កូរ៉េខាងត្បូង​កាត់បន្ថយ​រយៈពេល​នៃ​ការបំពេញ​កាតព្វកិច្ច​យោធា​

624
ចែករម្លែក

ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបានរាយការណ៍កាលពីថ្ងៃសុក្រថា កងទ័ពកូរ៉េខាងត្បូងនឹងកាត់បន្ថយរយៈពេលនៃកាតព្វកិច្ចចូលបម្រើកងទ័ព។

សារព័ត៌មានYonhap បានរាយការណ៍ថា ក្រោមគម្រោងផែនការកំណែទម្រង់ការពារជាតិ 2.0 ដែលត្រូវបានបញ្ជូនទៅប្រធានាធិបតី ម៉ូន ជែ អ៊ីន កាលពីថ្ងៃសុក្រនោះ រយៈពេលនៃការបម្រើកងទ័ព និងអ្នកចូលបម្រើកងនាវានឹងត្រូវកាត់បន្ថយពី២១ខែមកនៅត្រឹម១៨ខែនៅឆ្នាំ២០២២។

អ្នកដែលបម្រើកងទ័ពជើងទឹកនឹងត្រូវកាត់បន្ថយពី២៣ខែមកនៅត្រឹម២០ខែខណៈដែល អ្នកដែលបម្រើកងទ័ពអាកាសនឹងត្រូវកាត់បន្ថយពី២៤ខែមកនៅត្រឹម២២ខែ។

សេចក្តីរាយការណ៍នេះបាននិយាយថា កងទ័ពក៏មានគម្រោងកាត់បន្ថយចំនួនកងទ័ពសរុបរបស់ខ្លួនពីចំនួនកងទ័ពបច្ចុប្បន្ន ចំនួន៦១៨.០០០ នាក់មកនៅត្រឹម៥០០.០០០នាក់ នៅឆ្នាំ២០២២និង​កាត់បន្ថយចំនួនឧត្តមសេនីយ៍ពី៤៣៦នាក់មកនៅត្រឹម៣៦០នាក់ ផងដែរ។

ផែនការធ្វើកំណែទម្រង់នេះធ្វើឡើង ខណៈដែលកូរ៉េខាងត្បូងព្យាយាមធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពយោធារបស់ខ្លួនដោយសារការរីកចម្រើនផ្នែកបច្ចេកវិទ្យានិង ការប្រែប្រួលប្រជាសាស្រ្តដែលបង្ក ឡើងដោយអត្រាកំណើតទាប៕

កងទ័ពជើងទឹកកូរ៉េខាងត្បូង ចូលរួមការធ្វើសមយុទ្ធយោធាមួយនៅកោះBaengnyeong របស់កូរ៉េខាងត្បូង កាលពីឆ្នាំ២០១៧