​សម្រេចបាន​នូវ​តុល្យភាព​អំណាច​ពិត​ប្រាកដជា មួយ​សហរដ្ឋអាមេរិក​។ ជំហរ​ចម្បង​របស់​យើង​គឺថា យើង​នឹងមិន​យល់ស្រប​ចំពោះ​កិច្ចចរចា​ណាមួយ ដែល​នៅក្នុង​កិច្ចចរចា​នោះ អាវុធ​នុយក្លេអ៊ែរ​រប​ស់​យើង​នឹង​ក្លាយជា​ប្រធានបទ​នៃ​ការចរចា​នោះទេ​”៕ ដោយ៖ សុខា

លោក រី យ៉ុង ហូ រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង